
កីឡាករកម្ពុជា ហ៊ឹម សេរី បានម៉ាត់ទៅពោះរបស់អ្នកប្រដាល់ថៃ Ram Bou មុនផ្តួលឲ្យសន្លប់នៅក្នុងទឹកទី៣។ យឺន ពន្លក
ភ្នំពេញ៖ អ្នកប្រដាល់ឆ្នើមៗមួយចំនួន ដែលទទួលបានមេដាយ ឬខ្សែក្រវាត់កំពុង មានកម្រិតវិជ្ជាគុនធ្លាក់ចុះ ក្រោយពីល្បីល្បាញមួយរយៈ ខណៈដែលកីឡាករទម្ងន់ស្រាលជំនាន់ក្រោយមួយចំនួន ត្រូវបានគេពិនិត្យឃើញថា ការប្រកួតមានភាពទាក់ទាញ មានប្រិយភាពខ្លាំង ធ្វើឲ្យមហាជនគាំទ្រច្រើនផងដែរ។
ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅសង្វៀនអាស៊ីអាគ្នេយ៍ កាលពីល្ងាចថ្ងៃអាទិត្យ អ្នកប្រដាល់ទម្ងន់ស្រាលវ័យក្មេង ២ នាក់ គឺ ហ៊ឹម សេរី និង អេលីត ចំរើន បានប្រកួតយកឈ្នះថៃ ដោយមានការគាំទ្រពេញទំហឹង ពីមហាជន ស្របពេលគូល្បីល្បាញកម្រិតខ្ពស់ដូចជា ឃីម ឌីម៉ា ម្ចាស់មេដាយមាស ស៊ីហ្គេម ឆ្នាំ ២០១៧ បានប្រកួតចាញ់ប្រៀបកីឡាករថៃ Kev Kongvan ប៉ុន្តែត្រូវបានគណៈកម្មការរៀបចំប្រកួត យិតយោងឲ្យបានលទ្ធផលស្មើគ្នាទៅវិញ។
ហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យ ដែលវ៉ៃក្នុងទម្ងន់ ៥១ គីឡូក្រាម បានប្រកួតឈ្នះកីឡាករថៃ Ram Bou នៅត្រឹមទឹកទី៣។ នៅក្នុងការប្រកួត២ទឹកដំបូង គឺមានភាពស្វិតស្វាញបំផុត ដោយមិនទាន់ឃើញកីឡាករណា មានប្រៀបជាងគ្នានោះទេ ប៉ុន្តែឈានចូលដល់ទឹកទី៣ ហ៊ឹម សេរី ឡើងជង្គង់បានល្អ ធ្វើឲ្យគូប្រកួតខ្លួនសន្លប់ធំតែម្តង បន្ទាប់ពីលោកអាជ្ញាកណ្តាល ណន រិទ្ធ រាប់ដល់ ៨ ចំនួន ២ លើក។
មានគូជក់ចិត្តមួយទៀតគឺ កីឡាករ អេលីត ចំរើន មកពីក្លិបឆ្មាសសែនសុខគុនខ្មែរ (ពីមុននៅក្លិបផ្សេងដាក់ឈ្មោះ ឯម ចំរើន) បានយកឈ្នះកីឡាករជើងខ្លាំងថៃ Yort Vandy បន្ទាប់ពីប្រកួតគ្នាជក់ចិត្ត ស្វិតស្វាញចំនួន ៤ ទឹក ហើយស្នៀតកែង និងកណ្តាប់ដៃរបស់ ចំរើន វ៉ៃចេញមានប្រសិទ្ធិភាពខ្ពស់ បង្ខំឲ្យ Yort Vandy សន្លប់ នៅទឹកទី៤ ដោយស្មានមិនដល់។

កីឡាករ អេលីត ចំរើន បានធ្លាក់ទៅលើអ្នកប្រដាល់ថៃ Yort Vandy ក្នុងជំនួបកាលពីថ្ងៃអាទិត្យ។យឺន ពន្លក
ចំណែកការប្រកួតរវាងកីឡាករថៃ និងម្ចាស់មេដាយមាស ឃីម ឌីម៉ា និង ឡុង សំណាង ដែលជាកីឡាករជម្រើសជាតិគុនខ្មែរនោះ បានធ្លាក់ការគាំទ្រពីមហាជន ខណៈដែល ឡុង សំណាង បានប្រឹងអស់ពីសមត្ថភាព ស៊ូបានតែ ៤ ទឹក ចំណែកឯ ឃីម ឌីម៉ា បានចាញ់ប្រៀបកីឡាករថៃ ក្នុងការប្រកួតចំនួន ៥ ទឹកពេញ ប៉ុន្តែចប់ការប្រកួត គណៈកម្មការបានយិតយោងឲ្យស្មើគ្នា។
ចំណាត់ការនេះ ជាមនោសញ្ចេតនាមួយ ដែលលើកស្ទួយម្ចាស់មេដាយខ្លាំងពេក នាំឲ្យតម្លៃកិត្តិយសកីឡាករធ្លាក់ចុះ ហើយក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា ការលើកតម្កើងពេកនាំឲ្យកីឡាករបានចិត្ត មិនសូវហាត់ និងគោរពវិន័យបានល្អ ស្របពេលមហាជនភាគច្រើននាំគ្នារិះគន់ថា កម្រិតសមត្ថភាពកីឡាករខ្មែរឈ្នះបានតែកីឡាករថៃ កម្រិតត្រឹម B ឬ C ប៉ុណ្ណោះ បើយកកម្រិត Aរបស់ថៃវិញ គឺចាញ់ដេកទាំងអស់។
លទ្ធផលនេះធ្វើឲ្យអ្នកទស្សនាមិនសូវសប្បាយចិត្ត ព្រោះក្រោយការប្រកួតមានការរិះគន់តាមបណ្តាញហ្វេសប៊ុកចំពោះកីឡាករ ឌីម៉ា យ៉ាង ខ្លាំងដូចជាថា ឌីម៉ា វ៉ៃមហាអន់ និងឈ្នះបានតែថៃអន់ៗប៉ុណ្ណោះ នៅពេលគេល្អដែរ គឺគ្មានក្បាច់វ៉ៃគេទេ ហើយមិនតែប៉ុណ្ណោះការចាញ់ប្រៀបកីឡាករថៃ Kev Kongvan ហើយគណៈកម្មការបានទាញយកមកស្មើ គឺជាវប្បធម៌លម្អៀង ដែលគួរតែកែប្រែ ព្រោះក្រុមអ្នកទស្សនាមិនចូលចិត្ត»។
លោក ហេង ប៊ុនឃីម ជាឪពុកបង្កើតរបស់កីឡាករ ឃីម ឌីម៉ា បាននិយាយថា៖«បើនិយាយពីពិន្ទុតាមបច្ចេកទេស គឺ ឌីម៉ា ចាញ់គេមែន ដោយសារដួលច្រើន និងចាញ់ក្បាច់ឱបឡើងជង្គង់ ប៉ុន្តែគេឲ្យស្មើ វាជារឿងរបស់គណៈកម្មការ កុំមកខឹង និងជេរកូនខ្ញុំថា វ៉ៃមិនកើត ចុះពេលគ្នា មានសមត្ថភាព ឈ្នះបានមេដាយមាស ម៉េចក៏មិនថាផង!»។
លោកបញ្ជាក់បន្ថែមថា៖«ខ្ញុំមិនខ្វល់ពីអ្នកជេរទេ ព្រោះវាមិនយល់ពីកីឡា។ ឌីម៉ា ប្រកួតជាង២០លើក បន្ទាប់ពីឈ្នះមេដាយមាស គឺចាញ់តែ៣លើក ស្មើ១លើកនេះទេ ប៉ុន្តែចំណុចខ្សោយរបស់ ឌីម៉ា គឺចាញ់តែកីឡាករវ៉ៃរត់ប៉ុណ្ណោះ តែបើកីឡាករណាចិត្តសឿងឡើងមកវ៉ៃកុំរត់តតាំងជាមួយគ្នា គឺ ៩៩ ភាគរយ ឌីម៉ា វ៉ៃឲ្យសន្លប់បាន»។
លោក ហេង សុខឃីម បានបន្តថា៖ «ខ្ញុំឆ្ងល់កីឡាករមានចាញ់មានឈ្នះចឹង ហើយបើចាញ់ឲ្យចាញ់ទៅ ឈ្នះឲ្យឈ្នះមក គឺអ្នកណាក៏ចង់បានអ៊ីចឹងដែរ តែនេះជារឿងរបស់គេកុំមកខឹង ឌីម៉ា»៕