ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ Cambodia MTB Series 2018 ដែលបានដំណើរការប្រកួត តាំងពីខែមេសា មកនោះ បានបញ្ចប់ការប្រកួតទាំង ៥ ជុំជាផ្លូវការហើយ ខណៈបរិមាណអ្នកចូលរួម និងលទ្ធផលបច្ចេកទេស ដែលទទួលបាន ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាទោចក្រយាន និងតំណាងម្ចាស់ឧបត្ថម្ភធំរបស់ក្រុមហ៊ុនខ្មែរប៊ែវើរិជីស មានការពេញចិត្ត និងបានវាយតម្លៃស្រដៀបគ្នាថា ទទួលបានជោគជ័យកាន់តែខ្លាំង ជាងការប្រកួត កាលពីឆ្នាំ ២០១៧។
តាមរយៈការប្រកួតកង់ភ្នំ ទាំង ៥ ជុំ ប្រចាំឆ្នាំ ២០១៨ នេះ លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡា ទោចក្រយាន ដែលជាអ្នកគ្រប់គ្រងការប្រកួតនេះដោយផ្ទាល់ គឺមានការចាប់អារម្មណ៍ខ្លាំងទៅលើការប្រកួតជុំទី ៥ ផ្តាច់ព្រ័ត្រ ដែលមានទាំងការបោះតង់ស្នាក់នៅ ១ យប់ នៅគិរីរម្យ កាលពីថ្ងៃអាទិត្យ ដោយមានអ្នកចូលរួមផ្ទាល់ជាង ២៥០ នាក់ ខណៈការប្រកួតជុំទី ១ ធ្វើនៅព្រែកលៀប ជុំទី ២ ធ្វើនៅខេត្តកែប ជុំទី ៣ ធ្វើនៅភ្នំជាល ខេត្តកំពង់ស្ពឺ និងជុំទី ៤ ធ្វើនៅភ្នំប្រសិទិ៍្ធ មានអ្នកចូលរួមចន្លោះពី ១២០ នាក់ទៅ ១៦០ នាក់។
លោកឧកញ៉ា វង្ស ខាន់ពៅ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្រោយបញ្ចប់ការប្រកួតជុំទី ៥ ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យនោះថា៖ «ការប្រកួតជុំទី ៥ នេះ មានអ្នកចូលរួមច្រើនមែនទែន គឺរហូតដល់ជាង ២៥០ នាក់ ខណៈឆ្នាំមុនមានតែ ១៨០ នាក់ទេ អ៊ីចឹង ការកើនឡើងចំនួនអ្នកចូលរួមនេះ ធ្វើឲ្យការប្រកួតរបស់យើង បានបញ្ចប់ដោយជោគជ័យ»។
លោកបានបន្ថែមថា៖ «ការប្រកួតទាំង ៥ ជុំនេះ មានក្មេងៗចូលរួមច្រើន ដែលស្របទៅតាមការចង់បានរបស់សហព័ន្ធ ហេតុនេះខ្ញុំសង្ឃឹមថា ក្រុមហ៊ុនខ្មែរប៊ែវើរិជីស ដែលជាអ្នកឧបត្ថម្ភធំរបស់យើង និងដៃគូសហការផ្សេងទៀត នឹងបន្តឧបត្ថម្ភរៀបចំការប្រណាំងកង់ភ្នំ នៅឆ្នាំ ២០១៩ ព្រោះយើងចង់ពង្រីកការប្រកួតនេះឲ្យកាន់តែធំ ទៅតាមខេត្តផ្សេងៗទៀត ដើម្បីយើងមានលទ្ធភាពកាន់តែច្រើន ក្នុងការជ្រើសរើសអ្នកមានទេពកោសល្យ និងមានសមត្ថភាព ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា»។
សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ នៅលើទីលានល្អបំផុតប្រចាំនៅកម្ពុជា គឺគិរីរម្យ កាលពីព្រឹកថ្ងៃអាទិត្យនោះ ត្រូវបានធ្វើឡើងដោយភាពស្វិតស្វាញបំផុត ពីព្រោះនេះជាការប្រកួតកាត់សេចក្តីចុងក្រោយ ដើម្បីរកម្ចាស់ជើងឯកប្រចាំឆ្នាំ ២០១៨ ហើយអ្នកទទួលបានជយលាភីក្នុងជុំទី ៥ នេះ ក៏ទទួលបានប្រាក់រង្វាន់បន្ថែមផងដែរ។
តាមរយៈការប្រកួតនោះ កីឡា ករជម្រើសជាតិ យឿន ភីយុទ្ធ បានខំប្រឹងប្រកួតយ៉ាងខ្លាំង ដើម្បីទទួលបានលេខ ១ លើវិញ្ញាសាក្រុមជំនាញខ្លាំងបំផុត (A1) ក្នុងជុំទី ៥នេះ ហើយគេក៏បានឈ្នះពានប្រចាំឆ្នាំ ២០១៨ លើវិញ្ញាសានេះផងដែរ តាមរយៈការមានពិន្ទុច្រើនជាង គីម ចាន់ធូ ឯលេខ ៣ បានទៅ សាំង សីហា ដែលកីឡាករទាំង ៣ នេះ មកពីក្លិបកង់ហោះដូចគ្នា។
ចំណែកកីឡាករជើងចាស់ និងជាអ្នកជំនាញរបស់សហព័ន្ធ Pierre Yves Catry បានក្លាយជាម្ចាស់ជើងឯក លើការប្រកួតក្រុមជំនាញខ្លាំង A2 ដែលមានអាយុ ៣០ ឡើង ឯលេខ ២ បានទៅកីឡាករ ប៊ុត ជឿន និងលេខ ៣ បានទៅកីឡាការិនីជាម្ចាស់មេដាយមាសជើងឯកអាស៊ី ហេង ស៊ីវឡាង ដែលចូលប្រកួតជាមួយក្រុមប្រុស។
ដោយឡែកការប្រកួតក្រុមជំនាញមធ្យមមានអាយុពី ១៥ ដល់ ២៩ ឆ្នាំ (B1) លេខ ១ បានទៅកីឡាករ រិន បូរិទ្ធ លេខ ២ សាន ណាម៉ាវ លេខ ៣ វន សាវីន រីឯ ការប្រកួតក្រុមជំនាញមធ្យមមានអាយុ ៣០ ឆ្នាំឡើង (B2) លេខ ១ រិន សុគន្ធ និងលេខ ២ កីឡាករជើងចាស់ វង្ស ឈីវឈូវ ហើយក្រៅពីនោះ ក៏មានការផ្តល់ពានលេខ ១ ប្រចាំឆ្នាំ ២០១៨ និងប្រាក់រង្វាន់ ទៅដល់អ្នកឈ្នះ ក្នុងការប្រកួតតាមកម្រិតអាយុ ចំនួន ៨ វិញ្ញាសាទៀតផងដែរ។
ជាមួយគ្នានេះតំណាងម្ចាស់ឧបត្ថម្ភធំគឺ លោក Michael Sovann ដែលជាប្រធានផ្នែកកម្មវិធី នៃក្រុមហ៊ុនខ្មែរប៊ែវើរិជីស (Khmer Beverages) បានប្រាប់ថា៖ «ខ្ញុំមើលឃើញថា ការប្រកួតកង់ភ្នំ នៅឆ្នាំនេះ គឺមានការប្រសើរពី ១ ជុំទៅ ១ ជុំ ដោយមានអ្នកចូលរួមច្រើន បើប្រៀបធៀបនឹងឆ្នាំមុន ហើយបើយើងមើលទៅលើការរៀបចំ អ្នកចូលរួម និងទំនោររបស់អត្តពលិក ដែលបានចូលរួមកម្មវិធីប្រណាំងកង់នេះ គឺយើងនឹងបន្តឧបត្ថម្ភដល់ សហព័ន្ធ ក្នុងការរៀបចំកម្មវិធីនេះ នៅឆ្នាំក្រោយទៀត»។
លោក Michael បានបន្ថែមថា៖ «បើគិតពីការចំណាយលើការឧបត្ថម្ភជាសាច់ប្រាក់ រួមទាំងការឧបត្ថម្ភជាភេសជ្ជៈ Wurkz និងទឹកបរិសុទ្ធកម្ពុជាជាដើម សម្រាប់ផ្តល់ជូនទៅដល់ម្ចាស់ជយលាភី និងចែកជូនឲ្យប្រើប្រាស់ដោយមិនគិតថ្លៃ ក្នុងពេលប្រកួតទាំង ៥ ជុំនេះ គឺក្រុមហ៊ុនខ្មែរប៊ែវើរិជីស ចំណាយអស់ចូល ២៥០០០ ដុល្លារ ហើយនៅឆ្នាំក្រោយ យើងនឹងមើលពីលទ្ធភាពក្នុងការបំប៉ោងកញ្ចប់ថវិកាឧបត្ថម្ភ ព្រោះយើងចង់ធ្វើឲ្យកម្មវិធីនេះ កាន់តែធំទៅៗ ពី ១ ឆ្នាំទៅ ១ ឆ្នាំ ដើម្បីលើកទឹកចិត្តឲ្យសហព័ន្ធ ក៏ដូចជាអត្តពលិក អាចពង្រឹងសមត្ថភាព បានកាន់តែប្រសើរថែមទៀតសម្រាប់ត្រៀមការប្រកួតនានានៅលើឆាកអន្តរជាតិ»៕