ភ្នំពេញៈ ក្រុមអ្នកជិះកង់ប្រភេទឡើងភ្នំ ឬកង់ភ្នំ មកពីរាជធានី-ខេត្តចំនួន ៥ ដែលមានគ្នាចំនួន ១៥៦ នាក់ នឹងត្រូវធ្វើការប្រជែងគ្នា សម្រាប់ការប្រកួតជុំទី ២ នៃព្រឹត្តិការណ៍កីឡាប្រណាំងកង់ភ្នំ Cambodia MTB Series 2018 នៅលើភ្នំមួយ ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។
សម្រាប់ការប្រកួតនៅលើទីលានថ្មី ដែលមានផ្លូវឡើងភ្នំ ចុះភ្នំ ទំនាប និងត្រូវជិះឆ្លងកាត់ព្រៃ អមដោយ ធម្មជាតិនិងបរិយាកាសដ៏អំណោយផលនោះ វានឹងក្លាយជាពេលវេលាដ៏ល្អបំផុត សម្រាប់ក្រុមកីឡាករសរុប ២០ នាក់ ដែលទទួលបានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៥ លើកម្រិតអាជីព និងជំនាញ A1,A2, B1 និង B2 ពីការប្រកួតជុំទី ១ នៅទីលានព្រែកលៀប កាលពីថ្ងៃទី ២៩ មេសាកន្លងមកនេះ ត្រូវបន្តការប្រជែងគ្នា ដើម្បីឆ្ពោះទៅរកការឈ្នះតំណែងជើងឯក ប្រចាំឆ្នាំ ២០១៨ នេះ ខណៈព្រឹត្តិការណ៍នេះមានការប្រកួតសរុបរហូតដល់ ៥ ជុំឯណោះ។
ជាមួយគ្នានេះ ការកើនឡើងនៃចំនួនអ្នកចូលរួម ពិសេសវត្តមានរបស់យុវជនប្រមាណពាក់កណ្តាល នៃចំនួនអ្នកចូលរួមសរុបចំនួន ១៥៦ នាក់នោះ វាបានឆ្លុះបញ្ចាំងឲ្យឃើញពីការកើនឡើងនៃអ្នកចូលចិត្តជិះកង់ ហើយក្មេងៗ ដែលមានអាយុក្រោម ១៣ ឆ្នាំ និងអ្នកមានវ័យចំណាស់ ក៏បានចូលរួមក្នុងការប្រកួតនេះច្រើនផងដែរ។
លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡា ទោចក្រយាន បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «ការប្រកួតនេះមានអ្នកចូលរួមចំនួន ១៥៦ នាក់ គឺមានការកើនឡើងជាង ២០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៧ ហើយអ្នកទាំងនេះភាគច្រើនមានមកពីភ្នំពេញ ខេត្តសៀមរាប កំពង់សោម បាត់ដំបង និងខេត្តកណ្តាល»។
លោកបានបន្តថា៖ «ការកើនឡើងនៃចំនួនអ្នកចូលរួមក្នុងការប្រកួតជុំទី ២ នៅឆ្នាំនេះ វាបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពផុសផុលនៃវិស័យកីឡាប្រណាំងកង់ នៅកម្ពុជា ហើយនេះជាចំណុចដ៏ល្អ ដែលយើងអាចជ្រើសរើសបានអត្តពលិកមានគុណភាពសម្រាប់ត្រៀមដាក់ចូលក្នុងក្រុមជម្រើសជាតិក៏ដូចជាទាក់ទាញឲ្យប្រជាពលរដ្ឋ ពិសេសយុវជនរបស់យើង ឲ្យមកចូលរួមការប្រណាំងកង់នេះ កាន់តែច្រើនថែមទៀត»។
គួរបញ្ជាក់ថា ក្រៅពីការប្រកួតរបស់ក្រុមកម្រិតខ្ពស់ (A1) កម្រិតជំនាញ (A2) ពីអាយុ ៣០ ឡើង កម្រិតជំនាញមធ្យម (B1) ពីអាយុ ១៥ ដល់ ២៩ ឆ្នាំ និង B2 សម្រាប់អាយុ ៣០ ឆ្នាំឡើង គឺការប្រកួត Cambodia MTB Series 2018 ក៏មានរៀបចំឲ្យមានការប្រកួតកម្រិតយុវជនមិនទាន់មានបទពិសោធ (C1) ពីអាយុ ១៤ ដល់ ១៧ ឆ្នាំ រួមទាំងកម្រិតអ្នកមិនទាន់មានបទពិសោធ (C2) ពី ១៨ ដល់ ២៩ ឆ្នាំ, កម្រិតអ្នកគ្មានបទពិសោធ (C3) ពីអាយុ ៣០ ដល់ ៣៩ ឆ្នាំ, កម្រិត Masters អាយុ ៤០ ឆ្នាំឡើង, ការប្រកួតផ្នែកនារី, ការប្រកួតកម្រិតក្មេងៗ K1 ពីអាយុ ៩ ទៅ ១១ ឆ្នាំ និង K2 មានអាយុពី ១២ ដល់ ១៣ ឆ្នាំ ផងដែរ៕