ភ្នំពេញៈ ផ្លូវ​បត់បែន​ឡើង​ភ្នំ ចុះ​ភ្នំ គ្របដណ្តប់​ទៅ​ដោយ​បរិយាកាស និង​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល និង​បន្ថែម​ដោយ​សម្រស់​ទឹក​ធ្លាក់​ជា​ច្រើន​កន្លែង នៅ​គិរីរម្យ នឹង​ក្លាយជា​ទីលាន​ប្រកួត​ដ៏​ល្អ​បំផុត​ដែល​ក្រុម​កង់​ភ្នំ​ត្រូវ​ធ្វើការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​បូក​សរុប​ពិន្ទុ រក​ម្ចាស់​ជើង​ឯក ក្នុង​ការ​ប្រកួត​កង់​ភ្នំ Cambodia MTB Series 2018។

បើទោះបីជា​គិរី​រម្យ នៅ​ឆ្ងាយ​ពី​ភ្នំពេញ​បន្តិច ប៉ុន្តែ​មាន​ក្រុម​អត្តព​លិ​ក​ជំនាញ និង​មិន​ជំនាញ​ជាង ១២០ នាក់​ហើយ បាន​ចុះ​ឈ្មោះ​ចូលរួម​ការ​ប្រកួត​នេះ ហើយ​អ្នក​ទាំង​នោះ បាន​និង​កំពុង​រង់ចាំ​ការ​ប្រកួត​នេះ​ទាំង​អន្ទះ​សា ព្រោះ​ក្រៅ​ពី​​ការ​ប្រកួត​ប្រជែង ក៏មាន​ការ​បោះ​តង់​ស្នាក់​នៅ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ចំនួន ១ ថ្ងៃ ១ យប់ នៅ​លើ​ភ្នំ​គិរីរម្យ ផង​ដែរ ដើម្បី​ត្រៀម​ការ​ប្រកួត ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃ​អាទិត្យ។

លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ការ​ប្រកួត​ជុំ​ទី ៥ ផ្តាច់​ព្រ័ត្រ​នេះ គឺមាន​លក្ខណ​ពិសេស​ជាង​ការ​ប្រកួត ៤ ជុំ​កន្លង​មក ព្រោះ​យើង​មាន​ការ​បោះ​តង់​ស្នាក់​នៅ លើ​ភ្នំ​គិរីរម្យ នា​ថ្ងៃ​សៅរ៍ និង​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។ គិត​ត្រឹម​ថ្ងៃ​នេះ​មាន​អ្នក​ត្រូវ​បោះ​តង់​ជាង ៨០ នាក់ ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​ជាង ១២០ នាក់ ហើយ​ម្នាក់ៗ​បាន​បង្ហោះ​តាម​ហ្វេសប៊ុក បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​សប្បាយ​រីករាយ ទៅ​លើ​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ នៅ​គិរីរម្យ​នេះ»។

ក្រុម​អត្ត​ព​លិ​ក ដែល​ធ្វើ​បានល្អ សម្រាប់​ការប្រកួត ៤ ជុំ កន្លងមក នៅលើ​វិញ្ញាសា​ជំនាញ A1 (ក្រុម​ជំនាញ​ខ្លាំង​បំផុត) A2 (ក្រុម​ជំនាញ​ខ្លាំង មាន​ពី​អាយុ ៣០ ឆ្នាំ​ឡើង) ព្រមទាំង B1 (ក្រុម​ជំនាញ​មធ្យម​ពី​អាយុ ១៥ ដល់ ២៩ ឆ្នាំ) និង B2 (ក្រុម​ជំនាញ​មធ្យម​មាន​អាយុ ៣០ ឆ្នាំ​ឡើង) នឹង​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​គ្នា កាន់​តែ​ខ្លាំង ដើម្បី​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ប្រកួត​ទាំង ៥ ជុំ នឹង​ក្លាយជា​ម្ចាស់​ជើង​ឯក​ទៅ​តាម​ប្រភេទ​វិញ្ញាសា​ទាំង ៤ នេះ ហើយ​ក្រៅ​ពីនោះ ក៏មាន​ការ​ប្រកួត​នៅ​លើ​វិញ្ញាសា​មិន​ជំនាញ​ជាច្រើន​ទៀត រក​អ្នក​ឈ្នះ​ប្រចាំ​ជុំ​ទី ៥ នេះ​ផង​ដែរ។

លោក វង្ស ខាន់​ពៅ បាន​បន្ថែមថា៖ «ដោយសារតែ​ការប្រកួត ៤ ជុំ​កន្លង​មក មាន​ពិន្ទុ​ប្រកៀក​ប្រកិត​គ្នា អ៊ីចឹង​ការ​ប្រកួត​ជុំ​ទី ៥ ផ្តាច់​ព្រ័ត្រ​នេះ គឺ​ពួកគាត់ នឹង​មាន​ការ​ប្រឹង​ប្រែង​ប្រកួត​គ្នា​កាន់​តែ​ខ្លាំង​ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក ប្រចាំ​ឆ្នាំ ២០១៨ ផង និង​ឈ្នះ​ជើង​ឯក ប្រចាំការ​ប្រកួត​ជុំទី ៥ នេះ​ផង ហើយ​ប្រាក់​រង្វាន់​ក៏​នឹង​ទទួល​បាន​កាន់​តែ​ច្រើន ទៅ​តាម​នោះ​ដែរ»។

ជាមួយគ្នានេះ លោក វង្ស ខាន់​ពៅ បានចាត់ទុក​គិរី​វ​ម្យ គឺជា​ទីលាន​ប្រកួត​ដ៏​ល្អ​បំផុត ដែល​មាន​លក្ខណៈ​ស្តង់ដារ មិន​ចាញ់​ទីលាន​ប្រកួត​កង់​ភ្នំ​នៅ​តាម​ប្រទេស​ផ្សេងៗ​នោះ​ទេ ព្រោះ​ក្រុម​ការងារ​បច្ចេកទេស​របស់​សហព័ន្ធ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ឡើង​ភ្នំ ចុះ​ភ្នំ ឆ្លង​កាត់​ទឹក​ជ្រោះ និង​កាត់​ឧបសគ្គ​ដូច​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ដែរ។

លោក​ឧកញ៉ា ដែលមាន​បងប្អួ​ន កូន ក្មួយ សុទ្ធតែជា​ចូលចិត្ត​ការ​ជិះ​កង់ និង​មាន​ប្រពន្ធ​ជា​ម្ចាស់​មេដាយ​ជើង​ឯក​អាស៊ី រូប​នេះ បាន​បញ្ជាក់​ថា៖ «គិរីរម្យ ជាទី​លាន​ប្រកួត​កង់​ភ្នំ ដែល​ល្អ​ជាង​គេ​នៅ​ស្រុក​ខ្មែរ ព្រោះ​អត្តពលិក​ត្រូវ​ជិះ​កង់​ឡើង​ភ្នំ ចុះ​ភ្នំ ឆ្លង​កាត់​ទឹក​ជ្រោះ និង​ឆ្លង​ឧបសគ្គ​ជាច្រើន​ទៀត គឺមាន​លក្ខណៈ​បច្ចេកទេស ដូចគ្នា​ទៅ​នឹង​ការ​ប្រកួត​ស៊ីហ្គេម​ដែរ អ៊ីចឹង​ហើយ​ទើប​យក​ទីតាំង​នេះ​ធ្វើជា​កន្លែង​ប្រកួត​ផ្តាច់​ព្រ័ត្រ​ការ​ប្រណាំង​កង់​ភ្នំ​របស់​យើង ដើម្បី​យើង​អាច​ជ្រើសរើស​បាន​នូវ​អត្តពលិក​មាន​សមត្ថភាព​ពិត​ប្រាកដ សម្រាប់​ដាក់​ឲ្យ​ហ្វឹកហាត់ នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ»៕