ភ្នំពេញ៖ ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លក្ខណៈ​មិត្តភាព​វាល​ឥន្រ្តី លើកទី ​៣ ឆ្នាំ ​២០២០ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​​ពេញ ​១ ថ្ងៃ​ នៅ​វាល​ឥន្ទ្រី ​សង្កាត់​ចោម​ចៅ ​២​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ​កាល​ពី​ថ្ងៃ​អាទិត្យ គឺ​មាន​ទ្រង់ទ្រាយ​កាន់​តែ​ធំ និង​មាន​មហាជន​ចូលរួម​ទស្សនា​យ៉ាង​ច្រើន។

កីឡាករ​ចំនួន ​១១០ នាក់ បាន​​ចូល​រួម​ប្រណាំង ហើយ​ពួក​គេ​ត្រូវ​បាន​​ចែក​​ការ​ប្រកួត​​ជា ​៥ ​ប្រភេទ ​ឬ​កម្រិត​ តាម​សមត្ថភាព​រៀងៗ​ខ្លួន ហើយ​តាម​ការ​ប្រកាស​ពី​គណៈកម្មការ​រៀបចំ​បាន​ឲ្យ​ដឹង​ថា​ ​ព្រឹត្តការណ៍​​នេះ​រៀបចំ​ឡើង​ដោយ​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុម​​ប្រណាំង​ម៉ូតូ​ស្ម័គ្រ​ចិត្ត​មក​ពី​ច្រើន​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ អាជ្ញាធរ​មូលដ្ឋាន ​និង ​លោក ​ហ៊ុន ​ជា ព្រម​ទាំង​​មាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​ប្រេង​រំអិល​ចំនួន ​៣​ និង​សប្បុរសជន​ដែល​​ស្រឡាញ់​ការ​ប្រណាំង​ម៉ូតូ​នេះ​។

លោក​ ពេជ្រ​ សុខា​ ប្រធាន​គ្រប់គ្រង​ការ​ប្រកួត​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «ការ​ប្រណាំង​ម៉ូតូ​នេះ​ ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មាន​មហាជន​ចូល​ទស្សនា​ច្រើន​ជាង ២ ​ឆ្នាំ​កន្លង​មក ​ដោយ​មាន​បែង​ចែក​ជា ​៥ ​កម្រិត​ ក្នុង​នោះ​​ពូល ​A ​ជា​ការ​​ប្រកួត​តាម​លក្ខណៈ​បច្ចេកទេស​កម្រិត​អាជីព ​ដែល​មាន​កីឡាករ ​១៩ ​នាក់​ចូល​ប្រកួត​គ្នា ដើម្បី​​យក​ជយលាភី​ពី​លេខ ​១​ ដល់​លេខ ​៥​។​

លោក​បន្ត​ថា៖ ​«​ពី​ដំបូង​ការ​ប្រកួត​​នេះ ​មាន​កីឡាករ​មក​ចុះ​ឈ្មោះ​ចំនួន ​១២០ ​នាក់​ ប៉ុន្តែ​ថ្ងៃ​ប្រកួត​ជាក់​ស្តែង​សល់​ត្រឹម ​១១០ ​នាក់ ​ក្នុង​នោះ​មាន​ជនជាតិ​បរទេស​ដូច​ជា​បារាំង​ និង​អីស្រាអែល​ចំនួន ​៩​ នាក់​ផង​ដែរ ​ខណៈ​កម្រិត​បច្ចេកទេស​របស់​ពួក​គាត់ ​មិន​អាច​មាន​ប្រៀប​លើ​កីឡាករ​ខ្មែរ​បាន​នៅ​ឡើយ​។ ​យ៉ាង​ណា​ក៏​ដោយ ​មហាជន​និយម​ចូល​ចិត្ត​ខ្លាំង​ទៅ​លើ​ការ​ប្រណាំង​របស់​ពូល ​A ជា​ពិសេស​វត្តមាន​កីឡាករ​ឆ្នើម​បើកបរ​ក្នុង​ទេពកោសល្យ​ខ្ពស់ ​ដូច​ជា​កីឡាករ​ម្ចាស់​ជើងឯក ​ជា ​លីឃាង ​នេះ​តែ​ម្តង»​។​

ជុំវិញ​ការ​ប្រកួត​របស់​ក្រុម​ពូល ​A លោក ​បង់ ​ស៊ូម ​អ្នក​រៀបចំ​បច្ចេកទេស​បាន​ឲ្យ​​ដឹង​ថា​​ យើង​​មាន​ចែក​ជា​ពូល​ទៅ​តាម​កម្រិត​ដូច​ជា​ ក្មេង​តូចៗ​ វ័យ​ចាស់​ និង​អ្នក​ប្រកួត​កម្សាន្ត​​សប្បាយ​ ប៉ុន្តែ​ក្នុង​នោះ​ពូល ​A គឺ​លេង​ក្នុង​កម្រិត​បច្ចេកទេស​ ដែល​មាន​ការ​ណែនាំ​តាម​ស្តង់ដា​ ពី​សហព័ន្ធ​យានយន្ត​ផង​ដែរ​។

លោក​បន្ត​ថា​ ​នៅ​ក្នុង​ពូល ​A ​កីឡាករ​ទាំង​ ​១៩ ​នាក់​ ​ត្រូវ​ប្រកួត​ប្រណាំង​ចំនួន ​១៦ ​ជុំ ​នៅ​លើ​ទីលាន​​មាន​ឧបសគ្គ ហើយ​​តាមរយៈ​ការ​ប្រណាំង​​ពេញ ​១ ថ្ងៃ​ អាទិត្យ​នេះ កីឡាករ​ពាក់​ស្លាក​លេខ ​១៧ ជា​ លីឃាង​ ​បាន​ជិះ​មក​ដល់​ទី​ផ្តាច់​ព្រ័ត្រ​មុន​គេ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្នុង​ពូល ​A​ ចំណែក​លេខ ​២ ​បាន​ទៅ​កីឡាករ​ឈ្មោះ​ តក់ ​ពាក់​ស្លាក​លេខ ​៧​ ​​លេខ ​៣ ​បាន​ទៅ​កីឡាករ ​Boy ពាក់​ស្លាក​លេខ ​៤​ ​​លេខ ​៤ ​បាន​ទៅ​កីឡាករ ​ញាញ់​ វីរៈ​ ពាក់​ស្លាក​លេខ ​៣​ និង​​លេខ ​៥ ​បាន​ទៅ​កីឡាករ Lux ពាក់​ស្លាក​លេខ ​៨​។​

លោក​ ជា​ និមល ​មន្ត្រី​សម្រប​សម្រួល​កម្មវិធី​បាន​​និយាយ​ថា​៖ «​កម្មវិធី​ឆ្នាំ​នេះ ​យើង​ធ្វើ​ធំ​ជាង ​២ ឆ្នាំ​កន្លង​មក ​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​មាន​ លោក​ ហ៊ុន ​ជា,​ អាជ្ញាធរ ​និង​ក្រុមហ៊ុន​ប្រេង​រំអិល​ចំនួន ​៣ ​មាន ​LIQUI MOLY, MAXXIS, និង​ប្រេង​រំអិល MOTUL​ ព្រម​ទាំង TOP 1 ​ជា​ដើម»​។​

កីឡាករ​ ជា​ លីឃាង​ ដែល​ជា​ម្ចាស់​ជើង​ឯក​បាន​​និយាយ​ថា​៖ «​ខ្ញុំ​សម្រាប់​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លក្ខណៈ​មិត្តភាព​វាល​ឥន្ទ្រី​ចំនួន ​២ លើក​កន្លង​មក​នេះ ខ្ញុំ​ឈ្នះ​ជើង​ឯក​ទាំង ​២ ​លើក​ ហើយ​ឆ្នាំ​ទី ​៣ ​នេះ ​ខ្ញុំ​ឈ្នះ​ម្តង​ទៀត​»។​

ជាមួយ​គ្នា​នោះ នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត ​មុន​ចែក​ពាន​នោះ ​កីឡាករ ​ជា ​លីឃាង​ ត្រូវ​បាន​ជិះ​បង្ហាញ​នូវ​បច្ចេកទេស​បើក ​និង​បង្ហោះ​ម៉ូតូ​យ៉ាង​អស្ចារ្យ ​ដើម្បី​បញ្ចេញ​សមត្ថភាព​ជូន​អ្នក​ទស្សនា​ ហើយ​លោក​​បាន​អះអាង​ថា​៖ ​«ខ្ញុំ​ឈ្នះ​ចំណាត់​ថ្នាក់​លេខ ​១ ​ក្នុង​ព្រឹត្តិការណ៍​នានា​ សរុប ​៥ ​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​»។​

លោក​ ពេជ្រ​ សុខា​ ក្នុង​នាមជា​អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា​ ​នៅ​ឆ្នាំ​ក្រោយ​កម្មវិធី​ប្រណាំង​ម៉ូតូ​លក្ខណៈ​មិត្តភាព​វាល​ឥន្ទ្រី​លើក​ទី​៤​ នឹង​ធ្វើ​ក្នុង​លក្ខណៈ​ធំ​ជា​អន្តរជាតិ​ ខណៈ​​ឆ្នាំ​នេះ មាន​​មហាជន​ចូល​មក​ទស្សនា​ច្រើន​កុះករ ​ដើម្បី​អបអរ​សាទរ​នូវ​សមត្ថភាព​កីឡាករ​ជាតិ​របស់​យើង​ គឺ​មាន​បច្ចេកទេស​ល្អ​ដូច​កីឡាករ​បរទេស​ផង​ដែរ​៕​