ភ្នំពេញ៖ ​កីឡាករ​ថៃ​ទាំង ​២ ​នាក់ សុទ្ធ​តែ​​បាន​សន្លប់ ​ក្រោម​ស្នៀត​កែង ​និង​ជង្គង់​របស់​អ្នក​ប្រដាល់​​កម្ពុជា ក្នុង​ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ ដណ្តើម​​ខ្សែ​ក្រវាត់​ KIC​ នៅ​សង្វៀន​ ONE TV​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ក្នុង​នោះ​ Khav​ Krachang​ ដែល​សន្លប់​ក្រោម​ស្នៀត​កែង​របស់​ ​ម៉ន ​សាម៉េត​ ក្នុង​ទឹក​ទី​២​ ត្រូវ​បាន​គេ​ឃើញ​ថា ​ហាក់​បី​ដូច​ទំនង​ ​ព្រោះ​កម្លាំង​នៃ​ស្នៀត​កែង​វាយ​ប្តូរ​នោះ​ធ្ងន់​ និង​ចំ​គោលដៅ​ល្អ។

ប៉ុន្តែ​ការ​សន្លប់​លឿន​ពេក​​របស់​កីឡាករ​ថៃ​ ​Neong​ Thavat ក្នុង​ទឹក​ទី១​ ក្រោម​ជង្គង់​​អ្នក​ប្រដាល់​​កម្ពុជា ​អេលីត ​ចំរើន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ទំនង​ដូច​ជា​ធ្វើ​ពុត ​និង​មាន​ចេតនា​មិន​ចង់​បន្ត​ការ​ប្រកួត ​បន្ទាប់​ពី​អាជ្ញា​កណ្តាល​បាន​រាប់​ចំនួន ​៨​ ហើយ​ Neong ​Thavat ​មិន​បន្ត​ការ​ប្រកួត​ទៀត​ឡើយ​។​

ការ​​ចាញ់​របស់​ជើង​ខ្លាំង​ថៃ​ Khav​ Krachang ​ដែល​ទទួល​រង​នូវ​ស្នៀត​កែង​របស់​ ម៉ន ​សាម៉េត​ គឺ​បង្ហាញ​ឲ្យ​ឃើញ​នូវ​យុទ្ធសាស្ត្រ​វ៉ៃ​ប្តូរ ​ដើម្បី​ទទួល​បាន​លទ្ធផល​ឈ្នះ ​ហើយ​មាន​ប្រសិទ្ធភាព​ ខណៈ​ដែល​ក្នុង​ដើម​ទឹក​ទី​២ ​ម៉ន ​សាម៉េត ​វាយ​កែង​ចូល​ចំ​គោលដៅ​ល្អ​ ធ្វើ​ឲ្យ​ Khav​Krachang ​វង្វេង​វង្វាន់​ម្តងៗ ​ហើយ​អាជ្ញា​កណ្តាល​រាប់​ចំនួន ​៨ ​មួយ​លើក​រួច​ទៅ​ហើយ​។​

ការ​ប្រកួត​បាន​ឈាន​មក​ដល់​ចុង​ទឹក​ទី២​ ការ​វាយ​សម្រុក​របស់​ ម៉ន ​សាម៉េត ​បន្ថែម​ល្បឿន​ ដោយ​វាយ​កែង​ចូល​​ផ្ទួនៗ​ចំនួន ​២ ​លើក​បន្ថែម​ទៀត ​បណ្តាល​ឲ្យ​ ​Khav​ Krachang​សន្លប់​ស្តូក ​មិន​អាច​ងើប​រួច ​ហើយ​អាជ្ញា​កណ្តាល​បាន​បញ្ឈប់​ការ​ប្រកួត។ ​ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ទាំង ​៣ ​លើក​របស់​ ម៉ន ​សាម៉េត​ ឈ្នះ​ទាំង​អស់ ​មាន ​៩ ​ពិន្ទុ​ និង​កំពុង​ឈរ​លេខ ​២ ​ក្នុង​ពូល ​A ​ខាង​កីឡាករ​កម្ពុជា​។​​

ដោយ​ឡែក​​ការ​ចាញ់​​របស់ ​Neong​ Thavat ​ក្រោម​ជង្គង់​របស់ ​អេលីត​ ចំរើន ​នោះ​ គឺ​មិន​ទំនង​សន្លប់ ​ដែល​មិន​អាច​ងើប​រួច​នោះ​ឡើយ​ ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​​កីឡាករ​ថៃ​រូប​នេះ​ ត្រូវ​ជាប់​សង្ស័យ​ពី​ចេតនា​មិន​ចង់​ឈ្នះ​ ឬ​មិន​ចង់​ឈឺ​ខ្លួន ដោយ​​ចង់​បាន​លុយ​ចាយ​ស្រួលៗ​។ ​តាម​រូបភាព​យឺតៗ​ចាក់​សាឡើង​វិញ ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ស្នៀត​ជង្គង់​របស់​ ​អេលីត ​ចំរើន ​ដែល​បោះ​ចូល​មិន​ដល់​ទ្រូង​នោះ​ទេ​ គឺ​ចំ​ត្រូវ​ត្រឹម​ដៃ ​ប៉ុន្តែ​ Neong​ Thavat ​បែរ​ជា​ធ្វើ​សន្លប់ ​ធ្វើ​ឲ្យ​មហា​ជន​រិះគន់​យ៉ាង​ខ្លាំង​។

លោក ​ចាន់ ​សុទ្ធ​ ប្រធាន​វិនិច្ឆ័យ ​និង​អ្នក​គ្រប់គ្រង​កម្មវិធី ​បាន​ប្រាប់​ថា​៖ ​«​គូ​នេះ​មិន​ទំនង​ហើយ​​មាន​គូ​ប្រកួត​ផ្សេង​ទៀត​ប្រកួត​គ្នា​ មិន​ប្រក្រតី​ ហេតុ​នេះ​ប្រធាន​វិនិច្ឆ័យ​សម្រេច​ធ្វើ​របាយការណ៍​ទៅ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ដើម្បី​បើក​ការ​ប្រជុំ​វាយ​តម្លៃ​ និង​ត្រួត​ពិនិត្យ​ការ​ប្រកួត​នេះ​ឡើង​វិញ​ ដើម្បី​ឲ្យ​មាន​តម្លាភាព​សុក្រឹត​ និង​ការ​ប្រកួត​អស់​ពី​សមត្ថភាព​ ព្រម​ទាំង​ដាក់​ពិន័យ​ដល់​កីឡាករ​ខូច​ខិល​»។​

ចំណែក​លោក ​តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​​មាន​ ប្រសាសន៍​ថា​៖ ​«សហព័ន្ធ​ និង​ក្រុម​ការងារ​បច្ចេកទេស​ ក៏​​ដូច​ជា​ម្ចាស់​សង្វៀន​ នឹង​រួម​គ្នា​ពិនិត្យ​កែ​តម្រូវ​ទៅ​លើ​អ្វី​ដែល​នៅ​ខ្វះ​ចន្លោះ ​និង​មាន​វិធានការ ​ឬ​កំណែ​ទម្រង់​ទៅ​លើ​អ្វី​ដែល​មិន​ត្រឹមត្រូវ»​។

ជាមួយ​ការ​ឈ្នះ​បាន​ ៣ ពិន្ទុ​បន្ថែម​លើក​នេះ បាន​ជួយ​ឲ្យ​កីឡាករ អេលីត ចំរើន បន្ត​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១ ​ប្រចាំ​​ពូល​កម្ពុជា ជា​បណ្តោះ​អាសន្ន ដោយ​មាន​ ៩ ពិន្ទុ​ពេញ ស្មើ​ជាមួយ ម៉ន សាម៉េត និង​ពី​ក្រោយ​ដោយ​កីឡាករ មាស សារ៉ាក់ ដែល​ឈ្នះ​ទាំង​ ២ ​ប្រកួត​ដែរ ប៉ុន្តែ ​យុគ យក្ស​ផ្លែ ​គ្មាន​ពិន្ទុ​មក​ប្រជែង​ជាមួយ​គេ​ទៀត​នោះ​ទេ​​។​

ចំណែក​​កីឡាករ​ថៃ​​ទាំង​ ៤ ​នាក់​ គឺ​​មាន​តែ ​Neong ​Thavat ​និង​ Khav ​krachang នេះ​ឯង ​ដែល​ឈ្នះ​បាន​ម្នាក់​ ១ លើក និង​​មាន​ត្រឹម​ ៤ ​ពិន្ទុ​ដូច​គ្នា ​ហើយ​កម្រិត​សមត្ថភាព ពួក​គេ ​ធ្លាក់​ចុះ​ដែល​លំបាក​ផ្ទឹម​ជាមួយ​កីឡាករ​ខ្មែរ​។ ​ទោះ​ជា​យ៉ាង​ណា​សហព័ន្ធ​ និង​ម្ចាស់​កម្មវិធី ​នឹង​កោះ​ប្រជុំ​នៅ​សប្តាហ៍​នេះ ​ដើម្បី​ពិនិត្យ​រក​ រូបមន្ត​ប្រកួត​ឲ្យ​ល្អ​ឡើង​វិញ​៕​​