ក្រុង​ទូរីន​: កីឡាករ Cristiano Ronaldo បានរុញ​​ឱ្យ​ក្រុម​សេះ​បង្កង់ Juventus ស្ថិត​នៅ​រយៈ​ចម្ងាយ ដែល​អាច​មើល​ឃើញ​ពី​លទ្ធភាព​នៃ​ការបាន​​គ្រង​ពាន​ក្រប​ខ័ណ្ឌ​ Serie A កាល​ពី​ថ្ងៃ​ចន្ទ ជា​មួយ​នឹង​ការ​ប្រើ​ក្បាល​ស៊ុត​បញ្ចូល​ទី ២ គ្រាប់ ដើម្បី​រួមចំណែក​ជួយ​ឱ្យ​ក្រុម​ជើង​ឯក​ចាស់​ឈ្នះ​ក្រុម​បាត​តារាង Crotone ៣-០​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ Ronaldo ទម្លុះ​សំណាញ់​ នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី១ ដើម្បី​បំបាក់​​ការ​ស៊ូ​តបរបស់​ក្រុម​កម្រិត​ទាប Crotone ហើយ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម Juve តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Inter Milan តែ ៨​ ពិន្ទុ​។

ខ្សែ​បម្រើ Weston McKennie បានចូល​រួម​​ជួយ​ធានា​ ៣ ពិន្ទុ​ឱ្យ​ក្រុម ដោយ​ការ​ស៊ុត​បាន​សម្រេច ១ គ្រាប់ នៅ​វគ្គ​ទី២ ដើម្បីបន្ថែម​​ពី​លើ​គ្រាប់​បាល់​របស់​ Ronaldo​។

ក្រុម​របស់​លោក Andear Pirlo បាន​ឡើង​ទៅ​ដល់​ចំណាត់​ថ្នាក់​លេខ ៣ ជាមួយ​នឹង​ជ័យ​ជម្នះ​នេះ និង​ការ​របូត​ពិន្ទុ​ផងដែរ​របស់​​ក្រុម Roma ដែល​ធ្លាក់​ទៅ​លេខ ៤ ដោយសារ​លេង​ស្មើ ០-០ ជាមួយ​ក្រុមម្ចាស់​ផ្ទះ Benevento កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។

ពួក​គេ​កំពុង​តាម ៤ ​ពិន្ទុ​ដែរ​ ពី​ក្រោយ​ក្រុម​លេខ ២ AC Milan ដែល​ប្រកួត​ចាញ់​ដល់​ទៅ ៣ ​ដង ពី​ការ​លេង ៥ ​ហ្គេម​​ចុង​ក្រោយ នៅលីគ​របស់​ខ្លួន ក្នុង​នោះ​រួម​ទាំង​បរាជ័យ​យ៉ាង​ដំណំ​ ៣-០ ក្រុម​ថ្វីជើង​របស់​ Inter អំឡុង​ជំនួប​រវាង​ក្រុម​ក្នុង​ក្រុង​តែ ១​ កាល​ពី​ថ្ងៃ​អាទិត្យ​។

ជាមួយ​គ្នា​នេះ ក្រុម​ Juve ដែល​កំពុង​តាម​ប្រដេញ ដើម្បី​ក្លាយ​​ជា​ជើង​ឯក​លីគ​កំពូលជាលើក​ទី​១០ ​រដូវកាល​ជាប់​ៗ​គ្នា លេង​តិច​ជាងក្រុម​នៅ​ក្រុង​មីឡេនទាំង ២ ចំនួន ១ ប្រកួត ហើយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Inter សម្រាប់​ជំនួប​ចុង​ក្រោយ​នៃ​លីគ នាក្រុង​ទូរីន​។

រីឯ​ក្រុម Crotone នៅ​តែ​ឡើង​មិន​រួច​ពី​បាត​តារាងដដែល​​ ដោយសារ​ការ​​បរាជ័យ​នេះ ដែលជា​ការ​ចាញ់ ៥​ ប្រកួត​បន្តបន្ទាប់​គ្នា​៕ AFP/VN