ក្រុង​ប៊ែរឡាំង​: គ្រូ​បង្វឹក​របស់​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ លោក Joachim Loew កំពុង​ប្រឈម​ជាមួយ​នឹង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ក្នុង​រយៈ​ពេល ១៤ ​ឆ្នាំ​ នៃ​ការ​កាន់​តំណែង​របស់​លោក បន្ទាប់​ពីក្រុម​រងបរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ប្រវត្តិសាស្ត្រដោយសារក្រុម​គោជល់​អេស្ប៉ាញ ដែល​លទ្ធផល​នេះ បាន​នាំឱ្យ​អតីត​​កីឡាករ និង​បណ្ដាញ​សារព័ត៌មានកាល​ពី​ថ្ងៃ​ពុធ លើក​ជា​សំណួរ​ថា តើ​គាត់​គួរ​នៅ​ដឹក​នាំ​ក្រុម​ទៅ​ប្រកួត​ជើង​ឯក​អឺរ៉ុប នា​ឆ្នាំ​ក្រោយ ឬ​យ៉ាង​ណា​?​

ការ​ចាញ់​ក្នុង​លទ្ធផល ៦-០ នៅក្រុង Seville កាល​ពី​ថ្ងៃ​អង្គារ មិន​ត្រឹម​តែ​ធ្វើ​ក្រុម​អស់​សិទ្ធិ​ឆ្លង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​​នោះ​ទេ ថែម​ទាំង​ជា​បរាជ័យ​ដ៏​សែន​អាម៉ាស់​របស់​អាល្លឺម៉ង់ ក្នុង​រយៈ​ពេល ៨៩​ ឆ្នាំ ខណៈ​អេស្ប៉ាញ មាន​ប្រៀប​ទាំង​ស្រុង សម្រាប់​ការ​ប្រកួត​នៃ​កម្ម​វិធី Nations League​ របស់​អឺរ៉ុប​នេះ​។

កាសែត​ប្រចាំ​ថ្ងៃ Bild បាន​និយាយ​ចំ​ៗ​ ដោយ​ដាក់​ចំណង​ជើង​ទំព័រ​មុខ​របស់​ខ្លួន​ថា៖ «Loew គួរ​តែ​​លា​លែង​»​។

កាសែត​នោះ​បាន​ផ្សាយ​ថា​៖ «​​សល់​ពេល​ ៧​ ខែ​ទៀត​ មុន​ព្រឹត្តិការណ៍ Euro 2020 សហព័ន្ធ​បាល់​ទាត់​អាល្លឺម៉ង់ (FA) ត្រូវ​ឆ្លើយ​នឹង​សំណួរ​ថា តើ​​លោក Joachim Loew នៅ​តែ​ជា​បុគ្គល​ដែល​ស័ក្ដិ​សម​ ក្នុង​ការ​ដឹក​នាំ​ក្រុម​សម្រាប់​ព្រឹត្តិការណ៍​ក្រុម ឬយ៉ាង​ណា​»​។​

កីឡាករ Ferran Torres ស៊ុត​បញ្ចូល​ទី ៣ គ្រាប់​យ៉ាង​អស្ចារ្យ ខណៈ​អេស្ប៉ាញ ធ្វើ​ការ​សង្គ្រុប​​ស្រួល​ៗ ដោយ​ក្រុម​អាល្លឺម៉ង់​របស់​លោក Loew មាន​ការ​តប​ត​វិញ​តិច​តួច​ ខណៈ​​ទី​បំផុត​ពួក​គេ ក៏​បាន​ជួប​នូវ​បរាជ័យ​យ៉ាង​អាម៉ាស់​លើក​ទី១ តាំង​ពីចាញ់​អូទ្រីស ក្នុង​លទ្ធផល​បែប​ហ្នឹង ក្នុង​ឆ្នាំ​ ១៩៣១​។

យ៉ាង​ណា លោក​ Loew បាន​បដិសេធ​មិន​ឆ្លើយ​​សំណួរ​ទាក់​ទង​នឹង​អនាគត​របស់​គាត់ នៅ​ឯ​សន្និសីទ​កាសែត ក្រោយ​ការ​ប្រកួតបញ្ចប់​ទៅ​ថា​៖ «​អ្នក​ត្រូវ​ទៅ​សួរ​អ្នក​ផ្សេង​។ ខ្ញុំ​មិន​អាច​ឆ្លើយ​សំណួរ​នោះ ដោយ​ឯក​ឯង​បាន​ឡើយ​»​។

បើ​យោង​តាម​សេចក្ដី​រាយការណ៍​ជាច្រើន លោក​ Loew និង​ក្រុម​គ្រូបង្ហាត់​របស់​គាត់ បាន​ធ្វើ​ការ​ពិភាក្សា​ពី​វិបត្តិ​នេះ នៅ​ក្រុង​ម៉ុយ​និច កាល​ពី​ថ្ងៃ​ពុធ ជាមួយ​នឹង​ប្រធាន FA អាល្លឺម៉ង់ លោក​​ Keller តែ​អ្នក​ចាត់​ការ​ធំ​រូបនេះ ទំនង​ជា​មិន​អាច​រក្សា​តំណែង​របស់​ខ្លួន​បាន​នោះ​ទេ​។

បុរស​វ័យ ៦០ ​ឆ្នាំ បាន​ដឹក​នាំ​ក្រុម​ឥន្រ្ទី​ដែក​ឱ្យ​លើក​ពាន World Cup 2014 នៅ​ប្រទេស​ប្រេស៊ីល តែ​កេរ្តិ៍​ឈ្មោះ​ដ៏​រុង​រឿង​របស់​លោក ចាប់​ផ្ដើម​អន់​ថយ​យ៉ាង​ខ្លាំង ដោយសារ​លទ្ធផល​ដ៏​សែន​អាក្រក់ ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះ នៅ​​ ៤ ​ឆ្នាំ​បន្ទាប់ នា​ប្រទេស​រុស្ស៊ី ដែល​ក្រុម​អាល្លឺម៉ង់ ឆ្លង​មិន​ផុត​សូម្បី​ពី​វគ្គ​សន្សំ​ពិន្ទុតាម​​ពូល (Group Stage)​។

កុង​ត្រា​របស់​លោក Loew ជាមួយ​សហព័ន្ធ​បាល់​ទាត់​អាល្លឺម៉ង់រហូត​ដល់ World Cup 2022 ហើយ​មើល​ទៅ​រូប​លោក ហាក់​នៅ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រធាន​ដឹកនាំ​​ក្រុម​ជម្រើស​ជាតិ​ លោក Oliver Bierhoff​។

«​យើង​នៅ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​»​។ នេះ​ជា​ការ​អះ​អាង​របស់​លោក Bierhoff ក្រោយ​​ក្រុម​រង​បរា​ជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​នោះ តែ​បាន​សន្យា​ថា នឹង​មាន​ការ​ពិនិត្យ​ពិចារណា​យ៉ាង​ហ្មត់​ចត់​មួយ​។​

ចំណែក​ឯ​លោក Bastian Schweinsteiger ដែល​ជា​អតីត​កីឡាក​ជយលាភី World Cup 2014 ក្រោម​ការ​ដឹកនាំ​របស់​លោក Loew បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះលទ្ធផល និង​ទម្រង់​​លេង​របស់​ក្រុម​អាល្លឺម៉ង់។​

«​មាន​អារម្មណ៍​ថា មិន​មែន​ជា​ក្រុម​បាល់​ទាត់​មួយ​សោះ​ ពោល​គឺ​អត់​មាន​សណ្ដាប់​ធ្នាប់​សោះ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Schweinsteiger ដែល​ជា​អតីត​ខ្សែ​បម្រើ​របស់​ក្រុម​​អាជីព​ Bayern Munich និង Manchester United ហើយ​បច្ចុប្បន្ន ជា​អ្នក​វិភាគ​ឱ្យ​បណ្ដាញ​សារ​ព័ត៌មាន​។

បុរស​វ័យ ៣៦ ​ឆ្នាំ បាន​បន្ថែម​ថា​៖ «​អ្នក​ត្រឹម​តែ​បាន​ឮ​នូវ​ការ​ជជែក​គ្នា​ជា​ភាសា​អេស្ប៉ាញ​។ អ្នក​ត្រូវ​តែ​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​។ ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ មិន​អាច​លេង​បាល់​របៀប​ហ្នឹង​បាន​ទេ​។ ខ្ញុំ​មើល​មិន​ឃើញ​ទាល់​តែ​សោះ​នូវ​ស្ដង់ដាមួយចំនួន​ នៅ​លើ​ទីលាន​»​។

ទស្សនាវដ្ដី​កីឡា​ Sport Bild បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា FA អាល្លឺម៉ង់ កំពុង​ពិចារណា​ពី​គំនិត ក្នុង​​ការ​យក​លោក​ Hansi Flick ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម Bayern មក​ជំនួស​លោក Loew តែ​រឿង​ហ្នឹង ប្រហែល​មិន​អាច​កើត​ឡើង មុន​ព្រឹត្តិការណ៍ Euro 2020 នោះ​ឡើយ​៕ AFP/VN