ភ្នំពេញៈ ខេមរសហព័ន្ធ​កីឡា​ការ៉ាតេដូ កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​បញ្ជូន​អត្តពលិក​ចំនួន​ ៨ ​នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អ៊ីតាលី ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ប្រជែង​រក​មេដាយ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​ ៣០ ឆ្នាំ​ ២០១៩ នៅ​ហ្វីលីពីន​ខាងមុខ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​ខេមរសហព័ន្ធ​កីឡា​ការ៉ាតេដូ​ផង​នោះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​ការបញ្ជូន​អត្តពលិក​ការ៉ាតេដូ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​នេះ​ជា​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​ដែល​មាន​លោក អូន ព័ន្ធមុនីរ័ត្ន ជា​ប្រធាន​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ឈ្នះ​មេដាយ​ក្នុង​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០១៩ នៅ​ហ្វីលីពីន​ព្រោះ​ការហ្វឹកហាត់​ក្នុង​ប្រទេស​មិន​ងាយ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ឡើយ​។

លោក​បន្ត​ថា​៖ «​ជាធម្មតា​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ការហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​មាន​កម្រិត​បច្ចេកទេស ឬ​មាន​សមិទ្ធផល​ល្អ​ជាង​ដោយ​មាន​ទេពកោសល្យ​ល្អ​ខ្លាំង​នៅក្នុង​ពេល​ប្រកួត ហេតុនេះ​កីឡា​ប្រភេទ​ការ៉ាតេដូ​ត្រូវ​តែ​សម្រួច​ឲ្យ​ឈ្នះ​មេដាយ​ថ្នាក់​តំបន់ ពិសេស​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​ ២០១៩​។ ប្រសិន​បើ​គ្មាន​ទស្សនវិស័យ ឬ​ស្វែងរក​ការហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​បាន​ទេ​គឺ​ការប្រកួត​លំដាប់​អន្តរជាតិ ក្រុម​ការ៉ាតេដូ​កម្ពុជា​នៅ​តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ដដែល​»​។

តាម​លោក វ៉ាត់ ចំរើន ដដែល​បាន​ដឹង​ថា​អត្តពកលិក​ទាំង​ ៨ ​នាក់​នេះ​ទទួល​បាន​ការឧបត្ថម្ភ​គាំទ្រ​ពី​លោក អូន ព័ន្ធមុនីរ័ត្ន ដោយ​ទទួល​បាន​ការសហការ​ពី​គ្រូ​ជំនាញ​ឈ្មោះ Romano នៅ​ប្រទេស​អ៊ីតាលី​ដែល​ហ្វឹកហ្វឺន​ពិសេស​មាន​រយៈពេល​ចំនួន​ ៣០ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​អង្គារ​នេះ​រហូត​ដល់​ថ្ងៃទី ​៨ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ទើប​ត្រឡប់​មក​មាតុប្រទេស​វិញ​។

ចំណែក​អត្តពលិក​ជម្រើស​ជាតិ​ទាំង​ ៨ ​នាក់​នោះ​មាន​កីឡាករ ជ្រុន វិរបុត្រ ប្រភេទ​ប្រយុទ្ធ​ទម្ងន់​ ៥៧ ​គីឡូក្រាម លី គួចហាវ ទម្ងន់​ ៥៧ ​គីឡូក្រាម ហន ឆានី ទម្ងន់​ ៥៧ ​គីឡូក្រាម គឹម សុវណ្ណារ៉ា ទម្ងន់​ ៦០ ​គីឡូក្រាម ឆេង ច័ន្ទតារារតនៈ ទម្ងន់​ ៦៨ ​គីឡូក្រាម កាក់ សីលាបញ្ញា មាន​ទម្ងន់​ ៦៨ ​គីឡូក្រាម សឿង វិរៈ ទម្ងន់​​ ៨៤ ​គីឡូក្រាម និង​កីឡាការិនី ឆន ស្រីកា ទម្ងន់​ ៥០ ​គីឡូក្រាម​។

លោក ឡាច ចន្ទតារា គ្រូ​ជម្រើសជាតិ និង​ជា​អគ្គលេខាធិការរង​ខេមរសហព័ន្ធ​កីឡា​ការ៉ាតេដូ​បាន​ឲ្យ​ដឹងថា​៖ «​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​គឺ​បន្ទាប់ពី​ហ្វឹកហាត់​នៅ​ប្រទេស​អ៊ីតាលី អត្តពលិក​ទាំងអស់​ត្រៀម​ខ្លួន​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា ដូចជា​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០១៩ ​នៅ​ហ្វីលីពីន ដោយ​កំណត់​ដណ្តើម​យក​មេដាយ​ក្នុង​កម្រិត​ណា​មួយ​ឲ្យ​បាន​ជូន​ជាតិ​»​។

លោក​បន្ថែម​ថា​៖ «​ជាមួយ​គ្នា​នេះ​យើង​បាន​ត្រៀមខ្លួន និង​ពង្រឹង​សមត្ថភាព​អត្តពលិក​ថ្នាល ឬ​វ័យក្មេង ដើម្បី​ដណ្តើម​យក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​ ៣២ នៅ​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ព្រោះ​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​ត្រូវការ​ឈ្នះ​មេដាយ​គឺ​មិន​អាច​អត់​បាន​នោះ​ទេ​»៕