ភ្នំ​ពេញ: កីឡា​ការិនី​ស្នូឃ័រ​ និង​ប៊ីយ៉ា ​ស្រួង​ ភាវី​ ដ៏​ឆ្នើម​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ នឹង​ត្រូវ​ឈាន​ទៅ​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ហើយ​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាប៊ីយ៉ា​ និង​ស្នូ​ឃ័រ​ជ្រើសរើស​ជើង​ឯក​ពិភព​លោក​ឈ្មោះ​ថា​ 3-Cushion – World​ Championship Ladies លើក​ទី៨ ​នៅ​ប្រទេស​តួកគី​។​

លោក ​គីម​ ម៉ាន់​សីក ​គ្រូ​បង្វឹក​សញ្ជាតិ​កូ​រ៉េ​​ខាង​ត្បូង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ព្រឹក​​មិញ​ថា​៖ «គិត​ទៅ​ស្រួង​ ភាវី ​នៅ​សល់​តែ ២ ​ប្រ​កួត​ទៀត​ប៉ុណ្ណោះ​គឺ​នឹង​ត្រូវ​បញ្ចប់​ ហើយ​ប្រ​សិន​បើ​ឈ្នះ​ ២​​ ទៀត​គឺ​ឈាន​ដល់​ឈ្នះ​មេដាយ​មាស​ហើយ​»​។ ​

លោក​បាន​​បញ្ជាក់​ថា ក្នុង​ដំណើរ​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ភារី បាន​យក​​ឈ្នះ​​​កីឡាការិនី​ដាណឺម៉ាក Jeanette Jensen ក្នុង​លទ្ធផល​ពិន្ទុ​ ២៥​ ទល់​ ៧​ និង​ឈ្នះ​កីឡា​ការិនី​ជប៉ុន ​យ៉ាង​តឹង​តែង​ក្នុង​ពិន្ទុ​ ២៥ ​ទល់ ​២៤​ ដែល​ធ្វើ​ឲ្យ ​ស្រួង​ ភាវី រក្សា​កំណត់​ត្រា​ឈ្នះ​​៣​ប្រកួត​ជាប់​ៗ​​គ្នា​ក្នុង​ពូល​។ ​

លទ្ធផល​ពី​ការប្រកួត​របស់​​កីឡា​ការិនី​កម្ពុជា ស្រួង ភារី (ឆ្វេង) ក្នុង​វគ្គ​៨​នាក់​ចុងក្រោយ​។ រូប​ថត Facebook

ក្នុង​ការ​ប្រកួត​វគ្គ​ ៨ នាក់​ចុង​ក្រោយ ​ស្រួង ​ភាវី​ ធ្វើបាន​កាន់តែ​ល្អ ដោយ​យក​ឈ្នះ​កីឡា​ការិនី​កូឡុំប៊ី ​Claudia Lalinde ដោយលទ្ធផល​ល្អ​ជាង​មុន​ ៣០ ​ទល់ ​១៦ ​ពិន្ទុ ដើម្បី​បន្ដ​ដំណើរ​ទៅវគ្គ​ ៤ នាក់​ចុង​ក្រោយ​តែ​ម្ដង​។

ក្នុង​ការ​​ប្រកួត​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​នេះ ​លោក​គ្រូ​បង្វឹក​ គីម​ម៉ាន់​សីក បាន​​អះ​អាង​ថា​ ការ​ប្រ​កួត​ចូល​ដល់​វគ្គ​លំបាក និង​ស្វិត​ស្វាញ​ពី​ព្រោះ​ជួប​គូ​ប្រជែង​ចាស់​​​មក​ពី​ប្រួទេស​ជប៉ុន​គឺ​កីឡាការិនី​ជប៉ុន Orie Hida ​ដែល​បាន​ចាញ់​ភារី ទាំង​ប្រផិត​ប្រផើយ ក្នុង​វគ្គ​​ចែកពូល មុន​នឹង​ឆ្លង​ផុត​វគ្គ​នេះ​ដើម្បី​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​៕