ភ្នំពេញ៖ ថ្នាក់ដឹកនាំរបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ (កីឡាកងទ័ព) បានបង្ហាញពីមោទនភាពទៅលើកីឡាករ-កីឡាការិនីរបស់ខ្លួន ដែលតែងតែដណ្តើមបានមេដាយជូនប្រទេសជាតិ ហើយសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣១ ចុងឆ្នាំ ២០២១ នេះ និងស៊ីហ្គេម ឆ្នាំ ២០២៣ ក្រុមកីឡាកងទ័ពបានកើនទំនុកចិត្តក្នុងការប្រជែងរកមេដាយ បន្ទាប់ពីពួកគេទទួលបានការឧបត្ថម្ភជាសម្ភារកីឡា ដែលមានតម្លៃស្មើ ២៥ ម៉ឺនដុល្លារ ពីក្រុមហ៊ុន ORIENT NOBLE Group នោះ។
លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានចាត់ទុក ការឧបត្ថម្ភសម្ភារកីឡាជាច្រើនប្រភេទរបស់ក្រុមហ៊ុន ORIENT NOBLE Group កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ ថា ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍលើកស្ទួយវិស័យកីឡាជាតិ ក៏ដូចជាវិស័យកីឡាកងទ័ពឱ្យមានសម្ទុះរីកចម្រើនទៅមុខជាលំដាប់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាថ្នាក់ជាតិ អន្តរជាតិ ពិសេសស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោក ឃឹម ប៊ុនសុង បានថ្លែងថា៖ «សម្រាប់ការប្រកួតកីឡាជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ដោយមិននិយាយពីមេដាយប្រាក់ និងសំរិទ្ធនោះ គឺកីឡាកងយោពលខេមរភូមិន្ទ ទទួលបានមេដាយមាសនៅលំដាប់លេខ ១ ក្នុងចំណោម ៨ ប្រភេទកីឡា។ ចំណែកការឈ្នះជយលាភី និងមេដាយ ពីការប្រកួតស៊ីហ្គេម កីឡាទ្វីបអាស៊ី និងជើងឯកពិភពលោកក៏មានការចូលរួមពីកីឡាករ កីឡាការិនីនៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិដែរ»។
ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំមានជំនឿចិត្តថា ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ ២០២១ និងស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ក៏នឹងមានកីឡាករ កីឡាការិនី នៃកងយោធពលខេមរភូមិន្ទ ចូលរួមប្រកួតប្រជែង ហើយនឹងឈ្នះបានមេដាយផងដែរ»។
ចំណែកលោក តែម ម៉ឺន ដែលមានតួនាទីច្រើន ក្នុងវិស័យកីឡាបានថ្លែងថា៖ «មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលជាស្ថាប័នគ្រប់គ្រង ដឹកនាំ និងផលិតធនធានអត្តពលិកឆ្នើមៗចំណុះឱ្យក្រសួងការពារជាតិ តែជាសេនាធិការ ១ យ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយក៏ជាដៃគូជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជា គណៈកម្មាធិការរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ (CAMSOC) ព្រមទាំងពាក់ព័ន្ធជាមួយបណ្តាសហព័ន្ធកីឡាជាតិផ្សេងៗ ក្នុងបុព្វហេតុកីឡារបស់ជាតិតែមួយ»។
លោកបានបន្ថែមថា៖ «មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានបញ្ជូនមន្ត្រី គ្រូបង្វឹក និងក្រុមអត្តពលិកទៅចូលរួមប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិ ដោយទទួលបានលទ្ធផលល្អ គឺទទួលបានមេដាយសរុបពីឆ្នាំ ២០០៦ រហូតដល់ឆ្នាំ ២០២០ ចំនួន ១ ៦៥៤ គ្រឿង ក្នុងនោះមេដាយមាស ៥៧៦ ប្រាក់ ៥៩៧ និងសំរឹទ្ធ ៤៨១ ព្រមទាំងឈ្នះបានខ្សែក្រវាត់ ៣៧ គ្រឿងផងដែរ ខណៈដែលអត្តពលិករបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទមានក្នុងរង្វង់ចំនួន ២០០ នាក់»៕