ភ្នំពេញ: ការប្រកួត​ដណ្តើម​ពាន​អន្តរជាតិ​កំពូល​អ្នក​ប្រដាល់​ដៃ​ដែក ISI Palm រដូវកាល​ទី​ ៤ ទម្ងន់​ ៦០ ​គីឡូក្រាម​បាន​ចាប់​ដំណើរការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​ ១ នៅលើ​សង្វៀន​ CNC កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ការប្រកួត​បើកឆាក​នេះ កីឡាករ​កម្ពុជា លី ភា និង សុខ សាវិន សុទ្ធតែ​ចាញ់​ពិន្ទុ​អ្នកប្រដាល់​ថៃ​ទាំង​គ្រាំគ្រា​ដូចគ្នា​។

នៅក្នុង​ការប្រកួត​ ២ ​គូ​កាលពី​ម្សិលមិញ​នោះ​ត្រូវ​បាន​គេ​រំពឹង​ទៅ​លើ សុខ សាវិន ថា​អាច​នឹង​រក​បាន​ ៣ ​ពិន្ទុ ដើម្បី​ស្តារ​ភាព​ជូរចត់​ចំពោះ​ការ​ចាញ់​អ្នក​ប្រដាល់​ថៃ Vithakyayuth នា​ការប្រកួត​ខ្សែក្រវាត់​នៅ​សង្វៀន SEATV កន្លងមក ប៉ុន្តែ សាវិន​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​ទៅលើ Vithakyayuth បាន​ដដែល​។

ការទាត់​ឲ្យ Vithakyayuth ដួល​ទាំង​ជំហរ​នៅក្នុង​ទឹក​ទី​ ១ និង​ការម៉ាត់​ចេញ​បាន​យ៉ាងល្អ​នៅ​ទឹក​ទី​ ២ ​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​ការអបអរ​ខ្លាំង​ដល់​ សុខ សាវិន ប៉ុន្តែ​ចាប់ពី​ទឹក​ទី​ ៣ ​ទៅ សាវិន បាន​ទទួលរង​ការ​ទាត់​ធ្ងន់ៗ​ពី​សំណាក់ Vithakyayuth ធ្វើឲ្យ​គេ​ចង់​គាំង​ម្តងៗ​ផង​ដែរ និង​បាន​ចាញ់​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០ តែម្តង​។

ចំណែក លី ភា បាន​ទទួល​រង​ការ​ម៉ាត់ ទាត់ បុកជង្គង់ និង​បុក​កែង​ពី​សំណាក់​ជើង​ខ្លាំង​របស់​ថៃ Tounpe យ៉ាង​ចាស់ដៃ​នៅ​ក្នុង​ការ​វាយ​ប្តូរ​គ្នា​ទៅវិញ​ទៅមក​ចំនួន​ ៥ ​ទឹក​ពេញ​គឺ​មុនពេល​រូបគេ​ត្រូវ​ប្រកាស​ឲ្យ​ចាញ់​ពិន្ទុ​ Tounpe ជា​ឯកច្ឆន្ទ ហើយ​នេះ​ក៏​ជា​ការចាញ់​លើក​ទី​ ២ ​របស់ លី ភា ក្រោម​ស្នាដៃ Tounpe ផងដែរ​។

យ៉ាងណា​ក៏ដោយ Tounpe បាន​សរសើរ​ទៅ​ដល់​កីឡាករ លី ភា ថា មាន​ភាព​រឹងមាំ​ជាង​ប្រកួត​លើក​មុន​។ Tounpe បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​ការប្រកួត​ថា​៖ «​ការយក​ឈ្នះ លី ភា លើក​នេះ​វា​រាង​ពិបាក​ជាង​ការប្រកួត​លើក​មុន​ដែល​ខ្ញុំ​បាន​យក​ឈ្នះ​រាង​ស្រួល ព្រោះ​លើក​នេះ លី ភា វ៉ៃ​បាន​ល្អ និង​មាន​ភាពរឹងមាំ​ជាង​មុន​»​។

នៅពេល​សួរ​ពី​ទំនុក​ចិត្ត​ក្នុង​ការប្រជែង​យកពាន​នេះ កីឡាករ​វ័យ​ ២៣ ​ឆ្នាំ Tounpe បាន​និយាយ​ថា​៖ «​នៅក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​ ៤ ​នាក់​ខ្ញុំ​មាន​ការចាប់​អារម្មណ៍​ខ្លាំង​ទៅលើ សួន ចាន់នី ព្រោះ​គេ​ខ្ពស់​ដែល​អាច​នឹង​មាន​ការពិបាក​យក​ឈ្នះ ហើយ សុខ សាវិន ក៏​ខ្ញុំ​មិន​ធ្លាប់​ជួប​គេ​ដែរ ចំណែក ឃីម បូរ៉ា ខ្ញុំ​ធ្លាប់​ឈ្នះ​ ៤ ​ដង​ហើយ ហើយ លី ភា ខ្ញុំ​បាន​យក​ឈ្នះ​ជា​លើក​ទី​ ២ ​លើក​នេះ អ៊ីចឹង​ខ្ញុំ​មាន​សង្ឃឹម​ ៧០ ​ភាគរយ​ដែរ​ក្នុង​ការប្រជែង​យក​ពាន​មួយ​នេះ​»​។

គួរ​បញ្ជាក់ថា​កីឡាករ​កម្ពុជា​​ ៤ ​នាក់​មាន សុខ សាវិន​, លី ភា​, ឃីម បូរ៉ា និង សួន ចាន់នី (​សូត្រ ប៊ុន​ធី​) ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជម្រុះ​វិលជុំ​ជាមួយ​កីឡាករ​ថៃ Tounpe, Vithakyayuth, Prab Sor និង Phet Nginthorng ដើម្បី​រក​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ ៤ ​នាក់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​ពាន ISI Palm រដូវកាល​ទី​ ៤ ​នេះ​។

នៅក្នុង​សន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​មុន​ការប្រកួត​កាលពី​ម៉ោង ១១:៣០ ថ្ងៃ​អាទិត្យ​នោះ​ដែរ​លោក ឆឹង យ៉ាវយ៉េន អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ លោក ហួរ រតនៈ ប្រធាន​ទីផ្សារ​ទូរទស្សន៍ CNC និង​លោក សាមីន្ត វឌ្ឍនឧត្តម ប្រធាន​ទីផ្សារ​ក្រុមហ៊ុន ISI Steel សុទ្ធតែ​បាន​ចាត់​ទុក​ការបន្ត​បើក​ឲ្យ​មាន​ការប្រកួត​ដណ្តើមពាន​អន្តរជាតិ ISI Palm រដូវកាល​ទី​ ៤ ​នេះ​ជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើកស្ទួយ និង​អភិវឌ្ឍ​វិស័យ​កីឡា​គុន​ខ្មែរ​ឲ្យ​កាន់តែ​មាន​ឈ្មោះ​បោះ​សំឡេង​នៅលើ​ឆាក​អន្តរជាតិ​៕