ភ្នំពេញៈ កីឡាករ​កម្ពុជា​មាន​សមត្ថភាព​ប្រកួត​ល្អៗ​ចំនួន​ ៤ ​នាក់​នឹង​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​គ្នា​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ដើម្បី​ស្វែងរក​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រដាល់​កំពូល​ជើងឯក TV5 Boxing Knock Out Serie (K-cement) ដោយ​ក្នុង​នោះ បឺត សង្ឃឹម ត្រូវ​ជួប ស៊ឹម ប៊ុនឆៃ ខណៈ សៀវ ង៉ុយ ត្រូវ​ប៉ះ​កីឡាករ ធន អៀងឡៃ​។

យ៉ាងណា​ក៏ដោយ​នៅក្នុង​ការប្រកួត​ជម្រុះ​ជុំ​ទី​ ៣ ដែល​នៅ​សល់​តែ​កីឡាករ​ ៨ ​នាក់​នេះ​កីឡាករ បឺត សង្ឃឹម បាន​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ​ដោយសារ​គូប្រកួត​របស់​គេ ស៊ឹម ប៊ុនឆៃ ឡើង​មក​ប្រកួត​ជំនួស​កីឡាករ ម៉ន រដ្ឋា ដែល​រងរបួស​ធ្ងន់ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហេតុ​នេះ​លទ្ធផល​ឈ្នះ​ចាញ់​ក្នុង​ការប្រកួត​របស់​អ្នក​ទាំង​ ២ គេ​មិន​គិត​ចូល​ឡើយ​។

ទោះ​ជា​យ៉ាងណា​កីឡាករ បឺត សង្ឃឹម មិន​អាច​បន្ធូរដៃ​ឲ្យ ស៊ឹម ប៊ុនឆៃ នោះ​ទេ គឺ​ពួកគេ​នឹង​ត្រូវ​ប្រកួត​គ្នា​ដោយ​អស់ពី​ចិត្ត ដើម្បី​រក​អ្នកឈ្នះ ចាញ់ ខណៈ​ការប្រកួត​ជម្រុះ​ផ្លូវការ​កាល​ជុំ​ទី​ ១ បឺតសង្ឃឹម បាន​ឈ្នះ សយ សី ក្លិប​ពន្លឺ​វិបុល ដោយ​ពិន្ទុ និង​ជុំ​ទី​ ២ គេ​បាន​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ ឆាយ មាស ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ​។

ដោយឡែក​ការវិល​មក​ជួប​គ្នា​រវាង សៀវ ង៉ុយ របស់​ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ​ ២ និង ធន អៀងឡៃ របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ ដែល​ធ្លាប់​ជា​សិស្ស​ប្អូន និង​សិស្ស​ច្បង​នោះ​គឺ​អាច​និយាយ​បាន​ថា សៀវ ង៉ុយ អាច​នឹង​ស៊ីផុយ​។

បឺត សង្ឃឹម ត្រូវ​ប៉ះ​អ្នក​ឡើង​ជំនួស ម៉ន រដ្ឋា គឺ ស៊ឹម ប៊ុនឆៃ​។ រូប​សហការី

គួរ​បញ្ជាក់​ថា​សម្រាប់​ការប្រកួត​ជម្រុះ​នៅ​ជុំ​ទី​ ១ សៀវ ង៉ុយ បាន​ឈ្នះ នួន រ៉ាថេន​ក្លិប​តាឯក​ដំបង​ដែក​មានរិទ្ធ​ដោយ​ពិន្ទុ និង​ជុំ​ទី​ ២ ​ឈ្នះ ពុទ្ធ ភារិន្ទ ក្លិប​ពុទ្ធសេរីវង្ស ដោយ​ពិន្ទុ​ចំណែក ធន អៀងឡៃ កាល​ជុំ​ទី​ ១ បាន​ឈ្នះ អេរ៉ាវ៉ាន់ ចាន់រាជ ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ​ និង​នៅ​ជុំ​ទី​ ២ គេ​បាន​ឈ្នះ សេក គឹមសាន្ត ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប​នៅ​ទឹក​ទី​ ១ គឺ ធន អៀងឡៃ ជា​កីឡាករ​ជើង​ថ្មី​ដែល​ទើប​នឹង​ខ្លាំង​ជំនាន់​ក្រោយ​។

ចំណែក​លោក ម៉ាង ម៉ន គ្រូបង្វឹក​ម្នាក់​បាន​ធ្វើការ​វាយតម្លៃ​ពី​សមាសភាព ៤ នាក់​ចុងក្រោយ​ដែល​អាច​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​ប្រដាល់​កំពូល​ជើងឯក TV5 Boxing Knock Out Serie យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​ប្រដាល់​ឆ្នើមៗ​ចំនួន​ ៤ ​នាក់​ដែល​អាច​នឹង​បាន​ឡើង​ទៅ​វគ្គ​បន្ត ខ្ញុំ​គិត​ថា​នឹង​មាន​កូន​ខ្ញុំ ម៉ន សាម៉េត ជា​មិនខាន​ចំណែក​ ៣ ​នាក់​ទៀត​អាច​ជា​កីឡាករ​ សៀវ ង៉ុយ,បឺត សង្ឃឹម និង គួន ប៊ុនហ៊ីម​»​។

បន្ថែម​ទៅ​លើ​ការប្រកួត​ជម្រុះ​ជុំ​ទី​ ៣ ​កំពូល​ជើងឯក TV5 Boxing Knock Out Serie គណៈកម្មការ​បាន​រៀបចំ​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ១ ​គូ​ដែរ​គឺ​ការជួប​គ្នា​រវាង​កីឡាករ​កម្ពុជា សារឿន ច័ន្ទ របស់​ក្លិប​តាព្រហ្មមានជ័យ និង​អ្នក​ប្រដាល់​ថៃ Phak Langphich ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​​ ៦០ ​គីឡូក្រាម ដើម្បី​ទាក់ទាញ​មហាជន​។

លោក សេង កដិកា នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ បាន​អះអាង​ថា​អ្នកទស្សនា​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​របស់​លោក​ពេល​នេះ​មាន​ការពេញនិយម​ការ​ប្រកួត TV5 Boxing Knock Out Serie ខ្លាំងណាស់ ខណៈ​ដែល​បញ្ហា​អសកម្ម​កន្លង​មក​ត្រូវ​បាន​យើង​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​៕