ភ្នំពេញៈ កីឡាករឆ្នើមៗ មានឈ្មោះ​បោះ​សំឡេង​ចំនួន ៥ នាក់ រួម​មាន រឿង សោភ័ណ្ឌ, ឡុង សុភី, មាស ច័ន្ទមាន, ឆៃ សារ៉ា និង ផាន់ គ្រាន់ បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​បាន​រង​របួស​ស្រាល និង​ធ្ងន់ សរុប​ចំនួន ៣៦ នាក់ ប្រចាំ​ខែ​តុលា​នេះ ហើយ​បញ្ហា​របួស​នេះ បាន​ក្លាយជា​ហានិភ័យ​កាន់​តែ​ខ្ពស់ គួរ​ឲ្យ​ព្រួយ​បារម្ភ ខណៈ​កីឡាករ​ល្អៗ​ភាគ​ច្រើន គិត​តែ​លុយ​តម្លៃ​ខ្លួន ដោយ​បាន​ឡើង​វ៉ៃ ស្ទើរ​តែ​រៀង​រាល់​សប្តាហ៍ ជាមួយ​នឹង​ការ​ហ្វឹក​ហាត់​មិន​បាន​ពេញ​លេញ​នោះ។

យោងតាម​របាយ​ការ​របស់លោក​គ្រូពេទ្យ​ប្រចាំ​សង្វៀន​ប្រកួត នៅតាម​ស្ថានីយទូរទស្សន៍​ទាំង ៤ មាន​បាយ័ន CNC អាស៊ី​អាគ្នេយ៍ និង​ប៉ុស្តិ៍​លេខ ៥ ក្នុង​រយៈ​ពេល ១ ខែ​ចុង​ក្រោយ​នេះ មាន​កីឡាករ​រង​របួស ដោយ​ការ​ប្រកួត​មាន​ថ្លោះ​គ្រេច បែក​ឈាម បាក់​ក្តោង​ច្រមុះ​ដែល​ជា​របួស​ស្រាលៗ ព្យាបាល​បាន​នៅ​នឹង​សង្វៀន​នោះ មាន​ចំនួន ៣១ នាក់ ចំណែក​កីឡាករ​ដែល​រង​របួស​ធ្ងន់ និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ចូល​សម្រាក​នៅ​មន្ទីរពេទ្យ មាន​ចំនួន ៥ នាក់។

លោកគ្រូ​ពេទ្យ ជឹម ផល្លា ដែលមាន​ជំនាញ​បទពិសោធ​ការងារ​ជាមួយ​កីឡា​ច្រើន​ឆ្នាំ​ហើយ​ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ឲ្យ​ទទួល​ខុស​ត្រូវ លើ​កីឡាករ​របួស ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​ការ​ប្រកួត​រៀង​រាល់​ចុង​សប្តាហ៍ នៅ​តាម​សង្វៀន​ប្រដាល់​ទាំង ៤ នេះ គឺ​ក្នុង ១ ខែ មាន​កីឡាករ​ឡើង​ប្រកួត​ប្រហែល ២៦៤ នាក់ ហើយ​ក្នុង​ខែ​តុលា​នេះ កីឡាករ​របួស​ស្រាល និង​ធ្ងន់​មាន​ចំនួន ៣៦ នាក់»។

លោក​បាន​បន្ថែមថា៖ «នៅក្នុង​ចំណោម ៣៦ នាក់​នោះ មាន​អ្នក​របួសស្រាល​ចំនួន ៣១ នាក់ គឺ​មាន​នៅ​សង្វៀន​បាយ័ន​ចំនួន ៨នាក់ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ ១២ នាក់ នៅ​សង្វៀន CNC ៨ នាក់ និង​សង្វៀន​ប៉ុស្តិ៍​លេខ ៥ ចំនួន ៣ នាក់។

ចំណែក​កីឡាករ​របួស​ធ្ងន់​ចូល​សម្រាក​មន្ទីរពេទ្យ​មាន​កីឡាករ ឡុង សុភី ដោយ​របួស​ឆ្អឹង​ជើង, រឿង សោភ័ណ្ឌ របួស​គ្រាំ​គ្រា​ក្រោយ​ចាញ់​កីឡាករ​មីយ៉ាន់ម៉ា, ផាន់ គ្រាន់ របួស​ដៃ ព្រម​ទាំង ឆៃ សារ៉ា និង មាស ច័ន្ទមាន ដែល​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍»។

ជុំវិញ​បញ្ហា​របួស​កីឡាករ ដែល​តែងតែ​កើតមានឡើង​ជាប្រចាំ​នេះ ត្រូវបាន​លោក​វេជ្ជបណ្ឌិត ឌៀប វណ្ណា គ្រូពេទ្យ​ប្រចាំ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ ផ្តល់​ជា​ដំបូន្មាន​ថា ដើម្បី​កាត់​បន្ថយ​ការ​របួស​នៅ​ពេល​ប្រកួត ទី ១ កីឡាករ​ត្រូវ​តែ​គោរព​វិន័យ​ការ​ហ្វឹក​ហាត់​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ គឺ​ធ្វើ​ឲ្យ​រាង​កាយ​ស៊ាំ​ទៅ​នឹង​ការ​ប៉ះ​ទង្គិច​ធ្ងន់ៗ ទី ២ ថែរក្សា​សុខភាព​ឲ្យ​បាន​រឹងមាំ​ចៀស​វាង​ការ​ហូប​គ្រឿង​ស្រវឹង ឬ​ការ​សម្រាក​មិន​គ្រប់​គ្រាន់ ដែល​នាំ​ឲ្យ​រាងកាយ​ធ្លាក់​ចុះ​កម្លាំង។

លោក​បាន​បន្តថា ចំណែក​ទី ៣ គណៈកម្មការ​បច្ចេកទេស​ផ្គូផ្គង​កីឡាករ​ឲ្យ​វ៉ៃ​គ្នា ត្រូវគោរព​តាម​បទ​បញ្ជា​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ត្រូវ​ឲ្យ​កីឡាករ​មាន​កម្ពស់​ប្រហែល​គ្នា,បទ​ពិសោធ​ប្រហាក់​ប្រហែល​គ្នា,សមត្ថភាព​ក្បាច់​គុន​ល្អ​ប្រហែល​គ្នា និង​ដាច់​ខាត​ត្រូវ​មាន​ទម្ងន់​ប៉ុន​គ្នា។

លោក​វេជ្ជបណ្ឌិត ឌៀប វណ្ណា បាន​បញ្ជាក់ថា៖ «បើ​គោរព​តាម​គោលការណ៍​ខាង​លើ​នេះ ការ​រង​របួស​ពី​ការ​ប្រកួត គឺ​កាត់​បន្ថយ​បាន​ច្រើន​ណាស់។ បន្ថែម​ពី​លើ​នេះ​ត្រូវ​អប់រំ​កីឡាករ​ឲ្យ​មាន​ក្រម​សីល​ធម៌​ប្រកួត គឺ​មិន​បំពាន និង​មិន​ល្មើស​បទ​បញ្ជា​ប្រកួត ដូចជា​ដៃគូ​ម្ខាង​ទន់​ខ្សោយ​អស់​លទ្ធភាព​តដៃ គួរ​តែ​កុំ​វ៉ៃ​បន្ថែម​ទៀត គឺ​គប្បី​លោក​អាជ្ញា​កណ្តាល​ត្រូវ​បញ្ឈប់​តែ​ម្តង​ទៅ ដើម្បី​សុវត្ថិភាព សុខភាព​កីឡាករ និង​កាត់​បន្ថយ​ពី​បញ្ហា​របួស​នេះ»៕