ភ្នំពេញ៖ កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា វី សុភ័ស មានប្រភពមកពីក្លិបនាគរាជមានជ័យ ដែលមានលោក ជ័យ តារា ជាគ្រូបង្វឹក នោះ គឺត្រូវបានផ្ទេរ ទៅក្លិបនាយកដ្ឋានអង្គរក្ស ក្រោមការគ្រប់គ្រងរបស់លោក ស៊ន អេលីត វិញ ដើម្បីទទួលបានការថែទាំ ទំនុកបម្រុងជីវភាព ក៏ដូចជាការហ្វឹកហាត់បំប៉នកម្លាំងបានល្អ។
បន្ថែមពីលើនេះ សហព័ន្ធប្រដាល់ទាំង ២ បានព្រមព្រៀងអនុញ្ញាតឱ្យ វី សុភ័ស បានឡើងប្រកួតប្រដាល់គុនខ្មែរ ផងដែរ ប៉ុន្តែមិនអនុញ្ញាតឱ្យប្រកួតញឹកញាប់ទេ ព្រោះលោកអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានអះអាងថា វី សុភ័ស ជាបេក្ខជនប្រដាល់សកល ទម្ងន់ ៦៩ គីឡូក្រាម ដែលត្រូវត្រៀម សម្រាប់ចេញទៅប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម ហើយរូបគេ កំពុងតែស្ថិតនៅក្រោមការយកចិត្តទុកដាក់ ក្នុងការថែទាំ និងបង្វឹកត្រៀមជានិច្ច។
អ្នកប្រដាល់វ័យក្មេង កម្ពស់ ១,៧៣ ម៉ែត្រ វី សុភ័ស ជាកូនទី៤ ក្នុងចំណោមអតីតអ្នកប្រដាល់សកលជម្រើសជាតិទាំងមួយគ្រួសារ ដោយមានកីឡាករ វី សាវុធ កីឡាការិនី វី ស្រីខួច, វី ស្រីឆាយ និងប្អូនពៅរបស់គេ កីឡាការិនី វី ស្រីស្រស់ ដែលបច្ចុប្បន្ន ក៏ជាកីឡាការិនីជម្រើសជាតិប្រដាល់សកល ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ផងដែរ។
នៅក្នុងរយៈ ៣ ឆ្នាំចុងក្រោយនេះ វី សុភ័ស បានជាប់ជម្រើសជាតិ ក្នុងលទ្ធផលល្អ ហើយតាមទិន្នន័យ ដែលទទួលបានជាផ្លូវការ ពីសហព័ន្ធ គឺ វី សុភ័ស បានជាប់ចំណាត់មេដាយមាសពីការប្រកួតថ្នាក់ជាតិ កាលឆ្នាំ ២០១៧ ក្នុងប្រភេទទម្ងន់ ៦៤ គីឡូក្រាម ហើយជាបន្តបន្ទាប់ គឺនៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០ សុភ័ស ដណ្តើមបានមេដាយប្រាក់ ក្នុងទម្ងន់ ៦៩ គីឡូក្រាម។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់ថា វី សុភ័ស ត្រូវបានសហព័ន្ធ អនុញ្ញាតឱ្យប្តូរក្លិប ពីក្លិបនាគរាជមានជ័យ របស់លោកគ្រូ ជ័យ តារា ទៅនៅក្លិបនាយកដ្ឋានអង្គរក្ស ក្រោមការគ្រប់គ្រងរបស់ លោក ស៊ន អេលីត ដែលមានលទ្ធភាពល្អ ក្នុងការផ្គត់ផ្គង់ជីវភាពបានល្អ ព្រមទាំងហ្វឹកហាត់។
លោក សុភ័ណ្ឌ បានបន្ថែមថា៖ «ជាមួយគ្នានេះ យើងអនុញ្ញាតឱ្យ វី សុភ័ស ប្រកួតប្រដាល់គុនខ្មែរមួយខែម្តង ដើម្បីពង្រឹងកម្លាំងផង និងទទួលបានតម្លៃខ្លួនប្រកួតផងដែរ ដោយយើងនៅតែតាមដានការប្រកួត មិនឱ្យញឹកញាប់ទេ គឺក្នុងចន្លោះពេលសមរម្យ ប៉ុន្តែការហ្វឹកជម្រើសជាតិប្រដាល់សកល វី សុភ័ស ជាបេក្ខភាពប្រកួតស៊ីហ្គេម ឆ្នាំ ២០២១ នេះ ក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម»។
ចំណែកលោក ស៊ន អេលីត គ្រូបង្វឹកនៅក្លិបនាយកដ្ឋានអង្គរក្ស បាននិយាយថា៖ «ខ្ញុំបានសុំផ្ទេរកីឡាករ វី សុភ័ស ដោយមើលឃើញថា សមត្ថភាពល្អស្រាប់ នៅក្មេង ហើយខាងក្លិបមានធនធានសម្រាប់ជួយបណ្តុះបណ្តាលបានល្អ ប៉ុន្តែយើងទទួល និងគោរពគោលការណ៍របស់សហព័ន្ធកីឡាប្រដាល់សកល និងប្រដាល់គុនខ្មែរ ដែលអនុញ្ញាតឱ្យគាត់ឡើងប្រកួតជាលក្ខណៈគុនខ្មែរ ក្នុងចន្លោះពេលដែលទំនេរ ឬអាចនិយាយថា ក្នុង ១ ខែ ប្រកួតបានម្តងប៉ុណ្ណោះ»។
លោក អេលីត បានបន្ថែមថា៖ «ទាំងប្រដាល់សកល និងគុនខ្មែរ គឺក្លិបរបស់យើងខ្ញុំ នឹងលើកស្ទួយកីឡាករ ដែលមានសមត្ថភាពល្អ ជីវភាពខ្វះខាត គឺឱ្យតែគោរពវិន័យល្អ យើងជួយជានិច្ច ចំណែក វី សុភ័ស នេះ ល្អទាំងប្រដាល់សកល និងប្រដាល់គុនខ្មែរ ប៉ុន្តែមកនៅក្លិបថ្មី ខ្ញុំសុំប្តូរឈ្មោះថា អេលីត សុភ័ស»។
បងប្រុសរបស់វីរនារីកីឡាតេក្វាន់ដូ ស៊ន សៀវម៉ី រូបនេះ បានបញ្ជាក់ថា៖ «អេលីត សុភ័សមកហ្វឹកហាត់ត្រៀមបានល្អ ហើយឥឡូវខាងសង្វៀនថោន បានកក់ហើយ ដើម្បីជាបេក្ខជនប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ប្រចាំសប្តាហ៍ ជាមួយបេក្ខជន ៣ នាក់ទៀត មានដូចជាកីឡាករ លន បញ្ញា កីឡាករ ថៃ រ៉េត និង ឡុង បេនលឿន ក្នុងរយៈពេលខ្លីខាងមុខ»៕