ភ្នំពេញ៖ ​អ្នក​ប្រដាល់​ជើង​ចាស់ និង​ជើង​ថ្មី ដែល​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​ទម្ងន់ ​៧១ ​គីឡូក្រាម មាន ឡុង សុភី ( នី សុភី) ធឿន ធារ៉ា និង វង្ស វិឆ័យ ហាក់​មាន​ការ​ខ្លាច​ញញើត​​នឹង​កណ្តាប់​ដៃ​ដ៏​ធ្ងន់​របស់ ថៃ រិទ្ធី (ឈួន រិទ្ធី ) ខណៈ​អ្នក​ទាំង ​៤ ត្រូវ​បាន​ជ្រើសរើស​ដាក់​ឲ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នៃ​កម្មវិធី Mas Fight Cambodia នៅ​លើ​​សង្វៀន​ថោន​នា​ថ្ងៃ​អាទិត្យ​នេះ។

ការ​ដាក់​អ្នក​ទាំង ​៤ ឲ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នេះ ត្រូវ​បាន​លោក​ជួប វុត្ថា ពិធីករ​ប្រចាំ​សង្វៀន​ថោន​ និង​ជា​អ្នក​គ្រប់គ្រង​ប្រវត្តិ​ប្រកួត​កីឡាករ ចាត់​ទុក​ថា ជា​ការ​ប្រកួត​ដែល​មិន​ធ្លាប់​មាន​កន្លង​មក។ លោក​​និយាយ​ថា៖​ «​សង្វៀន​ថោន រៀបចំ​ការ​ប្រកួត​បាន​ ​៣៥ ​សប្តាហ៍​ហើយ​ ក្នុង​នោះ​បាន​រៀបចំ​កម្មវិធី​ពិសេស​​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ​ដោយ​ប្រកួត​ជម្រុះ​តាមរយៈ​គុន​ខ្មែរ​ចំនួន ​៣ ទឹក ​និង​យក​អ្នក​ឈ្នះ​ទៅ​ជួប​​អ្នក​ឈ្នះ ដើម្បី​ប្រកួត​យក​ទឹក​ប្រាក់ ​៣,៤ លាន​រៀល តាម​ច្បាប់​ Mas ​Fight នេះ គឺ​ជា​សប្តាហ៍​ទី ​១៥​ ហើយ​ក៏​លើក​ទី​១ ​ដែល​យើង​ជ្រើស​យក​កីឡាករ​​លំដាប់​ជួរ​មុខ​ទម្ងន់​ធ្ងន់ ​៧១ ​គីឡូក្រាម​មក​ប្រកួត»​។​

នៅ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទាំង ៤ ​នេះ ឡុង សុភី មាន​បទ​ពិសោធ​ប្រកួត​ច្រើន​ជាង​គេ (១៤០ ដង) ខណៈ ធឿន ធារ៉ា និង វង្ស វិឆ័យ មាន​បទពិសោធ​ប្រកួត​ត្រឹម​ជាង ​៨០ ដង​ដូច​គ្នា ចំណែក ថៃ រិទ្ធី ទើប​ប្រកួត​បាន​ត្រឹម​ ​៤៧ ដង ​ឈ្នះ ​៣៥​ ​ចាញ់ ​១១ ​ស្មើ ​១ ដង ហើយ​ធ្លាប់​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ ​១៥ ​ដង​ ប៉ុន្តែ​ទាំង ឡុង សុភី, ធឿន ធារ៉ា និង​ភាគី វង្ស វិឆ័យ សុទ្ធ​តែ​ខ្លាច​ភ្លាត់​ស្នៀត​ ក្រោម​កណ្តាប់​ដៃ​ដ៏​ធ្ងន់​របស់​ ថៃ រិទ្ធី។

អតីត​កីឡាករ​ជើង​ខ្លាំង ​ឡៅ​ ស៊ីណាត​ ជា​គ្រូ​ជំនួយ​ ​វង្ស ​វិឆ័យ ​បាន​ប្រាប់​ថា​៖ «នៅ​​ក្នុង​ចំណោម ​៣ ​នាក់ ​ដែល ​វិឆ័យ​ ត្រូវ​ប្រកួត​ក្នុង​សប្តាហ៍​នេះ​ ពិត​ជា​លំបាក​ឈ្នះ​ណាស់​ គឺ​ជា​ឧបសគ្គ​ធំ​ណាស់ និង​ត្រូវ​ធ្វើ​​ការងារ​​ធ្ងន់​ណាស់​ ​ព្រោះ​​តាម​ប្រវត្តិ​ប្រកួត​កន្លង​មក ​វិឆ័យ ​ធ្លាប់​ចាញ់​សន្លប់​ទាំង ​៣ ​លើក​ ក្រោម​កណ្តាប់​ដៃ​ ថៃ ​រិទ្ធី ហើយ​​ធ្លាប់​ចាញ់​ ធឿន​ ធារ៉ា​ ម្តង​ និង​ធ្លាប់​ឈ្នះ​ ឡុង ​សុភី ​ម្តង ​និង​ចាញ់ ​២ ​ដង​។​ ហេតុ​នេះ ​ខ្ញុំ​មិន​ហ៊ាន​រំពឹង​ឈ្នះ​ច្រើន​ទេ ​ប៉ុន្តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ​គឺ​ស៊ី​សង​ជាក់​ស្តែង​»​។​

ចំណែក​ ឡុង​ សុភី​ និង ​ធឿន ​ធារ៉ា​ បាន​ប្រាប់​ស្រដៀង​​គ្នា​ថា៖ ​«​ការ​ប្រកួត​នេះ​មិន​អី​ទេ ​ចាប់​ឆ្នោត​ប៉ះ​​ជាមួយ​អ្នក​ណា​ក៏​បាន​ដែរ ​ប៉ុន្តែ​កណ្តាប់​​ដៃ​ធ្ងន់​របស់​ ថៃ ​រិទ្ធី ​ជា​បញ្ហា​លំបាក​ទប់ទល់​ គឺ​ខ្ញុំ​​បារម្ភ​ខ្លាច​ភ្លាត់​ស្នៀត​ចូល​កណ្តាប់​ដៃ​ដែរ​»។ យ៉ាង​ណា​ក៏​ដោយ ធឿន ធារ៉ា សង្ឃឹម​ឈ្នះ​ ៧០ ​ភាគរយ តែ ​សុភី គឺ​តែងតែ​មាន​ទម្លាប់​សង្ឃឹម​ត្រឹម ​៥០ ​ភាគរយ មុន​ការ​ប្រកួត​ចាប់​ផ្តើម។

ចំពោះ ថៃ ​រិទ្ធី​ វិញ បាន​ប្រាប់​ថា​៖ «នៅ​​ក្នុង​ចំណោម​​អ្នក​ប្រដាល់​ទាំង ​៣ នេះ ខ្ញុំ​មិន​ធ្លាប់​ជួប​តែ​រៀម​ច្បង ឡុង សុភី ម្នាក់​ទេ ​ចំណែក វង្ស ​វិឆ័យ ​និង​ ធឿន ​ធារ៉ា ​ធ្លាប់​ចាញ់​ខ្ញុំ​ទាំង​អស់​​។ ​​យ៉ាង​ណា​ក៏​ដោយ ​ខ្ញុំ​មិន​ហ៊ាន​អួត​ថា ​ឈ្នះ​ ឬ​យ៉ាង​ណា​នោះ​ទេ​ ​ព្រោះ​ខ្ញុំ​នៅ​មាន​បទពិសោធ​ខ្ចី​ជាង​ពួក​គាត់ ​ហើយ​ចំនួន​ប្រកួត​ក៏​តិច​ជាង​ ប៉ុន្តែ​ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​មិន​មែន​ប្រកួត​លេងៗ​​យក​តែ​លុយ​នោះ​ឡើយ​»។​

ចំណែក លោក ​ធន់ ​សុភា​ គ្រូ​បង្វឹក​របស់​ ថៃ ​រីទ្ធី បាន​​និយាយ​ថា​៖ «​ខ្ញុំ​រំពឹង​ឈ្នះ ​៧០ ​ភាគរយ​ ​ព្រោះ​កូន​សិស្ស​ខ្ញុំ​ចិត្ត​ធំ​ណាស់​ និង​មាន​ស្នៀត​សម្លាប់​ល្អ ​គឺ​កណ្តាប់​ដៃ​។​ ចំណុច​ពិសេស​របស់ ​រិទ្ធី ​គឺ​ចូល​វ៉ៃ​ប្តូរ​ធ្ងន់ៗ​ឲ្យ​ដៃ​គូ​សន្លប់​ភ្លាមៗ ​ប៉ុន្តែ​បើ​គេ​ធ្វើ​មិន​បាន​សម្រេច​ទេ​ ​អាច​នឹង​សន្លប់​ខ្លួន​ឯង​ក៏​ថា​បាន​ គឺ​​និយាយ​ទៅ ​១ ចាន​គោក ១ ​ចាន​ទឹក»​៕