The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ស្រាល ​៣ ​គូ ត្រូវ​ប៉ះ​គ្នា​ក្នុង​កម្មវិធី​សន្សំ​ប្រាក់​លាន




កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ស្រាល ​៣ ​គូ ត្រូវ​ប៉ះ​គ្នា​ក្នុង​កម្មវិធី​សន្សំ​ប្រាក់​លាន

Content image - Phnom Penh Post
សៀវ ង៉ុយ (ឆ្វេង) ត្រូវ​ប្រកួតជាមួយ​ជើង​ថ្មី សយ សុខ នៅ​ថ្ងៃសៅរ៍​នេះ។ រូប សហការី

កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ស្រាល ​៣ ​គូ ត្រូវ​ប៉ះ​គ្នា​ក្នុង​កម្មវិធី​សន្សំ​ប្រាក់​លាន

ភ្នំពេញ៖ ​អ្នក​ប្រដាល់​ចាស់​វស្សា​ និង​ជើង​ថ្មី​កំពុង​មាន​សមត្ថភាព​លេច​ធ្លោ ​៦ នាក់ នឹង​ត្រូវ​​ប្រកួត​គ្នា​ក្នុង​កម្មវិធី​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ Wurkz​ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ថ្ងៃ​សៅរ៍​នេះ ដោយ​ក្នុង​នោះ ៤ នាក់ ត្រូវ​ប្រកួត​​មិត្តភាព ចំណែក​បេក្ខភាព ​២ នាក់​ទៀត ត្រូវ​ការ​ប្រកួត​សន្សំ​ប្រាក់​លាន​ប្រចាំ​សប្តាហ៍។

តាមរយៈ​ការ​ផ្គូផ្គង​នោះ ​ជើង​ខ្លាំង​ជំនាន់​ថ្មី ​ពេជ្រ ​ប៊ុនសិទ្ធ​ ​ក្លិប​ចលនា​យុវជន ​១៥៧ ​ត្រូវ​ប៉ះ​ជើង​ចាស់ ​ម៉ន ​ភិរម្យ ​មក​ពី​ក្លិប​ការិយាល័យ​ទី​៥ ​កងទ័ព​ជើង​គោក​ក្នុង​ទម្ងន់ ​៥៤ ​គ.ក្រ ចំណែក​ជើង​ចាស់ ​អ៊ូច ​ធារិទ្ធ ​​​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ជើង​ខ្លាំង​ជំនាន់​​ថ្មី ឃួន ​ឡាំកូស៊ីន​ មក​ពី​បន្ទាយមានជ័យ​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម។​

ចំណែក​ជើង​ចាស់ ​សៀវ​ ង៉ុយ​ របស់​​សមាគម​ប្រដាល់​ខេមរភូមិន្ទ ​ត្រូវ​ប្រកួត​​ជាមួយ​ជើង​ថ្មី​ជំនាន់​ក្រោយ ​សយ ​សុខ​ របស់​​ក្លិប​ដារិទ្ធ​ខ័ណ្ឌ​ពោធិ​សែន​ជ័យ ​ដើម្បី​សន្សំ​យក​ប្រាក់ ​១ លាន​ ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ ​គីឡូក្រាម​ ហើយ​​ការ​ជួប​គ្នា​របស់​អ្នក​ទាំង ​៦ ​នេះ ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយសារ​សមត្ថភាព​កីឡាករ​​ទម្ងន់​ស្រាល​ទាំង ​៣ ​គូ​​នេះ សុទ្ធ​តែ​ជា​ជើង​ខ្លាំង និង​ប្រកួត​ទាក់ទាញ​បំផុត​។​

សម្រាប់​ជំនួប​​របស់ ​ពេជ្រ​ ប៊ុនសិទ្ធ ​និង ​ម៉ន​ ភិរម្យ​ ត្រូវ​បាន ​លោក ​ពេជ្រ ​សុផាន់ ជា​គ្រូ​បង្វឹក​ប្រាប់​​ថា​៖ ​«​ប៊ុនសិទ្ធ ​ធ្លាប់​ឈ្នះ​ ម៉ន ​ភិរម្យ ​២ ​លើក ស្មើ​ ១ លើក​ ហើយ​សមត្ថភាព​របស់​ ប៊ុនសិទ្ធ ​នឹង​បន្ត​ឈ្នះ​ទៀត​ ​ព្រោះ​កម្លាំង​នៅ​ក្មេង​វាយ​បាន​ល្អ​ជាង​ ប៉ុន្តែ​បច្ចកទេស​ បទពិសោធ​ ពិត​ជា​​នៅ​មិន​ទាន់​ល្អ​ជាង​គេ​មែន​»។​

លោក ពេជ្រ សុផាន់ បាន​បន្ថែម​ថា៖ ​«នៅ​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម​នេះ ប៊ុនសិទ្ធ ​ឈ្នះ​អស់​ទៅ​ហើយ​ គឺ​ចាញ់​តែ​ ១ ​កីឡាករ ​រិន ​ដេវីដ ​១ ​ប៉ុណ្ណោះ​»។​ ចំណែក​លោក​ ម៉ាង​ ម៉ន​ បាន​ទទួល​ស្គាល់​ថា ​​សិស្ស​របស់​លោក ម៉ន​ ភិរម្យ ​មាន​ក្បាច់​ល្អ ​តែ​កម្លាំង​ស្រុត​ចុះ​ខ្លាំង​ដោយ​វ័យ​ចាស់ ​ប៉ុន្តែ​មិន​អាច​ចាញ់​ដាច់ ​ឬ​សន្លប់​នោះ​ឡើយ​។​

ចំណែក​គូ​ អ៊ូច​ ធារិទ្ធ ​និង ​ឡាំកូស៊ីន​ វិញ អតីត​កីឡាក​ឆ្នើម ​​ពេជ្រ ​សុផាន់​ បាន​ប្រាប់​ថា​៖ «​អ៊ូច ​ធារិទ្ធ ​មាន​ប្រៀប​ជាង​ ចាស់​វស្សា​ជាង ​និង​ល្អ​ជាង​ ​ខណៈ​ដែល​ ឃួន ​ឡាំកូស៊ីន​ ពិត​ជា​ធ្វើ​ការ​ធ្ងន់​ហើយ​លើក​នេះ​​»។​

លោក​បន្ត​ថា ​កន្លង​មក​ ឡាំកូស៊ីន​ វ៉ៃ​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម​ ​ហើយ​ពេល​នេះ​ឡើង​មក​ប៉ះ​ជើង​ខ្លាំង ​អ៊ូច ​ធារិទ្ធ ​ទម្ងន់ ​៥៧ គីឡូក្រាម ​ពិត​ជា​លំបាក​ឈ្នះ​ហើយ ​ប៉ុន្តែ​ជា​ការ​ប្រកួត​ដ៏​តានតឹង​មិន​អាច​ទាយ​មុន​ទេ ​​ហើយ​ក៏​មាន​ឱកាស​វាយ​បក​បាន​ដូច​គ្នា​។​

ដោយ​ឡែក​ការ​ប្រកួត​គូ​សន្សំ​ប្រាក់​លាន​វិញ ត្រូវ​បាន​លោក ​ធន់ ​សុភា ជា​គ្រូ​បង្វឹក សៀវ ង៉ុយ បាន​​ប្រាប់​ថា​ សៀវ​ ង៉ុយ​ ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​៤ ហើយ​​បច្ចុប្បន្ន​ប្រឹង​ហាត់​ឡើង​វិញ​​ព្រោះ​ធ្លាក់​ចុះ​​មួយ​រយៈ​​ ហើយ​ការ​ប្រកួត​សន្សំ​ប្រាក់​លាន​ ដែល​ឈ្នះ​ ១ ​លើក បាន ​១ ​លាន​រៀល​នេះ គឺ សៀវ ង៉ុយ បាន​ឈ្នះ ​២ លើក​ហើយ។

លោក​ ធន់ ​សុភា​ ​បន្ត​ថា​៖ ​«សៀវ​ ង៉ុយ​ បាន​​ឈ្នះ​​បាន ​២ ​សប្ដាហ៍​ហើយ គឺ​​ឈ្នះ ​បឺត ​ចិត្រា​ និង​ឈ្នះ ​អេ​ វ៉ាន់ចាន់រាជ ​ដោយ​​មាន ​២ ​លាន​រៀល​ក្នុង​ដៃ​រួច​ទៅ​ហើយ ​អ៊ីចឹង​បើ​​ឈ្នះ ​សយ ​សុខ ​ជា​លើក​ទី​៣ ​នឹង​មាន​ប្រាក់ ​៣ ​លាន​រៀល​ ខណៈ ​សយ ​សុខ នេះ​មាន​សមត្ថភាព​មិន​ទាន់​​ល្អ​ដូច ​សៀវ ​ង៉ុយ ​ទេ ​ប៉ុន្តែ​កម្លាំង​ល្អ​ជាង ​ហេតុ​នេះ​ខ្ញុំ​រំពឹង​ឈ្នះ ​៧០ ​ភាគរយ​​»។​

ចំណែក​លោក​ ឡុង​ វិបុល ​គ្រូ​បង្វឹក​ សយ​ សុខ​ បាន​និយាយ​ថា​៖ «​នៅ​ក្នុង​វគ្គ​សន្សំ​ប្រាក់​លាន​​នេះ​ សយ ​សុខ ​ទើប​តែ​បាន​ចូល​រួម​ជា​លើក​ទី ​១ ​ប៉ុន្តែ​ប៉ះ​ សៀវ​ ង៉ុយ​ ​សង្ឃឹម​ត្រឹម ​៥០ ​ភាគរយ​ទេ ​ព្រោះ​គេ​ចាស់​វស្សា​ជាង»។ ​សៀវ ​ង៉ុយ​ ប្រកួត​បាន ១២០ ​ដង ឈ្នះ ​១០០ ចាញ់ ​១៥​ ​ស្មើ ​៥ ចំណែក​ សយ​ សុខ​ ប្រកួត​បាន ​៦៦ ​ដង ឈ្នះ ​៥៦​ ចាញ់ ​៥​ ស្មើ​ ៥​៕​​

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។