ភ្នំពេញៈ ការប្រកួត​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​នៅ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​នា​ល្ងាច​ថ្ងៃទី​ ១៥ និង​ថ្ងៃទី​ ១៦ ខែ​មីនា ឆ្នាំ​ ២០១៩ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​ប្រាប់​ថា មាន​ចំនួន​ ១១ ​គូ​ដែល​ជា​ការប្រកួត​កម្រិត​ថ្នាក់ជាតិ​រវាង​កីឡាករ​ខ្មែរ និង​ខ្មែរ​មិត្តភាព​ដកស្រង់​បច្ចេកទេស ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ជូន​មហាជន​ទស្សនា​ដោយ​សេរី​។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ NOCC និង​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី​កីឡា​នៅ​បុណ្យ​ទន្លេ​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​ប្រដាល់​គុន​ខ្មែរ​ចំនួន​ ១១ ​គូ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ចំនួន​ ២ ថ្ងៃ​នៅ​បុណ្យ​ទន្លេ​ក្នុង​កម្រិត​លក្ខណៈ​មិត្តភាព ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ជូន​មហាជន​ទស្សនា​ដោយ​យើង​ពុំ​មាន​ប្រកួត​លក្ខណៈ​អន្តរជាតិ​នោះ​ទេ ហើយ​ការរៀបចំ​នេះ​គឺ​អនុវត្ត​ទៅ​តាម​លទ្ធភាព​សមត្ថភាព​ថវិកា​របស់​កម្មវិធី ហើយ​ក៏​មិនមែន​ប្រកួត​ដណ្តើមពាន ឬ​ខ្សែក្រវាត់​អ្វី​នោះ​ដែរ គឺ​មិត្តភាព​ដកស្រង់​បច្ចេកទេស​ក្នុង​កម្រិត​មធ្យម​»​។

លោក​បាន​បន្ត​ថា​៖ «​កម្មវិធី​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​កីឡា​របស់​ខេត្ត​កំពង់ឆ្នាំង​នៅពេល​ល្ងាច​ដោយ​មាន​សហការ​ជាមួយ​ទូរទស្សន៍​អប្សរា​ក្នុង​ការផ្សាយ​ផ្ទាល់​ពី​ការប្រកួត​នេះ ចំណែក​ខ្លឹមសារ​នៃ​ការប្រកួត​គឺ​មិនមែន​សម្រួច​ទៅ​រក​ចំណាត់ថ្នាក់​ជា​ចម្បង​នោះ​ទេ​គឺ​គ្រាន់តែ​មិត្តភាព​ជាតិ​ធម្មតា សម្រាប់​កម្សាន្ត​ប៉ុណ្ណោះ​»​។

ចំណែក​លោក គង់ ចាន់ធីណា ជំនួយ​ការរៀបចំ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ដឹង​ថា​៖ «​សមាសភាព​អ្នក​ប្រដាល់​ត្រូវ​បាន​រៀបចំ​តាម​ការស្ម័គ្រចិត្ត​ដោយ​មាន​ការសម្របសម្រួល និង​ណែនាំ​ពី​ឯកឧត្តម​ប្រធាន វ៉ាត់ ចំរើន ដែល​ភាគច្រើន​ជា​កីឡាករ​ជើង​ថ្មីៗ ហើយ​ខ្ញុំ​គ្រប់គ្រង​ផ្ទាល់​នៅ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​»​។

តាម​លោក គង់ ចាន់ធីណា គឺ​នៅ​ថ្ងៃទី​ ១៥ ខែ​មីនា មាន​ការប្រកួត​ ៦ ​គូ ក្នុង​នោះ​គូ​ទី​ ១ ឆៃម៉េងហុង ជួប រ៉ាស រ៉ាយ ក្នុង​ទម្ងន់​ ៥១ ​គីឡូក្រាម គូ​ទី​ ២ ចាន់ មឿត ប៉ះ ឡុង សំណាង ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម គូ​ទី​ ៣ ​មាស ចាន់នឿន ប្រកួត​ជាមួយ សល់ ស្រស់ ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម គូ​ទី​ ៤ លី តឿន ត្រូវ​តទល់​នឹង ម៉ិល សារុន ក្នុង​ទម្ងន់​ ៦០ ​គ.ក្រ គូ​ទី​ ៥ ម៉ន សាម៉េត ប៉ះ មាស សារ៉ាក់ ក្នុង​ទម្ងន់​ ៥៧ ​គ.ក្រ ហើយ​គូ​ទី​ ៦ ម៉ី ស្លិនសុខ ជួប ឡុង ពិសិដ្ឋ ទម្ងន់​ ៥១ ​គ.ក្រ​។

សម្រាប់​ថ្ងៃទី​ ១៦ ខែ​មីនា​វិញ​មាន​ ៥ ​គូ​ក្នុង​នោះ​គូ​ទី​ ១ ឡុងគឹមហួរ ប៉ះ អឿន សំអូន ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម គូ​ទី​ ២ ឡុង មីត ប្រកួត​ជាមួយ ឯម ដារ៉ូ ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម គូ​ទី ​៣ រឿង សារិទ្ធិ ជួប សយសុខ ក្នុង​ទម្ងន់​ ៥៧ ​គ.ក្រ គូ​ទី​ ៤ អូន ចាន់ឡឹង ប៉ះ​ ភុន សោភ័ណ្ឌ​ក្នុង​ទម្ងន់​ ៦៧ ​គ.ក្រ ហើយ​គូ​ទី​ ៥ ​កីឡាករ ម៉ន ព្រហ្មម៉ាញ ត្រូវ​ប្រឈម​ជាមួយ ធា នុរាជ ទម្ងន់​ ៦៥ ​គ.ក្រ៕