ភ្នំពេញ៖ កីឡាករ​ជម្រើសជាតិ​ទម្ងន់ ៥៤ គីឡូក្រាម រិន ដាវីត ដែល​កំពុង​មាន​សមត្ថភាព​លេចធ្លោ​ខ្លាំង ក្រោយ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​មាស​នៅ​សង្វៀន PNN និង​ដណ្តើម​បាន​ពាន​លេខ ១ នៅ​ប៉ុស្តិ៍​លេខ ៥ នោះ បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខំប្រឹង​ដណ្តើម​ឱ្យ​បាន​ប្រាក់​លាន ពី​ការ​ប្រកួត​ម៉ារ៉ាតុង​នៅ​លើ​សង្វៀន​ថោន ដែល​ទើប​បើក​ឱ្យ​មាន​ការ​ប្រកួត​ជា​ថ្មី​វិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​យក​ប្រាក់​នោះ​ទៅ​ទិញ​ម៉ូតូ ខណៈ​ម៉ូតូ​របស់​គេ​ត្រូវ​បាន​ចោរ​លួច​បាត់ កាល​ពី​ថ្ងៃ​ចន្ទ កន្លង​មក​នេះ។

ជើង​ខ្លាំង​វ័យ​ក្មេង រិន ដាវីត បាន​ទទួល​ស្គាល់​ថា បេក្ខភាព ៣ នាក់​ទៀត មាន ភួន ឡាំងកូស៊ីន, ហ៊ឹម គឹមរៀង និង ជី ឆៃលី សុទ្ធតែ​ជា​ជើង​ខ្លាំង ដែល​ពិបាក​នឹង​យក​ឈ្នះ ប៉ុន្តែ​គេ​បាន​អះអាង​ថា៖ «អ្នក​ទាំង ៣ នាក់​នេះ សុទ្ធតែ​ជា​ជើងខ្លាំង​លំបាក​យក​ឈ្នះ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ឈ្នះ​ប្រាក់​លាន​នេះ​ម្តង​ទៀត ដើម្បី​ទិញ​ម៉ូតូ ព្រោះ​កាល​ពី​ថ្ងៃ​ចន្ទ ចោរ​បាន​គាស់​ផ្ទះ និង​លួច​ម៉ូតូ​ខ្ញុំ​បាត់​ទៅ​ហើយ ដោយ​ម៉ូតូ​នេះ​បាន​មក​ពី​ការ​ឡើង​ប្រកួត សន្សំ​លុយ ក្រៅ​ពី​ហូប​ចុក​ក្នុង​គ្រួសារ ទើប​តែ​ទិញ​បាន ឥឡូវ​បាត់​ទៅ​គ្មាន​អ្វី​ជិះ​ធ្វើ​ដំណើរ​ទេ»។

កីឡាករ​ដែល​បាន​បោះបង់​ការ​សិក្សា មក​ចាប់​អាជីព​ប្រដាល់ ដោយសារ​តែ​គ្រួសារ​ក្រក្រី​ខ្លាំង រិន ដាវីត បាន​បន្ត​ថា៖ «ក្នុង​ចំណោម​អ្នក ៣ នាក់​នេះ ខ្ញុំ​ធ្លាប់​ឈ្នះ​តែ ភួន ឡាំងកូស៊ីន ១ ទេ ចំណែក ហ៊ឹម គឹមរៀង ខ្ញុំ​ធ្លាប់​ចាញ់ ៣ ដង និង ជី ឆៃលី ខ្ញុំ​ធ្លាប់​ចាញ់ ១ ដង ប៉ុន្តែ​ជំនួប​លើក​នេះ ខ្ញុំ​សង្ឃឹម​វ៉ៃ​សងសឹក ដោយ​ឈ្នះ​ឱ្យ​បាន គឺ​សង្ឃឹម ៩០ ភាគរយ អ៊ីចឹង​ប្រាក់​រង្វាន់​ប្រចាំ​សប្តាហ៍​នេះ ខ្ញុំ​ត្រូវ​ខំ​វ៉ៃ​ដណ្តើម​​ឱ្យ​បាន»។

រិន ដាវីត បាន​បញ្ជាក់​ថា៖ «ជី ឆៃលី មាន​កណ្តាប់ដៃ​ធ្ងន់ លំបាក​យក​ឈ្នះ​ណាស់ ចំណែក ហ៊ឹម គឹមរៀង ខ្ញុំ​គ្មាន​ញញើត​ទេ ទោះ​ជា​ធ្លាប់​ឈ្នះ​ខ្ញុំ ៣ លើក​ក៏​ដោយ ព្រោះ​ការ​ឈ្នះ​នោះ ដោយសារ​គេ​មាន​ខ្សែ​ធំ​ប៉ុណ្ណោះ អ៊ីចឹង​ហើយ​នៅ​ពេល​យើង​វ៉ៃ​គេ​មិន​សន្លប់ គឺ​គេ​នៅ​តែ​មាន​ប្រៀប និង​មាន​ឱកាស​បាន​ឈ្នះ​យើង ដោយ​បក្ខពួក។ តែ​ទោះបី​ជា​យ៉ាងណា ការ​កាត់ក្តី​នៅ​សង្វៀន​ថោន​នេះ គឺ​មាន​យុត្តិធម៌​ល្អ»។

ចំណែក លោក ស្វាយ សុខុន គ្រូ​បង្វឹក រិន ដាវីត បាន​និយាយ​ថា៖ «ដាវីត កំពុង​ហាត់​ត្រៀម​បាន​ល្អ​ណាស់ គឺ​ត្រៀម​ការ​ប្រកួត​នេះ ដើម្បី​ដណ្តើម​ប្រាក់​លាន​ឱ្យ​បាន ព្រោះ​ទើបតែ​បាត់​ម៉ូតូ អ៊ីចឹង​វា​ចង់​បាន​លុយ​ទិញ​ម៉ូតូ​ឡើង​វិញ។ ដាវីត ជា​ក្មេង​ល្អ​ហាត់​ល្អ គោរព​វិន័យ​ល្អ និង​ប្រកួត​បាន​ល្អ ហេតុនេះ​ខ្ញុំ​រំពឹង​ឈ្នះ ៩០ ភាគរយ»។

លោក ធន់ សុភា គ្រូ​បង្វឹក ជី ឆៃលី បាន​និយាយ​ថា៖ «ឆៃលី មាន​ក្បាច់​ទាត់ និង​ចេញ​កណ្តាប់​ដៃ​ធ្ងន់ និង​ធ្លាប់​ឈ្នះ រិន ដាវីត ប៉ុន្តែ​ពិត​ជា​លំបាក​ទប់ទល់ ដាវីត ត្រង់​ក្បាច់​ជង្គង់ អ៊ីចឹង​ការ​ប្រកួត​លើក​នេះ ខ្ញុំ​សង្ឃឹម​មិន​ច្រើន​ទេ ត្រឹម ៥០ ភាគរយ ព្រោះ​គេ​ខ្លាំងៗ តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព»។

ចំណែក លោក សាន់ សៅយ៉ាន់ គ្រូ​បង្វឹក​របស់ ឡាំងកូស៊ីន បាន​ប្រាប់​ថា៖​ «ក្នុង​ចំណោម​អ្នក​ប្រដាល់ ៣ នាក់​នេះ ពិត​ជា​លំបាក​ប្រកួត ព្រោះ​វា​មាន​ក្បាច់​ប្រកួត​ល្អ​ដូច​គ្នា ដោយ​សមត្ថភាព​អាច​នឹង​លើស​គ្នា​បន្តិចបន្តួច ហើយ​ការ​ចាញ់ ឬ​ឈ្នះ អាស្រ័យ​លើ​កម្លាំង និង​ល្បិច​ពេល​ប្រកួត។ ខ្ញុំ​ធានា​ឱ្យ ឡាំងកូស៊ីន វ៉ៃ​អស់​ពី​សមត្ថភាព តែ​សង្ឃឹម​ឈ្នះ ៦០ ភាគរយ​ប៉ុណ្ណោះ»៕