ភ្នំពេញ៖ អ្នកប្រដាល់ក្នុងក្លិបមកុដរាជសីហ៍ ដែលជាប់គាំងក្នុងតំបន់ក្រហម ទើបប្តូរមកជាតំបន់លឿងទុំ ស្ថិតនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នោះ បានអះអាងថា ពួកគេ អស់អង្ករ និងអាហារហូបហើយ បន្ទាប់ពីបានជាប់ស្នាក់នៅក្នុងក្លិបផ្ទាល់ និងខកខានប្រកួតជិត ១០ សប្តាហ៍នោះ ហេតុនេះពួកគេ បានស្នើសុំឱ្យសប្បុរសជន មេត្តាជួយផ្តល់អង្ករ និងគ្រឿងហូបចុកដល់ពួកគេផង។
ជាមួយគ្នានេះប្រធានក្លិបមកុដរាជសីហ៍ និងជាគ្រូបង្វឹកផងនោះ ក៏បានទម្លាយការលំបាកនេះ ដោយសារភាពដោយត្រង់ថា ការប្រែក្លាយពីការជាប់គាំង នៅក្នុងតំបន់ក្រហម មកជាតំបន់លឿងទុំនេះ មានការធូរស្បើយបានខ្លះមែន ប៉ុន្តែការខកខានបានឡើងប្រកួតជាង ១ ខែកន្លះមកនេះ គឺធ្វើឱ្យកីឡាករ នៅក្នុងក្លិប បានដាច់ស្បៀងមែន ហើយពុំទាន់មានខាងណា ជួយឧបត្ថម្ភម្តងសោះ។
ក្លិបប្រដាល់ ដែលមានកីឡាករលំដាប់ល្អ និងខ្លាំងៗមួយនេះ គឺកាលពីមិនទាន់ជួបបញ្ហាបិទខ្ទប់ ដោយកូវីដ ១៩ គឺកីឡាករបានប្រកួត និងទទួលបានតម្លៃខ្លួនប្រកួត មកទ្រទ្រង់ក្លិប សម្រាប់ការហូបចុក បានសមរម្យ ហើយក៏មិនដែលចេះត្អូញត្អែរពីភាពក្រីក្រលំបាកផ្នែកជីវភាពឱ្យមហាជនដឹងនោះដែរ ប៉ុន្តែពេលនេះ អស់មែនហើយ ទើបពួកគេបានប្រកាសស្នើសុំដល់មហាជន និងអាជ្ញាធរមូលដ្ឋាន មេត្តាមកពិនិត្យមើល និងជួយពួកគេផង។
ប្រធានក្លិបមកុដរាជសីហ៍ លោក គង់ ចាន់ធីណា បានប្រាប់ថា៖ «ក្លិបប្រដាល់នេះ គឺធ្វើនៅផ្ទះផ្ទាល់ខ្លួនតែម្តង ដោយគ្មានលុយជួលកន្លែងដូចមុនៗទេ ហើយសកម្មភាពទ្រទ្រង់ក្លិបនេះបានដោយសារតែមានការប្រកួត គឺកីឡាករឡើងប្រកួត ទើបបានលុយ ប៉ុន្តែដោយបញ្ហាជំងឺកូវីដ ១៩ គឺកីឡាករ ដែលនៅសល់ពាក់កណ្តាលចំនួន៥នាក់ គឺបានជាប់គាំង មិនបានប្រកួតសោះ និងដេកស៊ីនៅទីនេះតែម្តង»។
គ្រូបង្វឹកជាមន្រ្តីនគរបាល លោក ចាន់ធីណា បានបន្តថា៖ «ខ្ញុំមិនចង់ប្រាប់គេឱ្យដឹងពីការខ្វះខាតនេះទេ ប៉ុន្តែរយៈពេល ១០ សប្តាហ៍ ដែលកីឡាករនៅ ៦ នាក់ និងកូនៗ ព្រមទាំងគ្រួសារទាំងអស់គ្នា សរុប ១០ នាក់ បានចំណាយការហូបចុកប្រចាំថ្ងៃ គឺអស់ស្បៀងហើយពេលនេះ។ ក្នុងរយៈពេលគ្មានការប្រកួត និងបិទខ្ទប់នេះ ការដោះស្រាយហូបចុក គឺពឹងលើប្រាក់ខែរបស់ខ្ញុំ ទាំងស្រុង ជាមួយគ្រួសារតែម្តង ដោយមិនទាន់មានអាជ្ញាធរ ឬសប្បុរសជនណា បានដឹង និងជួយនៅឡើយទេ ហេតុនេះសូមជូនដំណឹងដល់សប្បុរសជនផង ព្រោះដាច់បាយមែនទែនហើយ»។
នៅក្នុងតំបន់បិទខ្ទប់ ដែលទើបតែធូរស្រាលខ្លះ ដោយប្រែពណ៌ពីក្រហម មកលឿងទុំនេះក្លិបមកុដរាជសីហ៍ មានកីឡាករជាប់គាំងនៅក្នុងក្លិប ស្ថិតនៅក្នុងផ្ទះផ្ទាល់ចំនួន៦នាក់ ដោយដេកហូបចុក ស្នាក់នៅ ទីនេះ ក្នុងនោះមានកីឡាករ មុត ខ្លឹមខ្មៅ, តក់ សោភ័ណ្ឌ, ធា នុរាជ, សារឿន ចាន់, លី តឿន និង រឿង ឌីណា ដែលពួកគេ មិនបានចេញទៅប្រកួត នៅលើសង្វៀនសោះ។
កីឡាករ មុត ខ្លឹមខ្មៅ បានប្រាប់តាមទូរស័ព្ទមកថា៖ «ខ្ញុំមានផ្ទះ និងប្រពន្ធកូន នៅឯខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារការបិទខ្ទប់ គឺតាំងពីថ្ងៃចូលឆ្នាំមក ខ្ញុំនៅក្នុងក្លិបនេះរហូត។ ខ្ញុំ និងកីឡាករទាំង៥នាក់ បានទទួលការហូបចុកលក្ខណៈសន្សំសំចៃដែរ ព្រោះអត់ចំណូលទេ គឺបានមកពីលោកគ្រូ គាត់អនុញ្ញាតឱ្យហូបជាមួយគ្រួសារគាត់ ហើយពួកខ្ញុំ មិនហ៊ានហាមាត់សុំគេទៀតទេ»។
ខ្លឹមខ្មៅ បានបន្ថែមថា៖ «ពីមុនពេលខ្ញុំខ្វះខាត គឺបានសប្បុរសជនជួយ ដើម្បីអាចធ្វើផ្ទះសម្បែងឱ្យកូនប្រពន្ធ នៅឯស្រុក ប៉ុន្តែដល់បច្ចុប្បន្នខកខានប្រកួត ដោយបញ្ហាកូវីដ ១៩ ខ្ញុំមិនហ៊ានសុំគេទៀតទេ។ ពេលនេះ គឺដាច់មែនទែនហើយ ដោយការហូបចុក ស្នាក់នៅ ពឹងលើគ្រួសារលោកគ្រូ។ ខ្ញុំអាចចេញទៅផ្ទះបាន ប៉ុន្តែនៅសល់ ១ សប្តាហ៍ទៀត ទើបបានប្រកួត អ៊ីចឹងខ្ញុំត្រូវហ្វឹកហាត់ ប៉ុន្តែបញ្ហា ត្រង់ដាច់ស្បៀងនេះតែម្តង»។
ចំណែកកីឡាករ លី តឿន បាននិយាយថា៖ «ខ្ញុំគ្មានការងារណាធ្វើ ដើម្បីបានលុយទេ ហើយខ្ញុំនៅហូបចុកជាមួយផ្ទះលោកគ្រូ មួយរយៈនេះ លំបាកគាត់ហើយ។ ខ្ញុំមានប្រពន្ធ និងកូន ១ ដែរ គឺកំពុងខ្វះខាត់ណាស់ ដោយមិនទាន់ឃើញអាជ្ញាធរ ឬខាងណាជួយជាគ្រឿងហូបចុកនៅឡើយទេ»៕