ភ្នំពេញ៖ ខ្សែប្រយុទ្ធដ៏មុតស្រួច Atuheire Kimson និងខ្សែបម្រើ Amir Gurbani របស់ក្លិបណាហ្គាវើល ដែលកំពុងលេងនៅលីកកំពូលកម្ពុជា សុទ្ធតែត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន ហើយរឿងនេះត្រូវបានគ្រូបង្វឹកក្រុមណាហ្គាវើលចាត់ទុកថា ជាមោទនភាពចំពោះក្លិប និងជាតម្រុយដ៏ល្អដែលនឹងធ្វើឲ្យអ្នកទាំង ២ មានកម្រិតលេងកាន់តែរីកចម្រើន។
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធថា៖ «ខ្ញុំមិនទាន់ច្បាស់ថា Atuheire Kimson និង Amir Gurbani បានជាប់ក្នុងជម្រើសជាតិរបស់ខ្លួន ឬយ៉ាងណានោះទេ ដោយសារពួកគាត់មិនទាន់ឃើញបង្ហោះរូបភាពឲ្យខ្ញុំឃើញនៅឡើយទេ ប៉ុន្តែអ្នកទាំង ២ នេះ បានមកសុំច្បាប់ខ្ញុំឈប់សម្រាកចំនួន ២ សប្តាហ៍ ដូចគ្នា ហើយប្រាប់ខ្ញុំថា ពួកគេទៅលេងឲ្យក្រុមជម្រើសជាតិ»។
តាមព័ត៌មានដែលស្វែងរកក្នុង Wikipedia បានឲ្យដឹងថា ខ្សែប្រយុទ្ធពាក់លេខ ១៤ របស់ណាហ្គាវើល Atuheire Kimson ធ្លាប់បានជាប់ជាក្រុមជម្រើសជាតិរបស់ប្រទេស Rwanda តាំងពីឆ្នាំ ២០១០ មក ហើយខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំ កម្ពស់ ១,៨៣ ម៉ែត្ររូបនេះ ធ្លាប់មានបទពិសោធលេងច្រើននៅតាមបណ្តាប្រទេសមួយចំនួន។
Kimson បានចូលប្រឡូកក្នុងលីកកំពូលកម្ពុជា កាលពីឆ្នាំ ២០១៥ ដោយរូបគេបានលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀង ចំនួន ២ រដូវកាល រួចទើបមកចូលរួមនៅក្លិបណាហ្គាវើល ក្នុងឆ្នាំ ២០១៧ មុនពេលទៅលេងឲ្យក្លិប UKM របស់ម៉ាឡេស៊ី ហើយនៅឆ្នាំ ២០១៩ នេះ គេបានវិលមកលេងឲ្យក្លិបណាហ្គាវើលវិញក្នុងនាមជាខ្សែប្រយុទ្ធលេចធ្លោជាងគេប្រចាំក្លិបដដែល។
ចំណែកខ្សែបម្រើពាក់លេខ ៨៧ Amir Gurbani ទើបតែមកចូលរួមលេងនៅលីកកំពូលកម្ពុជាក្នុងឆ្នាំ ២០១៩ នេះទេ ដោយលេងឲ្យក្លិបណាហ្គាវើល។ កីឡាករអាយុ ៣១ ឆ្នាំរូបនេះ បានជាប់ជាជម្រើសជាតិទួរមីនីស្ថាន តាំងពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៧ មុនពេលខកខាន កាលពីឆ្នាំ ២០១៨ ហើយពេលនេះ Amir Gurbani បានស្ថិតក្នុងជម្រើស ២៥ នាក់ របស់ក្រុមទួរមីនីស្ថាន។
លោក មាស ចាន់ណា បានបន្ថែមថា៖ «វាជារឿងដ៏ល្អ ដែល Atuheire Kimson និង Amir Gurbani បានទៅលេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ព្រោះនេះជាមោទនភាពរបស់ក្រុមយើង។ គ្រប់កីឡាកររបស់យើងទាំងអស់ មិនថាបរទេស ឬកីឡាករក្នុងស្រុក គឺឲ្យតែបានជាប់ជាជម្រើសជាតិ វាជាមោទនភាពរបស់ក្លិបយើង ព្រោះកាលណាពួកគាត់ជាប់ជម្រើសជាតិ នឹងបានប្រាក់ខែខ្ពស់ ហើយបច្ចេកទេសលេងរបស់ពួកគាត់ ក៏នឹងកាន់តែរីកចម្រើនផងដែរ»។
ក្រៅពីការកោះហៅឲ្យចូលក្នុងក្រុមជម្រើសជាតិរបស់ Atuheire Kimson និង Amir Gurbani គឺកីឡាករក្នុងស្រុកចំនួន ៤ នាក់ទៀតរបស់ក្រុមណាហ្គាវើល មាន គួច សុកុម្ភ, គួច ដានី, សុះ ស៊ូហាណា និងអ្នកចាំទី ស៊ូ យ៉ាទី ក៏បានជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ ដែលពួកគេ នឹងត្រូវបង្ហាញខ្លួន ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិហុងកុងនៅពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណាក៏ដោយ ក្រុមម្ចាស់ជើងឯកឆ្នាំ ២០១៨ ណាហ្គាវើល បានទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនក្នុងការការពារតំណែងជើងឯកក្នុងលីកកំពូលកម្ពុជាប្រចាំឆ្នាំ ២០១៩ នេះហើយ ព្រោះតាមការប្រកួត ២១ លើកកន្លងមកនេះ ក្រុមណាហ្គាវើលបានធ្លាក់ចេញពីលេខរៀងទី ១ និង ២ មកឈរនៅលេខ ៣ ដោយមានត្រឹម ៤៤ ពិន្ទុ តិចជាងក្រុមលេខ ២ វិសាខា មាន ៤៧ ពិន្ទុ និងក្រុមឈរនៅលេខ ១ ព្រះខ័នរាជស្វាយរៀង មាន ៥៥ ពិន្ទុ។
ជុំវិញបញ្ហានេះ លោក មាស ចាន់ណា បានប្រាប់ឲ្យដឹងថា៖ «យើងលែងមានសង្ឃឹមក្នុងការប្រជែងយកលេខ ១ ទៀតហើយ គឺយើងនៅសល់ត្រឹមឱកាសប្រជែងយកលេខ ២ ឬលេខ ៣ ប៉ុណ្ណោះ។ យើងនៅសល់ត្រឹមគោលដៅប្រជែងយកលេខ ២ ប៉ុន្តែវាក៏ស្ថិតនៅក្នុងការពិបាកផងដែរ ព្រោះពេលនេះកីឡាកររបស់យើងរបួសច្រើន ហើយកីឡាករចាស់ៗមានបទពិសោធ ដែលជាអ្នកនាំលេងនោះ ក៏នៅសល់មិនច្រើនដែរ»។
គួរបញ្ជាក់ថា សម្រាប់ ៥ ប្រកួត ចុងក្រោយ ណាហ្គាវើល នៅប្រឈមការប្រកួតដ៏តានតឹងចំនួន ៣ លើកទៀត គឺពេលពួកគេត្រូវជួបក្រុមកំពុងឈរនៅលេខ ៥ បឹងកេត ក្រុមវិសាខា និងក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ដែលសុទ្ធតែពិបាកក្នុងការប្រជែងរក ៣ ពិន្ទុ ខណៈ ២ ប្រកួតទៀត ពួកគេត្រូវប៉ះក្រុមខេត្តកំពង់ចាម និងសាលាកីឡាបាល់ទាត់ជាតិបាទី ដែលណាហ្គាមិន បារម្ភពីការចាញ់នោះទេ៕