
សកម្មភាពប្រកួតរវាងកីឡាករបារាំង Julien និងកីឡាករកម្ពុជា យុគ យក្សគីល កាលពីព្រឹកថ្ងៃអាទិត្យនេះ។ យឺន ពន្លក
ភ្នំពេញ: កីឡាករជើងខ្លាំងមកពីប្រទេសបារាំង Julien បានវាយកីឡាករយុគ យក្សគីល យ៉ាងទក់សាច់ មុននឹងទទួលបានជ័យជម្នះដោយឯកច្ឆ័ន្ទ ពីសំណាក់ចៅក្រមទាំង៥នោះ ក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពអន្តរជាតិក្នុងកម្មវិធី Boostrong Fighter On Fire នៅសង្វៀនអាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃអាទិត្យ ទី១២ សីហា ២០១៨។
ក្នុងការប្រកួតចំនួន៥ទឹកពេញ ក្នុងលក្ខណៈជក់ចិត្តដិតអារម្មណ៍ពីមហាជនទស្សនានោះ គេមើលឃើញថា លទ្ធផលចាញ់របស់យុគ យក្សគីល ក្រោមស្នៀតចម្រុះរបស់កីឡាករបារាំង Julien ពិតជាសមហេតុផលណាស់ ខណៈដែលយុគ យក្សគីល ហាក់ដូចជាគ្មានស្នៀតអ្វីតដៃបាន ក្រៅពីស្នៀតកណ្តាប់ដៃវាយចេញច្រើន ប៉ុន្តែចូលគោលដៅបានតិចតួចប៉ុណ្ណោះ។
កីឡាករបារាំងJ ulien ប្រៀបឈ្នះពិន្ទុទៅយគ្សគីល សឹងតែគ្រប់ទឹកតាំងពីទឹកទី១ ដល់ទឹកទី៥ ប៉ុន្តែយុគ យក្សគីល នៅតែគេចផុតពីការចាញ់ដោយសន្លប់បាន ដោយភាគច្រើនរត់គេចចេញពីការវាយសម្រុករបស់ កីឡាករបារាំង Julien ដែលវាយមិនដកថយសោះ។
ចប់ទឹកទី៥ យក្សគីល ចាញ់ដោយពិន្ទុពីសំណាក់ចៅក្រមឯកច័ន្ទ៥ទល់០។
ក្រោយការប្រកួត យក្សគីល បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ការហ្វឹកហាត់របស់ខ្ញុំមិនសូវបានដិតដល់ដោយសារតែជីវភាពខ្វះខាតពេក។ ខ្ញុំតែងតែយកពេលវេលាទៅរត់រឺម៉កកង់៣រាល់ថ្ងៃសម្រាប់ទ្រទ្រង់ជីវភាព។ ខ្ញុំចង់វ៉ៃខ្លាំងដូចមុនៗដូចឆ្នាំ២០១២ គឺខ្ញុំខ្លាំងកណ្តាប់ដៃធ្ងន់ ប៉ុន្តែសព្វថ្ងៃ បើខ្ញុំចំណាយពេលហាត់ច្រើននោះ ប្រាកដជាគ្មានពេលរត់ប៉ូតូកង់៣ ហើយជីវភាពប្រចាំថ្ងៃរបស់ខ្ញុំពិតជាលំបាក ពីព្រោះមានប្រពន្ធ និងកូនក្នុងបន្ទុកផងដែលត្រូវរា៉ប់រងទាំងស្រុង»។
យក្សគីល បានបន្ថែមថា៖ «ប្រសិនបើរយៈពេល១ខែ ខ្ញុំមានឱកាសបានឡើងប្រកួតលក្ខណៈអន្តរជាតិបានត្រឹមពីរលើកនោះ ខ្ញុំនឹងបោះបង់ ឬផ្អាកមុខរបររត់រ៉ីម៉កកង់៣បណ្តោះអាសន្ន មកហ្វឹកហាត់តែម្យ៉ាងបាន ប៉ុន្តែការប្រកួតវាមិនទៀងទាត់ទេពេលខ្លះចាប់គូបានប្រកួត ពេលខ្លះចាប់មិនបានគឺត្រូវដាច់បាយ»។
ចំណែកលទ្ធផលផ្សេងទៀត កីឡាករវ៉ាន់ វឿន មកពីជម្រើសជាតិ បានផ្តួលកីឡាករសយ សុខ មកពីក្លិបវិបុលឫទ្ធីសែនសុខ ឲ្យសន្លប់ត្រឹមទឹកទី២។ កីឡាករសា រឿនច័ន្ទ មកពីក្លិបតាព្រហ្មមានជ័យ បានយកឈ្នះកីឡាករសុខ សុវណ្ណ ដោយពិន្ទុប៉ុន្តែក្រោយការប្រកួតសុខ សុវណ្ណ បានតវ៉ាទៅគណៈកម្មការក្រៅច្បាប់ផងដែរ ខណៈដែលកីឡាករហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យ បានយកឈ្នះកីឡាករថៃ Sing Dan ទាំងវេទនាភ្នែក៕