ភ្នំពេញ៖ ​ដោយ​​មិន​រាប់​ពី​ការ​ប្រកួត​ខ្នាត​តូចៗ ​នៅ​តាម​ខេត្ត​ជន​បទ គឺ​យ៉ាង​តិច​ក៏​មាន​ស្ថានីយ​ទូរទស្សន៍​ចំនួន ​៥ ​បាន​រៀបចំ​ការ​ប្រកួត​ប្រដាល់​រៀង​រាល់​ចុង​សប្តាហ៍ ​ក្រោម​ការ​គ្រប់គ្រង​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ក្នុង ​១ សប្តាហ៍ ​មាន​កីឡាករ​ត្រូវ​ចាប់​គូ​ប្រកួត​សរុប​ខ្ទង់​ ​៦៩ ​គូ​ ឬ​ស្មើ​នឹង​ ​១៣៨ ​នាក់​។

ជាមួយ​គ្នា​នោះ មាន​កីឡាករ​លំដាប់​ល្បីៗ​ ដែល​ត្រូវ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ ​ឬ​ប្រកួត​អន្តរជាតិ​ដណ្តើម​ខ្សែ​ក្រវាត់​តាម​កម្មវិធី​ត្រៀម​ទុក​មុន​ជា​ស្រេច​ មាន​ចំនួន​ប្រហែល ​៣០ ​គូ​ផង​ដែរ​។ ​ដោយ​ឡែក​កីឡាករ​ឆ្នើម ​និង​ល្បី​បំផុត​ជួរ​មុខ ​ដែល​មាន​ប្រជាប្រិយ​ជាង​គេ​នោះ​ បាន​ស្នើ​សុំ​ឡើង​តម្លៃ​ខ្លួន​ប្រកួត​សម្រាប់​ឆ្នាំ ​២០២០ ​នេះ​។​

រឿង ​សោភ័ណ្ឌ​ អ្នក​ប្រដាល់​ឆ្នើម​​មក​ពី​ក្លិប​មកុដ​រាជសីហ៍​ ដែល​មាន​សេវា​​ប្រកួត​សឹង​​គ្រប់​​សប្តាហ៍​នោះ​បាន​និយាយ​ថា​៖ «​ឆ្នាំ​​នេះ ​ការ​ប្រកួត​នៅ​សង្វៀន​ក្នុង​រាជធានី​ភ្នំពេញ ​គឺ​ខ្ញុំ​សុំ​តម្លៃ​ខ្លួន​ប្រកួត​ម្តង​ ​៧០០ ​ដុល្លារ ​ចំណែក​ទៅ​តាម​ខេត្ត ​ធ្វើ​ដំណើរ​ឆ្ងាយ ​ហូប​ចុក​ស្នាក់​នៅ​ ព្រម​ទាំង​សោហ៊ុយ​ធ្វើ​ដំណើរ​នោះ​ គឺ​ស្នើ​សុំ​ចំនួន ​១ ​០០០ ​ដុល្លារ​យ៉ាង​តិច»​។​

សោភ័ណ្ឌ​ បន្ត​ថា​៖ «​កាល​ពី​ដើម​ឆ្នាំ​ ​២០១៩​ ​ខ្ញុំ​ប្រកួត​ម្តង​បាន ​៥០០ ​ដុល្លារ ​ហើយ​ចុង​ឆ្នាំ​ឡើង​បាន ​៥៥០ ​ដុល្លារ​ ក្នុង ​១ ​លើក​ គឺ​សឹង​តែ​រក​ពេល​ថែ​ទាំ​សុខភាព​សម្រាប់​ការ​ប្រកួត​ឲ្យ​កម្មវិធី​របស់​គេ​​មិន​ទាន់​ផង​ ​ព្រោះ​ការ​ប្រកួត​ញឹកញាប់​ពេក ​ឈឺ​ខ្លួន​មាន​បញ្ហា​សុខភាព​ ព្រម​ទាំង​វ៉ៃ​មិន​សូវ​បាន​ល្អ​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​មហាជន​ផង​។ ​ទោះ​ជា​យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​ក្នុង​ប្រទេស​ដែល​មាន​ព្រឹត្តិការណ៍​ធំៗ​ម្តងម្កាល​ម្ចាស់​កម្មវិធី​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​តម្លៃ​ខ្លួន​ប្រកួត​មួយ​លើក​ចំនួន ​១ ​០០០ ​ដុល្លារ​ផង​ដែរ»​។​

ទោះ​ជា​យ៉ាង​ណា​សង្វៀន​ប្រដាល់​ខ្លះ បាន​​រៀបចំ​ការ​ប្រកួត​គ្មាន​តម្លាភាព ​គឺ​ប្រជែង​យក​កីឡាករ​ខ្លាំងៗ ​​ដោយ​ផ្តល់​តម្លៃ​ខ្លួន​ឲ្យ​កីឡាករ​នីមួយៗ​ មិន​ដូច​គ្នា​ឡើយ​ គឺ​កីឡាករ​ម្នាក់​ប្រកួត​នៅ​សង្វៀន​ផ្សេង​ពី​គ្នា ​តម្លៃ​ខ្លួន​ខុស​ពី​គ្នា​ ពិសេស​មាន​សង្វៀន​ខ្លះ​មាន​ចាយ​​លុយ​ក្រោម​តុ ​ដើម្បី​ទាក់ទាញ​ និង​លួងលោម​កីឡាករ​ឲ្យ​ប្រកួត​នៅ​សង្វៀន​របស់​ខ្លួន​ជានិច្ច​។​

ចំណែក ឡុង ​សុភី ​មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ទួល​គោក​ បាន​និយាយ​ថា​៖ «​ឆ្នាំ​ចាស់​ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្លួន​ប្រកួត​ប្រហែល​ រឿង​ សោភ័ណ្ឌ​ ដែរ​ គឺ​ ៥០០ ​ដុល្លារ ​ក្នុង ​១ ​លើក​ ហើយ​មាន​កម្មវិធី​ពិសេស​ខ្លះ​ ក៏​បាន​ច្រើន​ជាង​នេះ​ដូច​គ្នា ​ប៉ុន្តែ​ខ្ញុំ​មិន​សូវ​មាន​ប្រជាប្រិយដូច ​រឿង ​សោភ័ណ្ឌ ​ទេ​ ទោះបី​ខ្ញុំ​ធ្លាប់​ឈ្នះ​ រឿង ​សោភ័ណ្ឌ ​ច្រើន​ជាង​ក៏​ដោយ»​។

អ្នក​លេង​ស្នៀត​ជង្គង់​រូប​នេះ បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ចង់​សុំ​ឡើង​តម្លៃ​ខ្លួន​ដែរ ​ប៉ុន្តែ​​មិន​ហ៊ាន​ដាក់​តម្លៃ​ទេ ​គ្រាន់​តែ​សុំ​ច្រើន​ជាង​ឆ្នាំ​ចាស់​​។ ចំណែក​ការ​​ចេញ​ប្រកួត​ក្រៅ​ប្រទេស​ ខ្ញុំ​សុំ ​១ ៥០០ ​ដុល្លារ ​ក្នុង​ការ​ប្រកួត​ម្តង ​ដោយ​ការ​ចំណាយ​សោហ៊ុយ​ និង​ហូប​ចុក​ ជា​បន្ទុក​របស់​ម្ចាស់​កម្មវិធី​។ សម្រាប់​ឆ្មាំ​ថ្មី ​២០២០ ​នេះ​ ខ្ញុំ​ប្រកួត​នៅ​សង្វៀន ​Mas Fight​ បាន​តម្លៃ​ខ្លួន ​៥០០ ​ដដែល ​ប៉ុន្តែ​បន្ថែម​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់ ​គឺ​ខ្ញុំ​ទទួល​បាន​ទឹក​ប្រាក់​សរុប​ ​១ ​១០០ ​ដុល្លារ ហើយ​​ខ្ញុំ​គិត​ថា ​២០២០​ ខ្ញុំ​សុំ​លើស​ឆ្នាំ​ចាស់​ ទើប​ទទួល​ការ​ប្រកួត»​។​

ចំណែក​កីឡាករ កែវ ​រំចង់ ​ជើង​ល្បី​នៅ​ខេត្ត​បាត់ដំបង បាន​​និយាយ​ថា​៖ «​​ការ​ប្រកួត​​ស្រុក ខ្ញុំ​សុំ​តម្លៃ​ប្រកួត ​១ ០០០ ​ដុល្លារ ​ហើយ​នៅ​ក្រៅ​ស្រុក​ គឺ​ទាល់​តែ ​២ ០០០ ​ដុល្លារ​ ដោយ​មិន​ទាន់​គិត​ពី​សោហ៊ុយ​ហូប​ចុក​ធ្វើ​ដំណើរ​ផង»​។​

លោក​ តែម ​ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា​៖ «​បញ្ហា​​តម្លៃ​ខ្លួន​កីឡាករ​ គឺ​អាស្រ័យ​លើ​ភាគី​ខាង​ម្ចាស់​កម្មវិធី ​និង​អ្នក​ឧបត្ថម្ភ​កម្មវិធី ​គេ​ស្វែងរក​ថវិកា ​តើ​បាន​ប៉ុនណា? ​ចំណែក​ខាង​សហព័ន្ធ​គ្រប់គ្រង​លើ​បច្ចេកទេស​ទោះ​យ៉ាង​ណា ​យើង​ក៏​​​ចង់​ឲ្យ​កីឡាករ​របស់​យើង ​​ទទួល​បាន​​តម្លៃ​ខ្លួន​កើន​ឡើង​ខ្ពស់​ជាង​មុន ដែល​​សមរម្យ​ តែ​ក៏​ត្រូវ​មាន​ការ​ឯកភាព​ពី​​​គ្រប់​ភាគី​ដែរ ព្រោះ​ការ​ប្រកួត​​ដំណើរការ​ទៅ​បាន​ គឺ​ជា​ថវិកា​របស់​វិស័យ​ឯកជន​ដែល​ឧបត្ថម្ភ​ មិនមែន​សហព័ន្ធ ​ឬ​ស្ថាប័ន​រដ្ឋ​នោះ​ឡើយ»។

លោក ​ញាន ​សុធី​ នាយក​គ្រប់គ្រង​កម្មវិធី ​នៅ​សង្វៀន​ SEATV និយាយ​ថា​៖ ​​«រឿង ​សោភ័ណ្ឌ​ ស្នើសុំ​តម្លៃ​ខ្លួន​ប្រកួត​ម្តង ​៧០០ ដុល្លារ​ ហើយ​ខាង​ខ្ញុំ​កំពុង​សិក្សា​តម្លៃ​ជា​មួយ​ខាង​ស្ពនស័រ ​តើ​ទៅ​រួច ​ឬ​យ៉ាង​ណា​ ​ព្រោះ​បើ​កីឡាករ​ល្បី​សុំ​ឡើង​ គឺ​កីឡាករ​ល្បី​មួយ​ទៀត​ នឹង​សុំ​ឡើង​ដូច​តែ​គ្នា ​អ៊ីចឹង​តើ​យើង​អាច​រត់​រួច ​ឬ​យ៉ាង​ណា​ គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​»៕