ភ្នំពេញៈ កីឡាករ​វាយ​សី​ឆ្នើម​ចំនួន ៤ នាក់ ដែល​ទទួល​បាន​គ្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ មក​ពី​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ក្លិប​ចាស់​រារាំង​មក​គណៈកម្មការ មិន​ឲ្យ​ចូល​ប្រកួត​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ ខាងមុខ ដោយ​បាន​អះអាង​ថា កីឡាករ​ទាំង ៤ នាក់​នេះ និង​គ្រូ​បង្វឹក​ម្នាក់​ទៀត​ធ្លាប់​លេង​ឲ្យ​សមាគម​វាយ​សី​របស់​ខ្លួន នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង កន្លង​មក។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ទីប្រឹក្សា​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង និង​ជា​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​វត្តមាន​របស់​កីឡាករ​វាយ​សី ៤ នាក់ មាន ទេព ច័ន្ទម៉ារ៉ា,ទេព ទិត្យណារ៉ូ, វ៉ាន់ សៅ​មុន្នី,និង​យ៉ាន កុសល បាន​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ លេង​ឲ្យ​សមាគម​កីឡា​វាយ​សី​ក្រសួង​មហាផ្ទៃ និង​គ្រូបង្វឹក ២ នាក់​ទៀត​មាន​លោក តាន់ ម៉េងហុង និង​គ្រូ​ជំនួយ ម៉ៅ ចាន់ថន បាន​ដាក់​ពាក្យ​ចូល​ប្រកួត​កីឡា​ជាតិ លើក​ទី ២ រួច​ហើយ។

លោក​បន្តថា ប៉ុន្តែ​មាន​លោក ចេង ញ៉ា​ន់ អតីត​អភិបាល​ខេត្តរង​កំពង់​ឆ្នាំង ដែល​ទើប​ផ្ទេរ​ទៅ​កាន់​តំណែង​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​រារាំង​វត្តមាន​កីឡាករ និង​គ្រូបង្វឹក​ទាំង​នេះ មិន​ឲ្យ​ប្រកួត​ក្នុង​គំនិត​ទុច្ចរិត​ឈ្នានីស មិន​ឲ្យ​កីឡាករ​វាយ​សី​ក្រសួង​មហាផ្ទៃ ចូល​ប្រកួត​ព្រោះ​ពួកគេ​ខ្លាំងៗ​អាច​នឹង​ឈ្នះ​មេដាយ​មាស។

លោក ជា ប៊ុនហេង បញ្ជាក់​ថា៖ «នេះ​ជា​គំនិត​ដើរ​ថយ​ក្រោយ ព្រោះ​ការ​ប្រកួត​កីឡា​ជាតិ​នេះ រាជ​រដ្ឋាភិបាល​ចំណាយ​លុយ​យ៉ាង​ច្រើន ដើម្បី​ស្វែង​រក​អ្នក​ខ្លាំង​ពូកែ​មាន​សមត្ថភាព​ពិត សម្រាប់​ជាតិ​ទាំង​មូល មិន​មែន​សម្រាប់​ក្រុម ឬ​បុគ្គល​មួយ​ចំនួន​តូច​ទេ ហើយ​សមាស​ភាព​អត្ត​ពលិក​មក​ពី​មហាផ្ទៃ​មួយ​ចំនួន តែង​តែ​រង​នូវ​ភាព​អយុត្តិធម៌ ពី​បុគ្គល​ខ្លះ​ដែល​រារាំង​រក​លេស​មិន​ឲ្យ​ចូល​ប្រកួត ព្រោះ​ខ្លាច​មហាផ្ទៃ​បាន​មេដាយ​ច្រើន ធ្វើ​ឲ្យ​បាក់​មុខ​មាត់​ពួកគេ»។

ពាក់ព័ន្ធ​បញ្ហា​នេះ​ លោក ជាម សុភា អគ្គលេខា​សហព័ន្ធ​កីឡា​វាយសី និង​ ជា​អនុគណៈកម្មការ​វាយ​សី ក្នុង​កីឡា​ជាតិ លើក​ទី ២ បាន​ប្រាប់​ថា ទាំង​ក្រសួង​អប់រំ និង ​សហព័ន្ធ​វាយ​សី​មិន​ជំទាស់​ទេ ប៉ុន្តែ​ ត្រូវ​បំពេញ​លក្ខខណ្ឌ​ឲ្យ​បាន ត្រឹមត្រូវ ព្រោះ​គណៈកម្មការ មាន​ច្បាប់​ប្រកួត​ឲ្យ​គោរព​តាម។

លោក តាន់ ម៉េង​ហុង ជា​គ្រូបង្វឹក​ប្រាប់ថា ពួកលោក​ធ្លាប់​នៅក្នុង​សមាគម​វាយ​សី​ខេត្ត​កំពង់ឆ្នាំង​មែន ប៉ុន្តែ​មិន​ដែល​ចុះ​កិច្ច​សន្យា​នៅ​មួយ​ជីវិត​របស់​ខេត្ត​នេះ​ទេ គឺមាន​សិទ្ធិ​ទៅ​លេង​ឲ្យ​ក្លិប ឬ​សមាគម​ណា​ក៏បាន​ដែរ ហើយ​បច្ចុប្បន្ន​កីឡាករ​ទាំង​នេះ ជា​មន្ត្រី​នគរបាល​ជាតិ គឺ​ត្រូវ​លេង​ឲ្យ​ក្រសួង​មហាផ្ទៃ​ហើយ គឺ​គ្មាន​អ្វី​ខុស​ច្បាប់​ទេ។ លោក​បន្ត​ថា៖ «រឿង​នេះ​គន្លឹះ​សំខាន់​គឺ​នៅ​លើ​លោក​ជាម សុភា ដែល​ជា​អគ្គលេ​ខាធិការ​សហព័ន្ធ​ផង និង​ជា​អនុ​គណៈកម្មការ​វាយ​សី កីឡា​ជាតិ លើក​ទី ២ ផង ដែល​មាន​សិទ្ធិ​សម្រេច មិន​គប្បី​ទៅ​ខ្លាច ឬ​ធ្វើ​តាម​តំណាង​ក្លិប ឬ​សមាគម​មក​ពី​ខេត្ត​កំពង់ឆ្នាំង​នោះ​ទេ»។

ចំពោះ​បញ្ហា​នេះ លោក ជា ប៊ុនហេង បាន​ហៅ​ជាម សុភា ថា​ដើរតួ​ជា​អ្នក​ទាត់​បាល់​ផង ធ្វើ​អាជ្ញាកណ្តាល​ផង គឺ​មានន័យ​ថា ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​លោក ចេង ញ៉ាន់ ប៉ុន្តែ​ពួកគេ​អាច​ឃុបឃិត​គ្នា ជំទាស់​តវ៉ា មិន​ឲ្យ​កីឡាករ​ឆ្នើម​ទាំង ៤ នាក់​នេះ​បាន​ឡើង​ប្រកួត។

ចំណែក​លោក គាត ហូ មន្ត្រី​ចូលនិវត្តន៍ ហើយ​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​លោក ចេង ញ៉ាន់ កាល​ពី​ថ្ងៃ​សៅរ៍ សួរ​ពី​មូលហេតុ​នេះ ប៉ុន្តែ​លោក ចេង ញ៉ា​ន់ ប្រកែក​មិន​ទទួល​យក​សំណើ​ណាមួយ​ទេ ដោយ​លោក​បញ្ជាក់​ថា មិន​ឲ្យ​ពួកវា​ចូល​ប្រកួត​បាន​ឡើយ ព្រោះ​លោក​ធ្លាប់​ចឹញ្ចឹក​ពួកវា យូរ​មក​ហើយ ឥឡូវ​វា​ទៅ​លេង​ឲ្យ​មហាផ្ទៃ»។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ជា​អ្នកជំនាញ​ច្បាប់​កីឡា បាន​ថ្លែងថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី ២ នេះ​រាជរដ្ឋាភិបាល​ចំណាយ​ប្រាក់​រៀបចំ ដើម្បី​ជ្រើស​រក​អ្នក​ខ្លាំង​ពូកែ ទោះ​ជា​នៅ​ក្លិប​ណា សមាគម​ណា ខេត្ត​ណា ក៏​ជា​របស់​ជាតិ​តែ​មួយ។ ហេតុ​នេះ​គួរ​មន្ត្រី​ពាក់ព័ន្ធ​កីឡា យោគ​យល់​ដើម្បី​ឲ្យ​ការ​ប្រកួត​ជ្រើសរើស​បាន​អ្នក​ខ្លាំង​ពិត​ប្រាកដ ជា​អត្តពលិក​ខ្មែរ។

លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​សាកសួរ​ចុង​ក្រោយ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ បាន​មាន​ប្រសាសន៍​ថា៖ «រឿង​នេះ​តាម​ខ្ញុំ​ដឹង​គឺ​ឲ្យ​សម្រប​សម្រួល​គ្នា​ហើយ គឺ​មិន​ឲ្យ​មាន​បញ្ហា​នោះ​ទេ»៕