ក្រុង​មីឡាន៖ ​ក្លិប​លំដាប់​កំពូល​​របស់​ប្រទេស ​អ៊ីតាលី គឺ​សេះ​បង្កង់ Juventus បាន​ប្រកាស​ឲ្យ​ដឹង​ថា​ក្លិប​បាន​សម្រេច​កាត់​បន្ថយ​ប្រាក់​ខែ​របស់​កីឡាករ ព្រម​ទាំង​គ្រូ​បង្វឹក ​លោក Maurizio Sarri ហើយ បន្ទាប់​ពី​វិស័យ​កីឡា​របស់​ប្រទេស​នេះ ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី ​៣ ខែ​មេសា ដោយសារ​ការ​រាត​ត្បាត​របស់​វីរុស​កូរ៉ូណា។

នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ ក្លិប Juventus បាន​ឲ្យ​ដឹង​ថា​៖ ​«​ដោយ​ពិចារណា​ពី​ផល​ប៉ះ​ពាល់​ផ្អែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច យើង​បាន​ឈាន​ដល់​ការ​យោគ​យល់​គ្នា ​ប្រកប​ដោយ​ផល​វិជ្ជមាន ពោល​គឺ​ក្លិប​ចំណេញ​ប្រាក់​ប្រហែល ៩០ ​លាន​អឺរ៉ូ (​១០០​,​៥ ​លាន​ដុល្លារ​) សម្រាប់​ហិរញ្ញវត្ថុ​ប្រចាំ​រដូវកាល ២០១៩​-២០២០​»​។

ស្រប​ពេល​ជំងឺ​កូវីដ ​១៩ កំពុង​ឆ្លង​រាលដាល​ទៅ​ប្រទេស​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក អ៊ីតាលី​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​ប្រទេស​ផ្សេង​ៗ​​ ពោល​គឺ​មាន​ដល់​ទៅ​ជាង ១០ ០០០ ​នាក់​។​

ដោយសារ​វិបត្តិ​ដែល​កំពុង​តែ​កើត​មាន​នេះ Juventus ជា​ក្រុម​ជើង​ឯក​ក្របខ័ណ្ឌ Serie A ដែល​កំពុង​នាំ​មុខ​ក្រុម​លេខ ​២ Lazio ​ត្រឹម​តែ ១ ​ពិន្ទុ​ក្នុង​តារាង​ពិន្ទុ មុន​ការ​ប្រកួត​នៅ​សល់​ត្រូវ​បាន​ពន្យារ​ពេល​នោះ​បាន​ប្រាប់​ថា ​ខាង​ក្លិប​បាន​ព្រមព្រៀង​គ្នា​កាត់​ប្រាក់​ខែ​នេះ ចាប់​​ពី​ខែ​មីនា ដល់​ខែ​មិថុនា​។​ ក្លិប​សេះ​បង្កង់​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ​ប្រសិន​បើ​រដូវកាល​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ កីឡាករ​ទាំង​អស់​អាច​ទទួល​បាន​ប្រាក់​បន្ថែម​ក្នុង​ខែ​ទាំង​នោះ​វិញ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​​ ក្លិប​យក្ស​​ដែល​មាន​ទីតាំង​នៅ​ទី​ក្រុង​ Turin មួយ​នេះ​ក៏​មិន​ភ្លេច​អរគុណ​ដល់​សមាជិក​របស់​ក្លិប​ក្នុង​សេច​ក្ដី​ប្រកាស​នោះ​ដែរ ក្រោយ​មាន​ការ​យោគយល់​នេះ ដោយ​បន្ត​ថា​៖ ​«​​​ក្លិប Juventus សូម​ថ្លែង​អំណរ​គុណ​ដល់​បណ្ដា​កីឡាករ និង​ក្រុម​គ្រូ​បង្វឹក​ទាំង​អស់​ ចំពោះ​ការ​ប្ដូរ​ផ្ដាច់​របស់​ពួក​គេ​ក្នុង​ពេល​វេលា​ដ៏​លំបាក​សម្រាប់​គ្រប់​គ្នា​នេះ​»​។

ទោះ​យ៉ាង​ណា មិន​មែន​មាន​តែ​ក្លិប Juventus ទេ ដែល​កីឡាករ​ព្រម​កាត់​ប្រាក់​ខែ​របស់​ខ្លួន គឺ​នៅ​មាន​កីឡាករ​ក្នុង​ក្លិប​ធំៗ​ប្រចាំ​ទ្វីប​អឺរ៉ុប​​​ដទៃ​ទៀត ក៏​បាន​យល់​ព្រម​បន្ថយ​ប្រាក់​ប្រចាំ​ខែ​របស់​ពួក​គេ​ផង​ដែរ ក្នុង​នោះ​មាន​ដូច​ជា​កីឡាករ​ក្នុង​ក្លិប Bayern Munich និង​​​​ Borussia Dortmund នៅ​ប្រទេស ​អាល្លឺម៉ង់ ​ជា​ដើម​។

គួរ​បញ្ជាក់​ថា តារា​បាល់​ទាត់​ដែល​មាន​ប្រាក់​ខែ​​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ក្រុម Juventus គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​​ព័រទុយហ្គាល់ Cristiano Ronaldo ដែល​ធ្លាប់​ឈ្នះ​ពាន​ Ballon d''Or ចំនួន ៥ ​ដង និង​ខ្សែ​បម្រើ​សញ្ជាតិ​វេលស៍ ​ Aaron Ramsey ដែល​ធ្វើ​ដំណើរ​មក​អ៊ីតាលី ដោយ​ចាកចេញ​ពី​ក្រុម​កាំភ្លើង​ធំ​ Arsenal ​ជាមួយ​នឹង​លក្ខខណ្ឌ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​ឆ្នាំ​មុន​។

ជាមួយ​នឹង​ភាព​មិន​ប្រាកដប្រជា ​ដែល​កំពុង​តែ​កើត​មាន​នេះ កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ រដ្ឋមន្ត្រី​ផ្នែក​កីឡា​របស់​ប្រទេស ​អ៊ីតាលី លោក Vincenzo Spadafora បាន​និយាយ​ថា​ លោក​កំពុង​តែ​សង្ស័យ​ខ្លាំង​មែនទែន ​ថា​តើ​សកម្មភាព​នៃ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ Serie A អាច​នឹង​ចាប់​ផ្ដើម​មាន​ឡើង​វិញ ដូច​ការ​រំពុង​ទុក​នៅ​ដើម​ខែ​ឧសភា ​​ឬ​យ៉ាង​ណា​? AFP/VN