ក្រុងឡុងដ៍: ក្រុមកីឡាករឆ្នើមៗរបស់ក្រុមហង្សក្រហម Liverpool រួមខ្សែការពារ Virgil Van Dijk ផងដែរ បាននាំគ្នាផ្ដល់កម្លាំងចិត្តដល់កីឡាករ Neco Williams ក្រោយខ្សែការពារវ័យក្មេងរូបនេះ ទទួលបានការរិះគន់ធ្ងន់ៗតាមបណ្ដាញសង្គមពីសំណាក់អ្នកគាំទ្រមួយចំនួន។
កីឡាករ Williams ត្រូវបានគេប្រើពាក្យតិះដៀលតាមប្រព័ន្ធអនឡាញ ក្រោយពីរូបគេភ្លាត់របូតបាល់ ធ្វើឱ្យក្រុមម្ចាស់ផ្ទះ Lincoln City មានឱកាសស៊ុតគ្រាប់ទី១ អំឡុងការប្រកួតជុំទី៣ ពាន League Cup ដែលពេលនោះ Liverpool ឈ្នះដល់ទៅ ៧-២ កាលពីសប្ដាហ៍មុន។
អត្តពលិកបាល់ទាត់អន្តរជាតិវេលល៍វ័យ ១៩ ឆ្នាំ ក្រោយមិនអាចទ្រាំទ្រនឹងពាក្យសំដីអសុរោះហ្នឹងបាន ក៏បញ្ឈប់ការលេងគណនី Twitter ផ្លូវការរបស់ខ្លួន តែជំនួយការរបស់ក្រុម Liverpool លោក Pep Lijnders កាលពីថ្ងៃពុធ បាននិយាយថា Williams ដឹងពីការផ្ដល់កម្លាំងចិត្តពីមិត្តរួមក្រុម រួមមាន Van Dijk និង Trent Alexander-Arnold។
និយាយនៅមុន ការប្រកួតពាន League Cup ជុំទី៤ ទល់នឹងក្រុម Arsenal នៅថ្ងៃព្រហស្បតិ៍នេះ លោក Lijnders បានប្រាប់ថា៖ «វាមិនមែនជាកិច្ចការរបស់ខ្ញុំ ដែលត្រូវមកធ្វើការបញ្ចេញការយល់ឃើញលើបណ្ដាញសង្គមនោះទេ។ រឿងតែ ១ ដែលខ្ញុំអាចនិយាយបាន គឺការប្រើពាក្យសំដីមិនសមរម្យហ្នឹង គឺខុស មិនថាតាមរយៈបណ្ដាញសង្គម ឬនៅតាមដងផ្លូវឡើយ។ មួយវិញទៀត អ្នកមិនមែនជាអ្នកគាំទ្រក្រុម Liverpool ទេ ប្រសិនបើអ្នកមិនបានធ្វើការលើកទឹកចិត្ត»។
លោក Lijnders បានបន្តថា៖ «Trent (Alexander-Arnold) បាននិយាយជាមួយគេ (Williams)។ Van Dijk បាននិយាយជាមួយគេ។ Robbo (Andrew Robertson) បាននិយាយជាមួយគេ ដូច្នេះ មិនមែនមានតែលោក Jurgen Klopp ឬខ្ញុំប៉ុណ្ណោះទេ។ នេះបានបង្ហាញថា ពួកយើងបារម្ភ និងយកចិត្តទុកដាក់ចំពោះគ្នាកម្រិតណា ហើយនោះជាអ្វី ដែលធ្វើឱ្យពួកយើងមានភាពខុសប្លែក»។
លោកជំនួយការរូបនេះ បន្ថែមទៀតថា៖ «Williams គឺជាអ្នកធ្វើ ហើយអ្នកធ្វើ តែងមានកំហុស។ ការប្រកួតរបស់យើង ត្រូវពឹងលើគ្រប់គ្នា ប្រចាំតំណែងនីមួយៗ។ មេរៀនសំខាន់បំផុតមួយ សម្រាប់កីឡាករក្មេងៗ ដែលត្រូវជួបប្រទះ គឺថា ត្រូវទប់ទល់យ៉ាងម៉េចនឹងពាក្យសំដីរបស់អ្នកដទៃ មិនថា ជាពាក្យសរសើរ ឬគាំទ្រឡើយ។ និយាយដោយស្មោះ ខ្ញុំគិតថា គេពិតជាដោះស្រាយជាមួយនឹងស្ថានភាពនេះបានល្អ»៕ AFP/VN