ភ្នំពេញ៖ អ្នកប្រដាល់ ម៉ន វិរៈ របស់​ក្លិប​ព្រែកឯង​កីឡា ដែល​ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូវីដ១៩ តាំងពី​ថ្ងៃ ១៧ ខែមេសា ឆ្នាំ ២០២១ ហើយ​បាន​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កោះពេជ្រ​នោះ គឺ​បាន​ពិនិត្យ​សំណាក​ជា​លើក​ទី ៣ នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ឃើញថា រូបគេ​បានជា​សះស្បើយ គឺ​អវិជ្ជមាន​ហើយ​ត្រៀម​ចេញ​នៅ​ល្ងាច​នេះ​តែម្តង។

ជាមួយ​គ្នា​នេះ ក្រុមគ្រួសារ​នៅផ្ទះ រួមមាន​ឪពុក ម្តាយ ប្រពន្ធ កូន និង​ប្អូន​សរុប​ចំនួន ៩ នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​បិទខ្ទប់​មិន​ឱ្យចេញ​ក្រៅពី​ផ្ទះ​បាន​នោះ គឺ​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជិតខាង ប៉ូលិស មេប៉ុស្តិ៍ ព្រមទាំង​ព្រះចៅអធិការ​វត្ត​ចំនួន ២ បាន​យក​ស្បៀងអាហារ​ទៅ​ផ្គត់ផ្គង់​ហូបចុក​បាន​គ្រប់គ្រាន់​ដល់ផ្ទះ។ នេះ​តាម​ការ​ឱ្យដឹងពី ម៉ន សាម៉េត ជា​បង​បង្កើត​របស់ ម៉ន វិរៈ ដែល​មានផ្ទះ​នៅក្បែរនោះ គឺ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ។

កីឡាករ ម៉ន សាម៉េត បាន​ប្រាប់ថា៖ «ពីដំបូង ខ្ញុំ​មាន​ការព្រួយបារម្ភ​ខ្លាំង​នៅពេល​ទទួលដំណឹង​ថា ម៉ន វិរៈ ពិនិត្យឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩ កាលពី​ក្រោយ​ចូលឆ្នាំ ព្រោះ​ជីវភាព​យើង​ជា​អ្នក​ប្រដាល់ ពេល​ឡើង​វ៉ៃ ទើប​បាន​ប្រាក់ចំណូល​ជួយ​គ្រួសារ​ប្រពន្ធ កូន ហើយ ម៉ន វិរៈ វា​មានកូន ៤ និង​ប្រពន្ធ​នៅក្នុង​បន្ទុក​ទៅទៀត»។

កីឡាករ ម៉ន វិរៈ (អាវ​ទឹក​ពណ៌​ក្រូច) ពេល​ថត​រួបរួមគ្នា​ជាមួយ​ក្រុម​អ្នក​ប្រដាល់​ត្រកូល«ម៉ន» នាពេល​កន្លងមក។

សាម៉េត បាន​បន្ថែមថា៖ «កង្វល់​បន្ថែម គឺ​ក្រុមគ្រួសារ​របស់ខ្ញុំ​ត្រូវ​ជាប់​ធ្វើ​ចតាឡីស័ក​ច្រើន​ថ្ងៃ មិន​ដឹងថា បាន​អ្វី​ហូប​នោះទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ក្រោយពី​សារព័ត៌មាន​ផ្សព្វផ្សាយ​រួចមក គឺ​មាន​បងប្អូន​ក្នុងភូមិ និង​បងៗ​ជា​ប៉ូលិស​ប៉ុស្តិ៍​ព្រែកឯង និង​ព្រះសង្ឃ​បាន​នាំយក​គ្រឿង​ហូប​ប្រចាំថ្ងៃ ជា​បន្តបន្ទាប់ មិន​ដាច់ ធ្វើឱ្យ​ជីវភាព​ហូបចុក​ក្នុង​គ្រួសារ​មាន​លោក​ពុក ម៉ាង ម៉ន អ្នក​ម្តាយ,ប្រពន្ធ ម៉ន វិរៈ និង​កូន​ទាំង ៤ ព្រមទាំង ម៉ន ព្រហ្មម៉ាញ និង​ប្រពន្ធ​ទៀត សរុប ៩ នាក់​បាន​ហូប​គ្រប់គ្រាន់​ល្អ​ណាស់»។

កីឡាករ​ជើងចាស់​រូបនេះ​បាន​បញ្ជាក់ថា៖ «រាល់​ព្រឹក មាន​ប៉ូលិស នៅ​ចុង​ព្រែក ប៉ុស្តិ៍​ព្រែកឯង មក​ឃ្លាំមើល និង​ចែក​អាហារ មាន​អង្ករ មី ត្រីខ ព្រមទាំង​របស់​ហូបផ្សេងៗ ពិសេស​មាន​លោក​ព្រះចៅអធិការវត្ត​វាលស្បូវ ព្រះនាម អ៊ុក សារ៉ា និង​ព្រះចៅអធិការវត្ត​ ខេមរៈ ​ប៊ុណ្ណារាម ហៅ​វត្តថ្មី ព្រះនាម យ៉ា ដារិន តែងតែ​យក​អាហារ​មក​ឱ្យ​រាល់ថ្ងៃ ធ្វើឱ្យ​គ្រួសារ​ខ្ញុំ ដែល​ជាប់​ក្នុង​តំបន់​ហាមឃាត់​នេះ គឺ​ទទួល​បាន​ហូបចុក​គ្រប់គ្រាន់​បាន​ល្អ​ប្រសើរ និង​សប្បាយចិត្ត»។

ចំណែក​លោក ម៉ាង ម៉ន ជា​ឪពុក និង​ជា​គ្រូបង្វឹក ដែល​មួយ​គ្រួសារ​ពឹង​ផ្អែកលើ​ប្រដាល់​ទាំងអស់​នោះ​បាន​និយាយថា៖ «មុខរបរ​យើងខ្ញុំ​ជា​ពូជ​អ្នក​ប្រដាល់ អ៊ីចឹង​បើ​អត់​បាន​ឡើង​ប្រកួត គឺ​អត់​អី​ហូប​មែនហើយ ប៉ុន្តែ​ការជាប់​ឃុំ​ក្នុង​ផ្ទះ​ជិត ២០ ថ្ងៃ និង​ការខកខាន​ប្រកួត​ចំនួន ៦ សប្តាហ៍​មកហើយ​នេះ គឺ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចុងព្រែក និង​ព្រះសង្ឃ លោក​ដឹង​តាម​ព័ត៌មាន​ផ្សាយ ហើយ​បាន​មកជួយ​រាល់ថ្ងៃ ធ្វើឱ្យ​ការហូបចុក​បាន​គ្រប់គ្រាន់ ល្អប្រសើរ អត់​មាន​ក្តីបារម្ភ​ទេ»។

ព្រះសង្ឃ បាន​នាំយក​អំណោយ​មកជួយ​ដល់​ក្រុមគ្រួសារ​ត្រកូល «ម៉ន» ពេល​ជាប់ឃុំ​ក្នុងផ្ទះ។

លោក​បាន​បន្តថា៖ «ចំណែក ម៉ន វិរៈ បាន​តេ​មក​ថា បន្តិចទៀត​វា​បានចេញ​មកហើយ ដោយ​គ្រូពេទ្យ​ប្រាប់ថា ពិនិត្យ​សំណាក ៣ លើក​ចុងក្រោយ អស់​មេរោគ​កូវីដ១៩​ហើយ ពោលគឺ​រង់ចាំតែ​ពេលវេលា គេ​ឱ្យចេញ​ប៉ុណ្ណោះ។ តាម​កូន​និយាយ ការព្យាបាល​បាន ១៦ ថ្ងៃ​មកនេះ អស់​កូវីដ១៩ គឺ​គេ​ពិនិត្យ​សំណាក​ឡើងវិញ​ចំនួន ៣ លើក ហើយ​គ្មាន​ទៀត​ទេ»។

លោក ម៉ាង ម៉ន បាន​បន្ថែមថា៖ «ខ្ញុំ​អរគុណ​ខ្លាំង​ដល់​អ្នកព័ត៌មាន ដែល​បាន​ផ្សាយ​ឱ្យគេ​ដឹង ហើយ​គេ​មកជួយ​ខ្ញុំ ពិសេស​បងប្អូន ព្រមទាំង​ព្រះសង្ឃ​ទាំង ២ វត្ត»។

ចំណែក​កីឡាករ ម៉ន វិរៈ ផ្ទាល់ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា៖ «ល្ងាច​បន្តិច គេ​ឱ្យ​ខ្ញុំ​ចេញ​ហើយ ហើយ​ក្នុង​ការស្នាក់នៅ​ព្យាបាល​ជាច្រើន​ថ្ងៃនេះ គឺ​គេ​មើលថែទាំ​បាន​ល្អ ហូប​គ្រប់គ្រាន់»៕