ភ្នំពេញ៖ កីឡាករល្បុក្កតោ យ៉ុង ម៉េងលី បានក្លាយជាអត្តពលិកដំបូងគេ ដែលដណ្តើមបានមេដាយមាសឲ្យកម្ពុជា នៅក្នុងការប្រកួតស៊ីហ្គេម លើកទី ៣០ ដែលកំពុងដំណើរការប្រកួត នៅប្រទេស ហ្វីលីពីន ចំណែកកីឡាការិនីល្បក្កតោ ៤ នាក់ទៀត នឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើប្រភេទកីឡា Arnis នៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ការដណ្តើមបានមេដាយមាសទី ១ របស់ យ៉ុង ម៉េងលី បានកើតមានឡើង នៅពេលដែលរូបគេបានយកឈ្នះកីឡាករម្ចាស់ផ្ទះហ្វីលីពីន Valenzuela Billy Joel ដោយលទ្ធផល ៦-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់លើ ៦០ គីឡូក្រាម ទៅដល់ក្រោម ៦៥ គីឡូក្រាម ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម៉េងលី បានយកឈ្នះកីឡាកររបស់មីយ៉ាន់ម៉ា ហើយ ម៉េងលី ក៏បានឈ្នះមេដាយប្រាក់ ១ ឲ្យកម្ពុជា កាលពីថ្ងៃអាទិត្យ ផងដែរ។
សម្រាប់ការប្រកួតប្រភេទកីឡា Arnis របស់ម្ចាស់ផ្ទះហ្វីលីពីន កាលពីព្រឹកថ្ងៃចន្ទនេះដែរ កីឡាករល្បុក្កតោកម្ពុជា ៣ នាក់ទៀត ក៏បានឈ្នះមេដាយសំរឹទ្ធឲ្យកម្ពុជា ផងដែរ បន្ទាប់ពីពួកគេ បានចាញ់ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនោះមានកីឡាករ ឌឹម ង៉ែត, សុក ឈុន និងកីឡាករ មឿន ប៊ុនលី។
តាមរយៈការឈ្នះបានមេដាយមាស១ និងសំរឹទ្ធ៣ នៅថ្ងៃចន្ទនេះ បានធ្វើឲ្យចំនួនមេដាយសរុប ដែលកម្ពុជាដណ្តើមបាន នៅស៊ីហ្គេម ពេលនេះ គឺមានចំនួន ១៣ ក្នុងនោះមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធចំនួន ៩។
បន្ថែមលើនេះកីឡាការិនីល្បុក្កតោកម្ពុជា ចំនួន ៤ នាក់ទៀត នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរសៀលថ្ងៃចន្ទនេះ ដើម្បីស្វែករកឱកាសឡើងទៅប្រកួតដណ្តើមយកមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រ ខណៈពេលនេះអ្នកទាំង ៤ មានមេដាយសំរឹទ្ធ នៅក្នុងដៃរួចជាស្រេចដូចគ្នា។
នៅក្នុងការប្រកួតនេះ កីឡាការិនី ខៀវ ចិន្តារ័ត្ន នឹងត្រូវប្រកួតជាមួយកីឡាការិនីកីឡាការិនីម្ចាស់ផ្ទះ Del Monte Sheena ក្នុងទម្ងន់ក្រោម៥៥គីឡូក្រាម ឯកីឡាការិនី យស់ សញ្ចនា ត្រូវប៉ះម្ចាស់ផ្ទះ Soriano Jedah Mae ក្នុងទម្ងន់លើ ៥០ ទៅដល់ក្រោម ៥៥ គីឡូក្រាម ហើយកីឡាការិនី ស៊ី វ៉ាន់សូនីតា ត្រូវជួបម្ចាស់ផ្ទះហ្វីលីពីន Monville Ross Ashley ក្នុងទម្ងន់លើ ៥៥ ទៅដល់ក្រោម ៦០ គីឡូក្រាម ចំណែកកីឡាការិនី បូ ចន្ធី ត្រូវប្រកួតនឹងកីឡាការិនីវៀតណាម Nguyen Thi Cuc ក្នុងទម្ងន់លើ ៦០ គីឡូក្រាម៕