The Phnom Penh Post Search

Search form

កីឡាករ លេង​នៅ​ម៉ាឡេស៊ី ទាំង ៤ រូប​សុទ្ធ​ជាប់​ជម្រើស​ជាតិ

Content image - Phnom Penh Post
​ប្រាក់ មុន្នីឧត្តម បាន​អូស​បាល់​រំលង​កីឡាករ​ក្រុម​អាហ្វហ្គានីស្ថាន នា​ការ​ប្រកួត​កន្លង​មក។ ស្រេង ម៉េងស្រ៊ុន

កីឡាករ លេង​នៅ​ម៉ាឡេស៊ី ទាំង ៤ រូប​សុទ្ធ​ជាប់​ជម្រើស​ជាតិ

ភ្នំពេញៈ ខ្សែប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយ​ទាំង ៣ នាក់​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម និង កែវ សុខ​ផេង រួមទាំង​កីឡាករ​កូន​កាត់​ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែល​កំពុង​ប្រកប​អាជីព​បាល់​ទាត់ នៅ​លីក​កំពូល​ម៉ាឡេស៊ី សុទ្ធតែ​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ជ្រើស​រើស​ដោយ​គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា។

កីឡាករ​ចំនួន ២៣ នាក់ ត្រូវបាន​លោក ប្រាក់ សុវណ្ណារ៉ា កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា សម្រាប់​ការ​ប្រកួត​ផ្តុំ​លើក​នេះ ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយ នៃ​ពាន​រង្វាន់ AFC Asian Cup ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី ២៧ ខែ​មីនា ខាង​មុខ​នេះ។

ទាក់ទង​នឹង​ការកោះហៅ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នី​ឧត្តម, កែវ សុខ​ផេង និង​ធា​រី ចន្ថាប៊ីន មក​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លើក​នេះ លោក ប្រាក់ សុវណ្ណារ៉ា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ល្ងាច​ម្សិល​មិញ​ថា៖ «អ្នក​ទាំង ៤ នេះ នៅ​តែ​ជា​ជម្រើស​ដ៏​សំខាន់ ព្រោះ​មិន​មែន​តែ​នៅ​ក្លិប​កម្ពុជា​ទេ គឺ​សូម្បី​តែ​ក្លិប​នៅ​ម៉ាឡេស៊ី ក៏​ពួកគាត់ ជាប់​នៅ​ជម្រើស​ដំបូង​ដែរ ហើយ​កម្រិត​លេង លីក​នៅ​ម៉ាឡេស៊ី មិន​ក្រោម​យើង​ទេ អ៊ីចឹង​ពួក​គាត់ នៅ​តែ​ជា​គំរូ សម្រាប់​ក្មេងៗ​ស្រករ​ក្រោយ ដែល​មិន​អាច​ខ្វះ​បាន»។

ក្រៅពី​កីឡាករ​មាន​ប្រជាប្រិ​យ និង​មាន​បទពិសោធ​ទាំង ៤ ដែល​កំពុង​លេង​ឲ្យ​ក្លិប​ចំនួន ៤ ផ្សេង​គ្នា នៅ​ម៉ាឡេស៊ី​នេះ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ឃួន ឡាបូរ៉ាវី រួម​ជាមួយ​កីឡាករ​មាន​បទពិសោធ ៧ នាក់​ទៀត​មាន សុះ ស៊ូហាណា, អ្នកចាំទី ស៊ូ យ៉ាទី, ហូយ ផល្លីន, នេន សុធា​រ័ត្ន, សឿយ វិសាល, រស់ សំអឿន និង ហុង ផេង នៅ​តែ​បន្ត​ជាប់​នៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ចំណែក​កីឡាករ ១១ នាក់​ផ្សេងទៀត គឺ​សុទ្ធតែជា​កីឡាករ​វ័យក្មេង ប៉ុន្តែ​កំពុងមាន​កម្រិត​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្នុង​នោះ​មាន​កីឡាករ ឆេង ម៉េង, សេត រ៉ូហ្ស៊ីប, អោម ឧតម្ត, អ៊ន ចាន់​ប៉ូលីន, អ៊ុក សុវណ្ណ, សឿត បារាំង, ស៊ិន កក្កដា, យ៉ើ សាហ្វី, អ្នក​ចាំទី កែវ សុខ​សិលា និង​ខ្សែប្រយុទ្ធ វ័យ​ក្មេង កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ម៉ាត់ ណូរ៉ុន របស់​ក្លិប​អគ្គិសនី​កម្ពុជា។

ជុំវិញ​ទៅនឹង​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​កម្ពុជា លើក​នេះ លោក ប្រាក់ សុវណ្ណារ៉ា បាន​បន្ថែម​ថា៖ «ដោយសារ​តែ​យើង​មាន​ពេល​ខ្លី អ៊ីចឹង​យើង​សម្រេច​យក​កីឡាករ​ទាំង ២៣ នាក់​នេះ សម្រាប់​ចេញ​ទៅ​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន ដោយ​យើង​មិន​មាន​ការ​ប្រមូល​ផ្តុំ​ហាត់​ជុំ​គ្នា​នោះ​ទេ ព្រោះ​យើង​ឃើញ​ហើយ​ថា កីឡាករ​ទាំង​អស់ កំពុង​មាន​ភាព​មមាញឹក​ខ្លាំង ក្នុង​ការ​លេង​ឲ្យ​ក្លិប​របស់​ពួកគេ អ៊ីចឹង​យើង បាន​សម្រួល​ដល់​ក្លិប ទៅ​លើ​បញ្ហា​នេះ ដើម្បី​ពួកគេ​ត្រៀម​បានល្អ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គាត់»។

គ្រូបង្វឹក​រូបនេះ បាន​បញ្ជាក់ថា៖«យើង​ក៏​មិនមាន​ការ​ប្រកួត​មិត្តភាព​ក្នុង​ស្រុក​នោះ​ដែរ គឺ​ក្រុម​ជម្រើស​ជាតិ​របស់​យើង នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី ១៩ មីនា ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ នៅ​ថ្ងៃទី ២១ ខែ​មីនា ហើយ​តាម​គម្រោង​យើង​នឹង​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៅ​ប្រកួត​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន តែ​ម្តង ដោយ​មិន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ៕

អត្ថបទគួរចាប់អារម្មណ៍