ភ្នំពេញៈ ប្រភេទ​កីឡា​ម្យ៉ាង​ដែល​ធ្លាប់​មាន​វត្តមាន​នៅ​តាម​មូលដ្ឋាន​ក្នុង​ស្រទាប់​មហាជន ដែល​ជា​ការនិយម​ភ្នាល់​សាក​កម្លាំង​ដៃ​គ្នា ឬ​ហៅថា «​កីឡា​កាច់​ដៃ​» នោះ​ត្រូវ​បាន​លោក មាស សារិន ​ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្រាវជ្រាវ​ចងក្រង​បង្កើត​ជា​សហព័ន្ធ​កីឡា​ជាតិ​ថ្មី​មួយ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ​ហើយ​តាម​ឯកសារ​ស្រាវជ្រាវ​ផ្លូវការ​គឺ​កីឡា​ប្រភេទ​នេះ​មាន​ជា​សហព័ន្ធ​អន្តរជាតិ​យូរ​មក​ហើយ ពិសេស​ក្នុង​ប្រទេស​ទ្វីបអាស៊ី​ដោយ​មាន​សមាជិក​ជាង​ ២០ ​ប្រទេស​កំពុង​មាន​សកម្មភាព​។

នៅក្នុង​ការបើក​អង្គ​មហាសន្និបាត​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃ​ចន្ទ​គឺ​អង្គ​មហាសន្និបាត​បាន​ដាក់​ឈ្មោះ​សហព័ន្ធ​នេះ​ថា សហព័ន្ធ​កីឡា​ប្រយុទ្ធ​ដៃ​កម្ពុជា ប៉ុន្តែ​មន្ត្រី​ជំនាញ​កីឡា​បាន​ផ្តល់​យោបល់​ឲ្យ​មាន​ការកែប្រែ​ឈ្មោះ​សហព័ន្ធ​នេះ ហើយ​បញ្ហា​នេះ​បាន​ប្រែក្លាយ​មហាសន្និបាត​នេះ​ទៅ​ជា​មហាសន្និបាត​ត្រៀម​ទៅវិញ​ដោយ​ស្ថិត​នៅ​ក្នុង​អន្តរកាល​ធ្វើការ​ពិចារណា​ជ្រើស​យក​ឈ្មោះ​ថ្មី​មួយ​ទៀត​ឲ្យ​បាន​សមស្រប ដើម្បី​កុំ​ឲ្យ​ជាន់ ឬ​ត្រួត​ស៊ីគ្នា​លើ​កីឡា​ប្រភេទ​ដទៃ ដែល​ប្រកួត​ប្រើ​មធ្យោបាយ​ដោយ​ដៃ​ដូច​គ្នា​។

តាម​ការត្រៀម​សមាសភាព​មន្ត្រី​ជា​បេក្ខជន​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ប្រយុទ្ធ​ដៃ​កម្ពុជា​នេះ​មាន​ ១០ ​នាក់​ក្នុង​នោះ​មាន​លោក មាស សារិន ជា​ប្រធាន លោក ខៀវ ចានរ៉ា លោកជំទាវ លឹម ម៉ារីណា លោក សាមួន ដន និង​លោក អ៊ឹម បញ្ញាវុធ ជា​អនុប្រធាន​ចំណែក​លោក ប្រាក់ សុជាតិ ជា​អគ្គលេខាធិការ​លោក សួស សីហា អគ្គលេខាធិការរង កញ្ញា​ មាស តឿ អគ្គលេខាធិការរង លោក គង់ សុភាព អគ្គហេរញ្ញិក និង​កញ្ញា មាស ស្រីភាស់ ជា អគ្គហេរញ្ញិករង ក្នុង​អាណត្តិ​ទី​ ១ មាន​សុពលភាព​ពី​ឆ្នាំ ​២០១៩ ដល់​ឆ្នាំ​ ២០២៣​។

តាម​ការឯកភាព និង​ពិភាក្សា​បណ្តោះអាសន្ន​ត្រូវ​បាន​ទម្លាយ​ចេញ​មក​ថា សហព័ន្ធ​កីឡា​ប្រយុទ្ធ​ដៃ​នេះ​នឹង​ត្រូវ​ប្តូរ​ទៅ​ជា​សហព័ន្ធ​កីឡា​ហត្ថា​កម្ពុជា​វិញ​ដែល​សម​ទំនង​ជាង ហើយ​នឹង​ត្រូវ​ប្រកាស​ជាថ្មី តែ​គណៈកម្មាធិការ​ប្រតិបត្តិ​គឺ​នៅ​ដដែល​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែល​បាន​ចូលរួម​ក្នុង​ឱកាស​នោះ​បាន​ស្នើឲ្យ​រក​ឈ្មោះ​សហព័ន្ធ​នេះ​ឲ្យ​ប្រសើរ​សមរម្យ​ល្អ​ជាង​នេះ ព្រោះ​អាច​នឹង​ច្រឡំ​ទៅ​នឹង​កីឡា​មួយ​ចំនួន​ទៀត​ដែល​ប្រើ​ដៃ​ដូចគ្នា​។ លោក​បញ្ជាក់​ថា​៖ «​តាម​ដែល​យើង​ស្គាល់​កីឡា​ប្រភេទ​នេះ​យើង​ធ្លាប់​ហៅថា​កាច់​ដៃ ឬ​ប្រកួត​កាច់​ដៃ​គ្នា​ដែល​មាន​នៅក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ​ស្រាប់ ហេតុនេះ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​គាំទ្រ​ឲ្យ​មាន​លទ្ធភាព និង​បង្កើត​បាន​នូវ​សហព័ន្ធ​កីឡា​ជាតិ​បន្ថែមទៀត​ឲ្យ​បាន​ច្រើន​ ប៉ុន្តែ​គប្បី​សិក្សា​លម្អិត​ពី​រចនាសម្ព័ន្ធ ការគ្រប់គ្រង និង​លក្ខខណ្ឌ​ប្រកួត​ចង​ជា​ច្បាប់ ព្រមទាំង​ដឹង​ពី​ប្រវត្តិ​កីឡា​ប្រភេទ​នេះ​ឲ្យ​បាន​ច្បាស់លាស់​»​។

តាម​ឯកសារ​ស្រាវជ្រាវ​របស់​លោក មាស សារិន ដែល​ជា​ប្រធាន​សហព័ន្ធ បាន​ឲ្យ​ដឹង​ថា​កីឡា​ប្រយុទ្ធ​ដៃ​មាន​ប្រភព​មកពី​ប្រទេស​ក្រិក និង​មាន​លក្ខណៈ​ស្តង់ដារ​តាម​គោលការណ៍​ច្បាប់​កីឡា​អន្តរជាតិ និង​មាន​សកម្មភាព​និយម​ចូលចិត្ត​នៅ​លើ​ពិភពលោក​យ៉ាងច្រើន​។ លោក​បន្ថែម​ថា​៖ «​កីឡា​នេះ​បាន​កើត​ជា​សហព័ន្ធ​អន្តរជាតិ​នៅ​ឆ្នាំ​ ១៩៧៧ ហើយ​មាន​វត្តមាន និង​បង្កើតឡើង​នៅ​ទ្វីបអាស៊ី​នៅ​ឆ្នាំ​ ២០០៤​។ គិត​មក​ដល់​បច្ចុប្បន្ន Asian Arm Wrestling Federation (AAF) មាន​សមាជិក​ ២២ ​ប្រទេស​ដូចជា អារ៉ាប់រួម អ៊ីរ៉ង់ នេប៉ាល់ សិង្ហបុរី ចិន អ៊ីរ៉ាក់ ប៉ាឡេស្ទីន តៃវ៉ាន់ ម៉ាឡេស៊ី ជប៉ុន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី និង​នីហ្សេរីយ៉ា ជាដើម​»៕