ភ្នំពេញ៖ ​ទិវា​រត់​ប្រណាំង​រត់​ចម្ងាយ​ឆ្ងាយ​ Angkor ​Ultra​ Trial​ លើក​ទី ​៥ ឆ្នាំ ​២០២០ ​នៅ​ខេត្ត​សៀមរាប ដែល​មាន​អ្នក​ចូលរួម​មក​ពី ​៤៥ ​ប្រទេស​នោះ បាន​បញ្ចប់​ដោយ​ជោគជ័យ​ស្រប​ពេល​មាន​កីឡាការិនី​​កម្ពុជា ​២ នាក់ បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​រត់ ៤២ ​គីឡូម៉ែត្រ ​និង ​៣២ ​គីឡូម៉ែត្រ​ ប៉ុន្តែ​​ការ​រត់​ចម្ងាយ​ឆ្ងាយ ១២៨ ​គីឡូម៉ែត្រ លេខ ​១ ​​បាន​ទៅ​កីឡាករ​បារាំង ​Guillon Antoine និង​កីឡាការិនី​បារាំង ​Messina ​Veronipue ​ក្រោយ​​រត់​ប្រណាំង​គ្នា​​ទាំង​ថ្ងៃ​ទាំង​យប់​​។

តាមរយៈ​ការ​រត់​ប្រណាំង​គ្នា​ទាំង​​យប់ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នោះ កីឡាការិនី​ជើង​ចាស់ ​លី ណារី ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​មួយ​រយៈ​ពេល​ធំ​មក​ហើយ​នោះ បាន​វិល​មក​បង្ហាញ​ភាព​ខ្លាំង​ជា​ថ្មី ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក​ក្នុង​ការ​រត់​ចម្ងាយ ​៤២ ​គីឡូម៉ែត្រ ដោយ​​ប្រើ​ថិរវេលា​ ៤:៥:១៥ ​ម៉ោង។​ រីឯ​​កីឡាការិនី​កូន​កាត់​ខ្មែរ-បារាំង ​ឡូរី ក៏​ដណ្ដើម​បាន​លេខ ​១ ​ផ្នែក​នារី​លើ​វិញ្ញាសា​រត់​ចម្ងាយ ​៣២ ​គីឡូម៉ែត្រ​ផង​ដែរ ដោយ​ប្រើ​ពេល ២ ម៉ោង ​និង ​៤២ ​នាទី​។

ដោយ​ឡែក​សម្រាប់​វិញ្ញាសា​ធំ​ក្នុង​ព្រឹត្តិការណ៍​ Angkor ​Ultra​ Trial​ លើ​​ចម្ងាយ ​១២៨ ​គីឡូម៉ែត្រ​ លេខ ១ ​ផ្នែក​បុរស​បាន​ទៅ​កីឡាករ​បារាំង ​Guillon Antoine ដោយ​​​ប្រើ​ថិរវេលា ​១២:​១២:​៥៧ ម៉ោង លេខ ២ កីឡាករ​បារាំង ​Le Saux Christophe​ ចំណាយ​ពេល ​១៣​:​៤២:៣២ ម៉ោង។ ​ចំណែក​ឯ​ផ្នែកនារី ​​លេខ ១ បាន​ទៅ​កីឡាការិនី​បារាំង​ Messina Veronipue ​ប្រើ​ពេល ​១៧:៣០:​២៦ ម៉ោង ​ខណៈ​លេខ ២ ​បាន​ទៅ​កីឡាការិនី​​ហុងកុង​ Cheng​ Yin ​Kwan ជាមួយ​នឹង​ថិរវេលា ​២០:៤៤:៧ ម៉ោង​។

ចំពោះ​វិញ្ញាសា​រត់​ចម្ងាយ ​៦៤ ​គីឡូម៉ែត្រ​ផ្នែក​បុរស​​លេខ ​១ ​​បាន​ទៅ​កីឡាករ​បារាំង Dercourt Yohan ​ប្រើ​ថិរវេលា ៥:១៨:៤៩ ម៉ោង ​លេខ ​២ ​កីឡាករ​​មក​ពី​អង់គ្លេស​ King Ali​ ដោយ​ចំណាយ​ពេល ​៥:៤៥:៤០ ម៉ោង ​ចំណែក​ផ្នែក​នារី​​លេខ ១​ បាន​កីឡាការិនី​បារាំង ​Corne Katell ​ប្រើ​ពេល ​៦:៥៥:៣៨ ម៉ោង ​​និង​លេខ ២​ កីឡាការិនី​អង់គ្លេស​ ​Washington Harri ​ជាមួយ​ថិរវេលា ​៧:២២:០៥ វិនាទី។

លោក​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន NOCC ​​បាន​ថ្លែង នៅ​ក្នុង​ពិធី​បំពាក់​មេដាយ​ថា​៖ «​ព្រឹត្តិការណ៍​កីឡា​ និង​ទេសចរណ៍​មួយ​នេះ​ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ​៥ ​ឆ្នាំ​​ហើយ​ ដូច្នេះ​យើង​មាន​ការ​ប្រារព្ធ​​ពិធី​កាត់​នំ ​ដើម្បី​ស្វាគមន៍​ខួប ៥ ឆ្នាំ​ ដែល​ទទួល​បាន​​ជោគជ័យ​ និង​រលូន​។​ ក្នុង​នាម​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC)​ ក៏​ដូច​រាជ​រដ្ឋាភិបាល​កម្ពុជា​ ខ្ញុំ​សូម​​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ​ នាំ​ឲ្យ​មាន​សកម្មភាព​វិស័យ​ទេសចរណ៍​ជាតិ​ ពិសេស​ខេត្ត​សៀមរាប​ ដែល​ជា​មូលដ្ឋាន​ផ្ទាល់​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​កីឡា​ និង​ទេសចរណ៍​ក្នុង​ការ​ចូលរួម​ចំណែក​ស្រូប​យក​​ប្រាក់​ចំណូល​​ពី​ភ្ញៀវ​»។

ចំណែក​លោក​ វ៉ាត់ ​ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​​អគ្គលេខាធិការ NOCC ​បាន​បង្ហាញ​នូវ​ក្ដី​សោមនស្ស​រីករាយ​ខ្លាំង​ចំពោះ​កំណើន​​អ្នក​ចូលរួម​ព្រឹត្តិការណ៍​ Angkor Ultra Trial ​ឆ្នាំ ​២០២០ ​ដោយ​មាន​អ្នក​ចូលរួម​សរុប​ចំនួន ​១ ​២៥៥ ​នាក់ ​មក​ពី​ ​៤៥ ​ប្រទេស ​ហើយ​​ក្នុង​នោះ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន ​គួរ​ឲ្យ​កត់​សម្គាល់​។

លោក ​វ៉ាត់ ​ចំរើន ​បាន​បញ្ជាក់​ថា​៖ ​«ក្នុង​ចំណោម​អ្នក​ចូលរួម​រត់​ប្រណាំង​ទាំង​អស់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ប្រទេស ​បារាំង ​មាន​ចំនួន​ច្រើន​ជាង​គេ ឈរ​នៅ​លេខ ​១ ​បន្ទាប់​​មក​កម្ពុជា លេខ ​២ ​ប្រទេស ​អង់គ្លេស​ ​លេខ ​៣ ​និង​ប្រទេស ​កូរ៉េ ​ឈរ​នៅ​លេខ ​៤​ ​ហើយ​អ្វី​ដែល​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ គឺ​ជន​បរទេស​ចូលរួម​រត់​ឆ្នាំ ​២០២០ ​នេះ​ បាន​បង្ហាញ​នូវ​ការ​កោត​សរសើរ ចំពោះ​ការ​រៀបចំ​កាន់​តែ​ល្អ​ទាំង​ផ្លូវ​រត់​ និង​ការ​ផ្ដល់​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ថ្នាក់​ដឹកនាំ និង​​ពលរដ្ឋ​ខ្មែរ ​ដែល​ផ្តល់​នូវ​ស្នាម​​ញញឹម​ក្នុង​ការ​​ទទួល​ភ្ញៀវ​»៕