កូរ៉េខាងត្បូងៈ កីឡាការិនីលោតទឹករបស់ប្រទេស ចិន បានឈ្នះការប្រកួតទាំង៦លើកនៅព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅថ្ងៃចន្ទនេះ នៅពេលកីឡាការិនីឆ្នើម Shi Tingmao និងកីឡាការិនី Wang Han បានឈ្នះមេដាយមាសក្នុងការប្រកួតលោតបង្វិលខ្លួនកម្ពស់ ៣ ម៉ែត្រ។
ម្ចាស់ជើងឯកអូឡាំពិក Shi និងម្ចាស់ជើងឯកបង្វិលខ្លួន ៣ ជុំ ក្នុងពិភពលោក Wang បានបង្ហាញសមត្ថភាពល្អបំផុតនៅក្នុងការប្រកួតនៅទីក្រុង Gwangju ប្រទេស កូរ៉េខាងត្បូង ដោយទទួលបានពិន្ទុសរុប ៣៤២ គឺច្រើនជាងគូប្រកួតខ្លួនចំនួន ៣០ ពិន្ទុ។
ចំណែកកីឡាការិនីកាណាដា Jennifer Abel និង Melissa Citrini Beaulieu បានមេដាយប្រាក់ ខណៈកីឡាការិនីម៉ិកស៊ិក Paola Espinosa Sanchez និងកីឡាការិនី Melany Hernandez Torres បានមេដាយសំរិទ្ធ។
ប្រទេស ចិន បានទទួលមេដាយមាសចំនួន ៧ ក្នុងចំណោមការប្រកួតមេដាយមាសចំនួន ៨ នៅព្រឹត្តិការណ៍អូឡាំពិកក្រុងរីយ៉ូ ឆ្នាំ ២០១៦ និងទទួលបានជ័យជម្នះជាច្រើននៅការប្រកួតម្ចាស់ជើងឯកពិភពលោកចុងក្រោយនៅទីក្រុង Budapest ប្រទេស ហុងគ្រី កាលពី ២ ឆ្នាំមុន ដោយទទួលបានពានរង្វាន់ ៨ ក្នុងចំណោមពាន ១៣ ៕ AFP/SN