ក្រុងសេអ៊ូល: កីឡាការិនីទ្រីយ៉ាថ្លុងកូរ៉េខាងត្បូង ១ រូប បានសម្រេចចិត្តផ្ដាច់ជីវិតខ្លួនឯង ក្រោយពីតស៊ូអត់ទ្រាំអស់ជាច្រើនឆ្នាំពីការបំពារបំពានទាំងរាងកាយ និងពាក្យសម្ដីពីសំណាក់បុគ្គលិកបង្ហាត់ ហើយបន្ទាប់ពីពាក្យបណ្ដឹងរបស់ខ្លួនទៅមន្ត្រីកីឡា ត្រូវបានធ្វើមិនដឹងមិនឮ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានជាច្រើន។
កីឡាករិនី Choi Suk-hyeon វ័យ ២២ ឆ្នាំ ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ក្មេងនារី នៅឯការប្រកួតប្រជែងជើងឯកកីឡាទ្រីយ៉ាថ្លុងអាស៊ី ឆ្នាំ ២០១៥ នាក្រុងតៃប៉ិ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅឯកន្លែងស្នាក់របស់ក្រុម ក្នុងក្រុងប៊ូសាន កាលពីខែមុន។ បើយោងតាមស្គ្រីនសត (screenshot) ដែលត្រូវបានស៊ែរចែកគ្នាយ៉ាងទូលំទូលាយ នៃសារសាសងចុងរវាងនាងនឹងម្ដាយរបស់នាងឃើញថា នាងបានសុំឲ្យម្ដាយរបស់នាងអហោសិកម្មឲ្យអ្នករំលោភបំពាននាងអស់។
ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថា ជាមហាអំណាចកីឡាប្រចាំតំបន់មួយ ដែលតែងតែស្ថិតនៅក្នុងចំណោមប្រទេសកំពូលទាំង ១០ ក្នុងតារាងមេដាយ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកទាំងរដូវក្ដៅ និងរដូវរងារ តែនៅក្នុងសង្គម ដែលមានការប្រកួតប្រជែងគ្នាយ់ាងខ្លាំងក្លារួចហើយនោះ ការឈ្នះ គឺស្ទើរតែជាអ្វីគ្រប់យ៉ាង នៅក្នុងសហគមន៍កីឡារបស់ពួកគេ ហើយការរំលោភបំពានលើរាងកាយ និងពាក្យសំដី ត្រូវបានគេដឹងថា មានខ្លាំងឡើងៗ។
កីឡាការិនី Choi បានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងកម្មវិធីប្រជែងពានរង្វាន់ស្ត្រីឆ្នើមប្រចាំឆ្នាំ ២០១៦ ប៉ុន្តែបរាជ័យ ក្នុងការធ្វើតាមការសន្យាពីមុនរបស់នាង ដោយបានធ្លាក់មកចំណាត់ថ្នាក់ទី ១៤ ក្នុងការប្រកួតប្រជែងដូចគ្នា កាលពីឆ្នាំមុន។ នាពេលមួយ កីឡាការិនី Choi បានសរសេរក្នុងសៀវភៅកំណត់ហេតុរបស់នាងថា៖ «ថ្ងៃនេះ មេឃកំពុងភ្លៀង ហើយខ្ញុំរងបរាជ័យយ៉ាងអាម៉ាស់។ ខ្ញុំស្រក់ទឹកភ្នែករាល់ថ្ងៃ»។
សេចក្ដីរាយការជាច្រើនពីបណ្ដាញសារព័ត៌មានរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា កីឡាការិនី Choi បានធ្វើការថតសម្លេងពីការរំលោភបំពានលើរាងកាយ។ ក្នុងឯកសារមួយ ដែលផ្សាយដោយស្ថានីយទូរទស្សន៍ខ្សែកាប YTN បានបង្ហាញពីការខឹងសម្បារបស់គ្រូបង្វឹកចំពោះការឡើងទម្ងន់របស់នាង ដោយមានពាក្យនិយាយថា៖ «អ្នកត្រូវតែមិនបរិភោគអាហាររយៈពេល ៣ ថ្ងៃ។ អ្នកត្រូវតែសន្យាជាមួយខ្ញុំថា អ្នកនឹងទទួលខុសត្រូវបញ្ហានេះ»។ បន្ទាប់មក គ្រូបង្វឹកនោះ បា្រប់នាងឲ្យខាំធ្មេញ ក្រោយមកក៏មានសូរសំឡេងទះកំផ្លៀងលាន់ឮយ៉ាងខ្លាំង។
កីឡាការិនី Choi បានប្តឹងទៅគណៈកម្មាធិការកីឡា និងអូឡាំពិកកូរ៉េខាងត្បូង (KSOC) កាលពីខែមេសា ដើម្បីឲ្យមានការស៊ើបអង្កេតមួយ។ ប៉ុន្តែមិត្តរបស់នាងម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ថា នាង បានស្វែងរកជំនួយពីស្ថាប័នសាធារណៈជាច្រើន តែគ្រប់គ្នា មិនអើពើ នឹងការអង្វររបស់នាងទេ។
តែយ៉ាងណា KSOC បានបដិសេធចំពោះការលើកឡើងដែលថា ខ្លួនមិនយកចិត្តទុកដាក់ចំពោះការប្ដឹងរបស់នាងនោះ ដោយបានអះអាង ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ខ្លួនបានរៀបចំបង្កើតឲ្យមានអ្នកស៊ើបអង្កេតស្ត្រី ១ក្រុម ក្រោយពីទទួលបានពាក្យចោទប្រកាន់របស់កីឡាការិនី Choi នោះ កាលពីដើមខែមេសា ដោយបានសន្យាថា នឹងចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងអ្នក ដែលពាក់ព័ន្ធទាំងអស់ ព្រមទាំងសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះហេតុការណ៍នេះ៕