ភ្នំពេញ៖ ​គ្រូ​បង្វឹក​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ហើយ​បាន​អះអាង​ថា​​ គម្រោង​​ធំៗ​របស់​សហព័ន្ធ​ទំនង​មិន​អាច​ដំណើរ​ការ​ទៅ​បាន​ ឬ​ស្ថិត​នៅ​ក្នុង​ការ​រង់ចាំ បើ​សិន​ជា​វិបត្តិ​ជំងឺ​កូវីដ ​១៩​ ​នៅ​តែ​​អូស​បន្លាយ​ រយៈពេល​វែង​ មិន​ទាន់​បញ្ចប់​បាន ខណៈ​គម្រោង​ប្រចាំ​ឆ្នាំ​ ២០២១ ​នេះ​ មាន​ការ​ប្រកួត​គុនដាវ​វេស្ទើន​ខាប់​ លើក​ទី​៣ ​ការ​​ប្រកួត​ថ្នាក់​ជាតិ​ ការ​បើក​​វគ្គ​បណ្តុះបណ្តាល​ ​និង​បញ្ជូន​អត្តពលិក​ទៅ​​ហាត់​នៅ​​ក្រៅ​ប្រទេស ​ព្រម​ទាំង​​ការ​ចូលរួម​ប្រកួត​ស៊ីហ្គេម ​លើក​ទី​៣១​ នៅ​ប្រទេស​វៀតណាម ​នា​ចុង​ឆ្នាំ ​២០២១ នេះ ​ដោយ​យើង​​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ទេ​។​

លោក​ សុខ ​អាង ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កីឡាគុន​ដាវ​កម្ពុជា​​បាន​ប្រាប់​​ថា៖ ​«កីឡា​គុនដាវ​លំបាក​នឹង​វាយ​តម្លៃ​ពី​សមត្ថភាព​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ ​ចុង​​ឆ្នាំ ​២០២១ ​នេះ​ណាស់​ ​ព្រោះ​វា​ជាប់​ទាក់ទង​ទៅ​នឹង​បញ្ហា​ចំនួន ​៣ ​ទៅ ​៤ ​ទៀត ​ពិសេស​បញ្ហា​កូវីដ​ ​មិន​ទាន់​ថមថយ​ហេតុ​នេះ​សហព័ន្ធ​ មិន​អាច​ធ្វើ​សកម្មភាព​បាន​​ដូច​គម្រោង​​ទេ។​ អ៊ីចឹង នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​នេះ គឺ​យើង​មិន​ដឹង​ថា ​​អនុវត្ត​បាន​ប៉ុន្មាន​ភាគរយ?»។​

លោក​បាន​​បន្ថែម​ថា​៖ «​​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំនេះ ​ គឺ​ប្រភេទ​កីឡា​គុនដាវ​ម្ចាស់​ផ្ទះ​វៀតណាម​ បាន​​ដាក់​ឱ្យ​​ប្រកួតប្រជែង​ចំនួន ​១២ ​វិញ្ញាសា​ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ​សហព័ន្ធ​គុនដាវ ​មិន​ទាន់​ទទួល​បាន​ ឬ​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​កីឡា​​ថា​ ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ប្រកួត​ប៉ុន្មាន​វិញ្ញាសា និង​​ជ្រើសរើស​យក​វិញ្ញាសា​ណា​ខ្លះ​នៅ​ឡើយ​ទេ។ តែ​​ទោះ​ជា​យ៉ាង​ណា​ គុនដាវ​កម្ពុជា​មាន​លទ្ធភាព​អាច​បញ្ជូន​អត្តពលិក​ជម្រើស​ជាតិ ​ឬ​វិញ្ញាសា​ចំនួន ​១០ ​ដើម្បី​ចូលរួម​ប្រកួត​នៅ​វៀតណាម។

គ្រូ​បង្វឹក​រូប​នេះ បញ្ជាក់​ថា៖​​ «​បញ្ហា​នេះ ​វា​លំបាក​ឆ្លើយ​តប ​ពី​ព្រោះ​បើ​ស្ថានភាព​ជំងឺ​កូវីដ ​១៩​ នៅ​តែ​បង្ក្រាប​មិន​បាន អ៊ីចឹង​​លទ្ធផល​ហាត់​ហ្វឹកហ្វឺន​ក្តី ការ​រៀបចំ​ការ​​ប្រកួត​ក្តី ​ពិសេស​ការ​​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក ​មិន​អាច​ធ្វើ​​បាន ​គឺ​ប្រឈម​ខ្លាំង​ណាស់​ដែល​មិន​អាច​ប៉ាន់ស្មាន​បាន​ពី​លទ្ធផល​នោះ​ឡើយ​»។​​

លោក​ សុខ​ អាង​ ដែល​ជា​អ្នក​ជំនាញ​ផ្នែក​គម្រោង​ប្រតិបត្តិ​កីឡា​ផង​នោះ ​បាន​ពន្យល់​ពី​បច្ចេកទេស​ថា​៖ ​«លទ្ធផល​កីឡា​ដែល​ល្អ ​វា​ចេញ​ពី​ការ​ហ្វឹកហាត់​ តាម​បទដ្ឋាន​បច្ចេកទេស​ល្អ​, បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឱ្យ​​បាន​ច្រើន​ និង​បើក​វគ្គ​បណ្តុះបណ្តុះ​បណ្តាល​ និង​មាន​ថវិកា​ទ្រទ្រង់​សមរម្យ​ផង​។ ប៉ុន្តែ​​បច្ចុប្បន្ន ​គុនដាវ​ទទួល​បាន​​ថវិកា​ពី​ក្រសួង​អប់​រំ ក្នុង ​១ ឆ្នាំ ​សម្រាប់​ចំណាយ​ទៅ​លើ ​៣ ​ចំណុច ​មាន​ការ​​បណ្តុះបណ្តាល​ការ​រៀបចំ​ការ​​ប្រកួត​ថ្នាក់​ជាតិ​ និង​ទំនាក់ទំនង​រដ្ឋបាល​ចំនួន​ត្រឹម​ ​៦០ ​លាន​រៀល​ប៉ុណ្ណោះ»​។​

អ្នក​ជំនាញ​រូប​នេះ បាន​បញ្ជាក់​ថា៖ ​«ចំនួន​នេះ ​វា​ស្តួចស្តើង​បំផុត​ មិន​អាច​ដំណើរការ​បាន​ល្អ​ទេ ​បើ​គ្មាន​វិស័យ​ឯកជន​ជួយ​ឧបត្ថម្ភ ​​ព្រោះ​ប្រទេស​យើង​ក្រ​។​ បើ​និយាយ​លម្អិត​ពី​ការ​​ចំណាយ​ឱ្យ​ចំ​គោលដៅ​ និង​ឱ្យ​​​មាន​ប្រសិទ្ធភាព​ល្អ ​ទាំង​​​ទៅ​លើ​ការ​ហ្វឹកហាត់​បណ្តុះបណ្តាល​ក្រៅ​ប្រទេស​រួម​ទាំង​ការ​រៀបចំ​ប្រកួត​ឱ្យ​​បាន​ច្រើន ​តាម​ជា​ទម្រង់​​បែប​វិទ្យាសាស្ត្រ​កីឡា​ ទីតាំង​ និង​សម្ភារ​ទំនើប​នោះ គឺ​​កីឡា​គុនដាវ​​​កម្ពុជា ​ត្រូវ​ការ​ជា​មធ្យម​ក៏​ប្រាក់​ចំនួន ​២០០ ​លាន​រៀល​ដែរ ​ក្នុង ​១ ​ឆ្នាំ»​។​

គួរ​​បញ្ជាក់​ថា​ សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា ​ឆ្នាំ​ ​២០២១​ នេះ​ មាន​អត្តពលិក​ជម្រើស​ជាតិ​ ១០​ នាក់ ​គ្រូ​បង្វឹក​ ​៤ ​នាក់ ​ប៉ុន្តែ​នៅ​មាន​ក្រុម​អត្តពលិក​​បម្រុង​​ ​៦ ​នាក់​បន្ថែម​ទៀត​។​ សហព័ន្ធ​នេះ ​មាន​ចក្ខុវិស័យ​ស្វែង​រក​អត្ត​ពលិក​វ័យ​ក្មេង​មាន​ទេពកោសល្យ​ ជាពិសេស​អ្នក​មាន​កម្ពស់​ចាប់​ពី​ ១,៧៥ ​ម៉ែត្រ​ឡើង ​តែ​​មិន​ទាន់​រក​បាន​នូវ​គម្រោង​ចំណាយ៕