The Phnom Penh Post Search

Search form

កីឡា​គុន​ល្បុក្កតោ ទទួល​បាន​តម្រុយ​ល្អ​ពី​អង្គការ​យូណេស្កូ

Content image - Phnom Penh Post
​ការ​សម្តែង​របស់​ក្រុម​ល្បុក្កតោ ខណៈ​ប្រភេទ​កីឡា​នេះ កំពុង​មាន​ពន្លឺ​ល្អ​ពី​អង្គការ​យូណេស្កូ។ ស្រេង ម៉េងស្រ៊ុន

កីឡា​គុន​ល្បុក្កតោ ទទួល​បាន​តម្រុយ​ល្អ​ពី​អង្គការ​យូណេស្កូ

ភ្នំពេញៈ អង្គការ​យូណេស្កូ (UNESCO) បាន​ពន្យារ​ពេល ក្នុងការ​ត្រួត​ពិនិត្យ​សំណុំ​បែប​បទ​ឯកសារ និង​ភ័ស្តុតាង​របស់​កម្ពុជា ក្នុង​ការ​ដាក់​កីឡា​គុន​ល្បុក្កតោ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ក្នុង​ឆ្នាំ ២០១៨ នេះ ប៉ុន្តែ​អង្គការ​មួយ​នេះ បាន​បង្ហើប​ថា កីឡា​គុន​ល្បុក្កតោ​មាន​តម្លៃ​ដែល ត្រូវ​យក​ចិត្ត​ទុក​ដាក់ ក្នុងការ​ត្រួត​ពិនិត្យ ក្នុង​ឆ្នាំ ២០១៩ ដើម្បី​សម្រេច​ជាក់​លាក់ នៅ​ក្នុង​ឆ្នាំ ២០២០។

ទាក់ទង​នឹង​ការងារ​នេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ម្សិលមិញ​ថា ចំពោះ​ដំណឹង​ដែល​យើង​ទទួល​បាន​មក​ថ្មីៗ​នេះ តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គឺ​អង្គការ​យូណេស្កូ បាន​ផ្តល់​ដំណឹង​ជាក់​លាក់​ជូន​ដល់​កម្ពុជា ក្នុង​ការ​ដាក់​បញ្ចូល កីឡា​គុន​ល្បុក្កតោ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។

លោក​បាន​បន្តថា៖ «អង្គការ​យូណេស្កូ បាន​សុំទោស​ដល់​កម្ពុជា ព្រោះ​នៅ​ឆ្នាំ ២០១៨ នេះ មាន​ប្រទេស​ច្រើន បាន​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី អ៊ីចឹង​គេ​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​ណា ដែល​បាន​ចុះ​បញ្ជី​តិច​ជាង​គេ​បំផុត ក្នុង​ឆ្នាំ​នេះ។ ប៉ុន្តែ​គេ​បាន​ប្រើ​យើង​ថា បញ្ជី​គុន​ល្បុក្កតោ​របស់​យើង គឺជា​បញ្ជី​ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​ត្រួតពិនិត្យ​បំផុត ក្នុង​ឆ្នាំ ២០១៩ ហើយ​សម្រេច​នៅ​ឆ្នាំ ២០២០ អ៊ីចឹង​យើង​មាន​សង្ឃឹម​ច្រើន»។

គួររំឭកថា កម្ពុជា បានដាក់​សំណើ​ទៅ​អង្គការ​យូណេស្កូ កាល ពី​ចុងខែ​មីនា ឆ្នាំ ២០១៧ ក្នុង​ការ​សុំ​ដាក់​បញ្ចូល​គុន​ល្បុក្កតោ និង​ល្ខោន​ខោល របស់​ខ្មែរ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ បន្ទាប់​ពី​កម្ពុជា​បាន​ជោគជ័យ​ក្នុងការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ខ្មែរ ហើយ​បើ​តាម​លោក វ៉ាត់ ចំរើន យូណេស្កូ បាន​បើក​មើល​កញ្ចប់​កីឡា​គុន​ល្បុក្កតោ ជា​បឋម កាល​ពី​ចុង​ខែ​ឧសភា និង​ដើម​ខែ​មិថុនា​នេះ ដោយ​រក​មិន​ឃើញ​ពី​ចំណុច​ខ្វះខាត​នោះ​ទេ។

លោក ចំរើន ដែលជា​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ផង​នោះ បាន​បញ្ជាក់​ថា៖ «អង្គការ​យូណេស្កូ មិន​ទាន់​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​នៅ​ក្នុង​ឯកសារ​របស់​យើង​ទេ ហើយ យូណេស្កូ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា យូណេស្កូ បាន​យក​ចិត្ត​ទុក​ដាក់ និង​ដាក់​ជូន​ដល់​កម្ពុជា យ៉ាង​ពិត​ប្រាកដ នៅ​ឆ្នាំ ២០១៩»។ «យូណេស្កូ បាន​បើក​កញ្ចប់​គុន​ល្បុក្កតោ​របស់​យើង​មើល​ហើយ ហើយ​ប្រាប់​ថា កញ្ចប់​របស់​យើង​ល្អ ប៉ុន្តែ​ដោយសារ​ពេលវេលា ទើប​គេ​សម្រេច​យក​កញ្ចប់​របស់​យើង ទៅ​ពិនិត្យ​ឲ្យ​បាន​លម្អិត នៅ​ឆ្នាំ ២០១៩ វិញ គឺ​នៅ​ខែ​មិថុនា ឆ្នាំ ២០១៩ គេ​នឹង​ដាក់​កញ្ចប់​គុន​ល្បុក្កតោ ទៅ​គណៈកម្មការ​ជំនាញ»។

អ្នកជំនាញ​កីឡា​រូបនេះ បាន​បន្ថែម​ថា៖ «គណៈកម្មការ​ជំនាញ នឹង​ពិនិត្យ​កញ្ចប់​គុន​ល្បុក្កតោ រហូត​ដល់​ខែ ៩ ឆ្នាំ ២០១៩ រួច​ដាក់​បញ្ចូន​ទៅ​ដល់​អង្គការ​ជំនាញ​ផ្នែក​បេតិកភណ្ឌ​នៅ​កូរ៉េ​ឈ្មោះ​ថា សហភាព​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ពិភពលោក ឲ្យ​ជួយ​ពិនិត្យ និង​វាយ​តម្លៃ ហើយ​យើង ជា​សមាជិក របស់​សហភាព​សហព័ន្ធ​នោះ រួច​ស្រេច​ហើយ។ គេ​ចាំ​តែ​ជួយ​វាយ​តម្លៃ​ឲ្យ​យើង ព្រោះ​យើង មាន លក្ខណ​ពិសេស ព្រោះ​យើង មិន​ទាន់​មាន​ការ​ពាក់​ព័ន្ធ​អី​ផ្សេង ទៀត​ទេ អ៊ីចឹង​នៅ​ក្នុង​ខែ ១០ ឬ​ខែ ១១ ឆ្នាំ ២០២០ គេ​នឹង​ធ្វើការ​សម្រេច​ជា​ចុង​ក្រោយ»។

នៅពេល​សួរ​ពី​ទម្រង់​បែបបទ ដែល​កម្ពុជា បានដាក់​ទៅ​ឲ្យ​អង្គការ​យូណេស្កូ លោក ចំរើន បាន​ឆ្លើយតប​ថា៖ «គេ​បាន​បើក​កញ្ចប់​របស់​យើង និង​ឃើញ​ថា យើង​បាន​គោរព​លក្ខខណ្ឌ​ទាំង​អស់​របស់​យូណស្កូ អ៊ីចឹង​គេ​ឲ្យ​យើង​រង់​ចាំ​តែ​អ្នក​ជំនាញ​ពិនិត្យ នៅ​ឆ្នាំ ២០១៩ ហើយ​បើ​អ្នក​ជំនាញ ពិនិត្យ​ឃើញ​ថា មាន​ការ​ខ្វះខាត​ព័ត៌មាន គឺ​គេ​សុំ​ឲ្យ​យើង​បំភ្លឺ​បន្ថែម ប៉ុន្តែ​មិន​មែន​ខ្វះខាត​ទម្រង់​ទេ គឺ​ទម្រង់​ពេញ និង​ត្រឹម​ត្រូវ​អស់​ហើយ ដោយសារ​តែ​គម្រោង​នៃ​ការ​ដាក់​របស់​យើង មាន​ឯកសារ​គ្រប់គ្រាន់​ពី ៨០ ទៅ ៩០ ភាគរយ​ដូច្នេះ​យើង​រង់ចាំ​កែ​លម្អ​តែ​ព័ត៌មាន​ទេ ដើម្បី​បញ្ជាក់​បន្ថែម​ឲ្យ​បាន​ច្បាស់​ដល់​អង្គការ​យូណេស្កូ»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។