ភ្នំពេញៈ សហព័ន្ធខ្មែរកីឡាទោចក្រយានបានបង្ហាញពីមោទនភាព ដែលទទួលបានការគាំទ្រថវិកាពីវិស័យឯកជន គឺក្រុមហ៊ុនអាហារបំប៉ន Herbalife បានឧបត្ថម្ភធំនូវទឹកប្រាក់ចំនួន ២០៧០០ ដុល្លារ ដើម្បីទ្រទ្រង់ដល់ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ ដែលបានលើកយកមកធ្វើនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះក្នុងខេត្តសៀមរាប។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារថា៖ «ការប្រកួតថ្នាក់ជាតិឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ព្រមទាំងធំ និងល្អជាង ដោយសារសហព័ន្ធ ស្វែងរកបានការជួយឧបត្ថម្ភពីវិស័យឯកជន បន្ថែមពីលើប្រាក់របស់ក្រសួងអប់រំគឺក្រុមហ៊ុន Herbalife បានឧបត្ថម្ភធំ ចំពោះព្រឹត្តិការណ៍នេះនូវថវិកាចំនួន ២០៧០០ ដុល្លារ»។
ការទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុនឯកជន គឺស្របពេលដែលសហព័ន្ធខ្មែរកីឡាទោចក្រយានចាប់ផ្តើមពង្រឹងគុណភាពនៃការប្រកួត តាមទម្រង់ស្តង់ដាអន្តរជាតិ ដើម្បីសម្រួចគោលដៅទៅកាន់ការប្រកួតស៊ីហ្គេមដោយអ្នកឈ្នះជយលាភីនឹងត្រូវបានជ្រើសរើសជាអត្តពលិកសម្រាប់ក្រុមជម្រើសជាតិ ឆ្នាំ ២០២១ ហើយពួកគេក៏ទទួលបានប្រាក់រង្វាន់ច្រើនជាងមុន ពីការប្រកួតថ្នាក់ជាតិនេះ។
លោក ចំរើន បានបញ្ជាក់ថា៖ «ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏សំខាន់មួយដែលសហព័ន្ធ ចាប់ផ្តើមពង្រឹងគុណភាពបច្ចេកទេស និងមន្ត្រីគណៈកម្មការតាមទម្រង់ស្តង់ដាអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេមលើកទី ៣១ ឆ្នាំ ២០២១ នេះនៅវៀតណាម និងស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ»។
តាមលោក នូ ចំរើន គឺការប្រកួតថ្នាក់ជាតិនេះមានប្រតិភូ គ្រូបង្វឹក និងអត្តពលិកចូលរួមសរុប ៣១៩ នាក់មកពី ២៤ ក្លិបហើយមានមន្ត្រីស្ម័គ្រចិត្តរួមជាមួយគណៈកម្មការបច្ចេកទេសចន្លោះពី ៥០០ ដល់ ៥៥០ នាក់ ដើម្បីជួយរៀបចំឱ្យដំណើរការប្រកួតនេះបានរលូន ស្របតាមបទដ្ឋានអន្តរជាតិ។
ជាមួយគ្នានេះក្លិបម៉ូតូធំ BMW ក៏នឹងចូលរួមជួយសម្រួលលើវិញ្ញាសាកង់គួក ដែលពួកគេសុទ្ធតែជាកីឡាករមានសមត្ថភាព និងបទពិសោធខ្ពស់ ហើយធ្លាប់ចូលរួមរៀបចំការប្រណាំងកង់ពិភពលោកនៅកម្ពុជាកាលពីដើមឆ្នាំ ២០២០។ ចំណែកក្រុមជ្រើសរើសប្រចាំឆ្នាំ សហព័ន្ធ ដាក់ឱ្យប្រកួតប្រណាំងកង់គួក ចម្ងាយ ១៥០ គីឡូម៉ែត្រ និងប្រណាំងកង់ភ្នំ ចម្ងាយ ៤៣ គីឡូម៉ែត្រ។
លោក នូ ចំរើន បានបញ្ជាក់ថា៖ «ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ និងមានការឯកភាពពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ គឺយើងបានដាក់ចេញនូវការពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការៀបចំក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្តរជាតិផ្សេងៗនាពេលខាងមុខ ហើយតាមរយៈការប្រកួតនេះបានផ្តល់ឱកាសដល់ក្រុមអត្តពលិកជាច្រើនមកពីរាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជាបានបង្ហាញនូវទេពកោសល្យ សមត្ថភាព ទៅតាមជំនាញនៃការប្រកួតប្រជែងរបស់ពួកគាត់ផងដែរ»៕