ភ្នំពេញ៖ ​ក្រុម​កីឡាករ កីឡាការិនី​រាំ​​របស់​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស​រហូត​ដល់ ៨ ព្រម​ទាំង​មេដាយ​ប្រាក់ ​៧​ និង​មេដាយ​សំរឹទ្ធ​ ​៦ ពី​ការ​ប្រកួត​កីឡារាំ​ជើងឯក​​អាស៊ី ADSF Asian Youth Single Dance Championship និង ADSF Asain Hong Kong Open 2019 នៅ​ទីក្រុង​ហុងកុង ​ប្រទេស ​ចិន​ ហើយ​ប្រតិភូ​កីឡា​មួយ​ក្រុម​នេះ បាន​នាំ​យក​មោទនភាព​នេះ មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ក្រោម​ការ​ស្វាគមន៍​ពី​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ផ្ទាល់​តែ​ម្តង។​

ការ​រក​ឃើញ​ជោគជ័យ​កាន់​តែ​ធំ ពី​ការ​ប្រកួត​កម្រិត​អាស៊ី បន្ថែម​ទៅ​លើ​ការ​ឈ្នះ​​បាន​មេដាយ​មាស ​១ និង​ប្រាក់ ​២ ពី​ការ​ប្រកួត​ ADSF Asain Adult Open Latin Dance និង Single Dance 2019 នៅ​តៃប៉ិ កាល​ពី​ពេល​ថ្មីៗ​នេះ ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ប្រាកដ ក្នុង​ការ​ដណ្តើម​ឲ្យ​បាន​មេដាយ​មាស ក្នុង​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស ​ហ្វីលីពីន ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី ​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ​១១ ខែ ធ្នូ ឆ្នាំ ​២០១៩ ខាង​មុខ​នេះ។

លោក​ជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អនុ​ប្រធាន​កិត្តិយស​​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ​បាន​ថ្លែង​ថា៖​ «​ការ​ប្រកួត​ជើងឯក​អាស៊ី នៅ​​ហុងកុង​នេះ មាន ​១១ ​ប្រទេស​ចូល​រួម តែ​មាន​ត្រឹម ​៤ ប្រទេស​ទេ ដែល​ទទួល​បាន​មេដាយ​មាស ហើយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ អ៊ីចឹង​វា​ជា​មោទនភាព​ខ្លាំង​ណាស់ ដែល​ប្អូនៗ និង​ក្មួយៗ បាន​​ប្រឹងប្រែង​នាំ​យក​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ មក​ជូន​មាតុ​ប្រទេស​របស់​យើង»។

លោក​ជំទាវ​បាន​បន្ថែម​ថា៖ ​«កីឡារាំ​ក្បាច់​អន្តរជាតិ​នេះ កម្ពុជា​មាន​ការ​ពិបាក​ក្នុង​ការ​រក​គ្រូ​មក​បង្រៀន និង​ពិបាក​ក្នុង​ការ​ស្វែងរក​អត្តពលិក​ជា​បុរស ដោយ​យើង​មាន​ការ​ខ្វះខាត​មែន​ទែន ប៉ុន្តែ​យើង​ទាំង​អស់​​គ្នា​មាន​ការ​ប្រឹងប្រែង​ណាស់ ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ និង​អត្តពលិក ឲ្យ​បន្ត​ខំ​​ប្រឹងប្រែង ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត ដើម្បី​យើង​អាច​ឈាន​ជើង​​ទៅ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន ខាង​មុខ​នេះ»។

សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន ខាង​មុខ​​នេះ សហព័ន្ធ​កីឡារាំ​កម្ពុជា មាន​រំពឹង​ថា អាច​នឹង​ឈាន​ទៅ​ដល់​ការ​ដណ្តើម​បាន​មេដាយ​មាស​ជា​ប្រវត្តិសាស្រ្ត ហើយ​អត្តពលិក ដែល​ស្ថិត​ក្នុង​ទំនុក​ចិត្ត​ខ្ពស់ គឺ​​កីឡាករ ច័ន្ទ វិទ័រ និង​កញ្ញា ព្រាប ដានីអែលឡា ខណៈ​ការ​ប្រកួត​ជើងឯក​អាស៊ី នៅ​ហុងកុង លើក​នេះ ​អ្នក​ទាំង ​២ បាន​ឈ្នះ​មេដាយ​មាស ៣ លើ​វិញ្ញាសា​រាំ​គូ ADSF Asain Hong Kong Open 5 Dances ព្រមទាំង​វិញ្ញាសា 2 Dances (Samba , Paso doble ) និង 3 dances ( Cha Cha Cha, Rumba, Jive)។

ចំណែក​កីឡាការិនី យី អឺលីង បាន​ឈ្នះ​មេដាយ​មាស ​២ ​តែ​ម្នាក់​ឯង លើ​វិញ្ញាសា ADSF Asian Hong Kong Open លើ​ចង្វាក់ Rumba និង Cha Cha Cha រីឯ ​កីឡាករ ភុន ស៊ីវត្រា និង​កីឡាការិនី សាន រ៉ូហ្សា បាន​ដណ្តើម​បាន​មេ​ដាយ​មាស​លើ​វិញ្ញាសា​រាំ​គូ ចង្វាក់ Rumba ​ហើយ កីឡាការិនី សាន រ៉ូហ្សា ក៏​បានឈ្នះ​មេដាយ​មាស លើ​វិញ្ញាសាឯកត្តជន ចង្វាក់ Rumba ផង​ដែរ ខណៈ​មេដាយ​មាស ​១ ​ទៀត រក​បាន​ដោយ​កីឡាករ ជុំ លីហៀង សម្រាប់​ការ​ប្រកួត​លើវិញ្ញាសា​រាំ​ឯកត្តជន ​ចង្វាក់ 3Dances។

លោក​ជំទាវ ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ថ្លែង​ថា៖ ​«សម្រាប់​ការ​ប្រកួត​ជើងឯក​អាស៊ី នៅ​ហុងកុង​នេះ មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់ ហើយ​មាន​តែ​កម្ពុជា​ទេ ដែល​មាន​ចំនួន​អត្តពលិក​តិច​ជាង​គេ ​(១២ នាក់) ប៉ុន្តែ​យើង​អាច​ដណ្តើម​បាន​មេដាយ​ច្រើន គឺ​មេដាយ​​មាស​ដល់ ​៨ ​ប្រាក់ ​៧ និង​សំរឹទ្ធ ​៦​ ដែល​នេះ​ជា​មោទនភាព​របស់ស​ហព័ន្ធ​កីឡា​រាំ​កម្ពុជា ហើយ​យើង​ទាំង​អស់​គ្នា សង្ឃឹម​ថា ស៊ីហ្គេម នៅ​ហ្វីលីពីន ក្នុង​ខែ ​១២ ​នេះ យើង​អាច​នឹង​ទទួល​បាន​ជោគជ័យ មក​ជូន​ជាតិ​បន្ថែម​ទៀត»៕