The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កីឡា​លើក​ទម្ងន់​ថៃ អាច​មិនបាន​ចូលរួម​អូឡាំពិក​ ២០២០

កីឡា​លើក​ទម្ងន់​ថៃ អាច​មិនបាន​ចូលរួម​អូឡាំពិក​ ២០២០

Content image - Phnom Penh Post
កីឡាករ​លើក​ទម្ងន់ Sarat លើក​ដុំ​ដែក​ទម្ងន់​ ៩៤ ​គីឡូក្រាម​នៅ​ការប្រកួត​អូឡាំពិក​ក្រុង​រីយ៉ូ​ ២០១៦ នៅ​ប្រេស៊ីល​។ រូបថត AFP

កីឡា​លើក​ទម្ងន់​ថៃ អាច​មិនបាន​ចូលរួម​អូឡាំពិក​ ២០២០

ក្រុងឈៀងម៉ៃៈ កីឡាករ​លើក​ទម្ងន់​ថៃ Sarat Sumpradit បាន​ហូប​ស៊ុត​រហូតដល់​ ១០ ​គ្រាប់​សម្រាប់​អាហារ​ពេលព្រឹក ហ្វឹកហាត់​ ៤ ​ម៉ោង​ក្នុង​ ១ ​ថ្ងៃ និង​តម​ប្រើ​ទូរស័ព្ទ​នៅពេល​រាត្រី ខណៈ​រូបគេ​កំពុង​ហ្វឹកហាត់​ឲ្យ​ដល់​កម្រិត​កំពូល​សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​។

ទោះយ៉ាងណា​ក៏ដោយ កីឡាករ​លើក​ទម្ងន់​វ័យ​ ២៥ ​ឆ្នាំ​រូបនេះ​មាន​បញ្ហា​មួយ​គឺថា ប្រទេស​ថៃ​កំពុង​ដាក់​បម្រាម​ខ្លួនឯង​មិន​ចូលរួម​ប្រកួត​លើក​ទម្ងន់​ដោយសារ​បញ្ហា​សារធាតុ​លើក​កម្លាំង (Dopping) មាន​ន័យ​ថា ប្រទេស​ថៃ​ជា​ម្ចាស់ផ្ទះ​អាច​មិន​ដាក់ចូល​កីឡា​ប្រភេទ​នេះ​នៅក្នុង​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ខែក្រោយ​ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ប៉ាតាយ៉ា​។

ក្រោយពី​កីឡាករ​ថៃ​ចំនួន​ ៩ ​រូប​ត្រូវបាន​ហាម​មិន​ឲ្យ​ចូលរួម​ប្រកួត​ដោយសារ​ធ្វើតេស្ត​ឃើញ​ប្រើ​សារធាតុ​លើក​កម្លាំង​រួចហើយ ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​វិបត្តិ​ចំពោះ​វិស័យ​កីឡា​មួយ​នេះ​ដែល​តែង​នាំ​ជោគជ័យ​ដល់​ប្រទេស​នេះ​នៅ​ការប្រកួត​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ​ ២០២០ ​ដែល​នៅសល់​ពេល​មិន​ដល់​ ១ ​ឆ្នាំ​ទៀត​នេះ​។

កីឡាករ Sarat បាន​និយាយ​ជំទាស់​ទាំងស្រុង​ក្រោយពី​ហ្វឹកហាត់​នៅ​ថ្ងៃទី​ ២ ​របស់គាត់​ថា​៖ «​ខ្ញុំ​កំពុងតែ​ប្រយុទ្ធ​ ដើម្បី​អ្នក​ដែល​ត្រូវបាន​ហាមឃាត់​ទាំងអស់​នោះ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​នៅក្នុង​ក្រុម​កីឡាករ​ប្រភេទ​លើក​ទម្ងន់​នេះ​គឺ​នៅសល់​គ្នា​តែ​យើង​ ២-៣ ​នាក់​តែប៉ុណ្ណោះ​»​។

ជាមួយ​មេដាយ​អូឡាំពិក​ចំនួន​ ៥ ​លើក​របស់​ស្ត្រី​តាំងពី​ឆ្នាំ​ ២០០៤ ​នោះ កីឡា​លើក​ទម្ងន់​បាន​ក្លាយជា​រឿងរ៉ាវ​ជោគជ័យ​ដ៏កម្រ​មួយ​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដោយ​បាន​ប្រែក្លាយ​មនុស្ស​សាមញ្ញ​មកពី​ស្រុកស្រែ​ជនបទ​ក្លាយ​ជា​តារា​កីឡាករ​លើក​ទម្ងន់​ដ៏ល្បី​ឈ្មោះ​។

សុបិន​នេះ​បាន​ប្រែជា​ល្វីង​ជូរចត់​ទៅវិញ​កាលពី​ឆ្នាំមុន ជា​ពេលដែល​ប្រទេស​ថៃ​ត្រូវបាន​រកឃើញ​ក្នុង​ការបង្ក្រាប​គ្រឿងញៀន​ពិភពលោក​ដោយ​អាជ្ញាធរ​ផ្នែក​កីឡា​លើក​ទម្ងន់​ដែល​បាន​បង្ក​ការគំរាមកំហែង​ដល់​ការដក​កីឡា​ប្រភេទ​នេះ​ចេញពី​ការប្រកួត​អូឡាំពិក​ឆ្នាំ​ក្រោយនេះ​។

កីឡាករ​ថៃ​ចំនួន​ ៩ ​រូប​រួមទាំង​ម្ចាស់​ជើងឯក​អូឡាំពិក Sukanya Srisurat និង Sopita Tanasan ដែរនោះ​បានធ្វើ​តេស្ត​រក​ឃើញ​ប្រើ​សារធាតុ​លើក​កម្លាំង​តាំងពី​មាន​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​ពី​ខែវិច្ឆិកា​ជា​ពេលដែល​ប្រទេស​ថៃ​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​ ២ ​នៅលើ​តារាង​នៃ​ប្រទេស​ទទួលបាន​មេដាយ​។

លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ប្រទេស​ថៃ​ដាក់​បម្រាម​ខ្លួនឯង​មិន​ឲ្យ​ចូលរួម​ការប្រកួត​ដោយ​សម្រេច​មិន​ឲ្យ​កីឡាករ​លើក​ទម្ងន់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នៅ​ប៉ាតាយ៉ា និង​អូឡាំពិក​នៅ​ឆ្នាំ​ក្រោយនេះ​។

ទោះ​យ៉ាងណា​ក៏ដោយ សមាគម​កីឡា​លើក​ទម្ងន់​ស្ម័គ្រចិត្ត​ថៃ (TAWA) ឥឡូវ​ចង់​ឲ្យ​អត្តពលិក​ដទៃទៀត​ដែល​ធ្វើតេស្ត​មិនឃើញ​ប្រើ​សារធាតុ​លើក​កម្លាំង​នោះ ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក និង​នៅ​អូឡាំពិក​ផងដែរ​។

ការសម្រេចចិត្ត​ចុងក្រោយ​នឹងត្រូវ​ធ្វើ​នៅ​ខែក្រោយ​នេះ​ដោយ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ​ដែល​ត្រូវបាន​ស្នើសុំ​ឲ្យ​ចាត់វិធានការ​ក្រោយពី​មាន​កីឡាករ​ជាច្រើន​ត្រូវបាន​រកឃើញ​ប្រើ​សារធាតុ​លើក​កម្លាំង​នេះ​។

ប្រទេស​ចំនួន​ ៩ ​ដែល​រួមទាំង​មហា​អំណាច​ចិន​ផងដែរ​នោះ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ការប្រកួត​ក្រោយពី​ការធ្វើ​តេស្ត​ជាថ្មី​នូវ​លទ្ធផល​នៃ​ការប្រកួត​អូឡាំពិក​ចាប់ពី​ឆ្នាំ​ ២០០៨ ​ដល់​ ២០១២ ​បាន​រកឃើញ​ឯកសារ​ក្លែងក្លាយ​ជាច្រើន​។

កីឡាករ Sarat បាន​និយាយ​ដោយ​ទទូចថា មិត្ត​រួម​ក្រុម​របស់គេ​ត្រូវបាន​កាត់​វិនិច្ឆ័យ​យ៉ាង​អយុត្តិធម៌​ដោយ​អះអាង​ថា​៖ «​យើង​ស្ថិត​ក្នុង​ក្រុម​តែមួយ យើង​បាន​ទៅ​ចូលរួម​ការប្រកួត​អូឡាំពិក​ទាំងអស់​គ្នា ហើយ​យើង​បាន​ហូប​អាហារ និង​ធ្វើការ​ហ្វឹកហាត់​រួមគ្នា ប៉ុន្តែ​ហេតុអ្វី​បាន​ខ្ញុំ​ធ្វើតេស្ត​មិនឃើញ​ប្រើ​សារធាតុ​លើក​កម្លាំង​បែបនេះ​ទៅវិញ​?»៕ SN

អត្ថបទគួរចាប់អារម្មណ៍