ក្រុង​ភ្នំពេញ៖ សហព័ន្ធ​កីឡា​វ៉ូវីណាម​ពី​​ថ្ងៃ​សុក្រ​ទី ​១៣​ ខែ​ធ្នូ ​បាន​ធ្វើ​មហាសន្និបាត​វិសាមញ្ញ ​ដើម្បី​​​ជ្រើសរើស​លោក ​ស៊ូម ​សារឿន ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​ថ្មី ​ខណៈ​ប្រធាន​ចាស់ គឺ​លោក​ឧកញ៉ា ​រ័ត្ន ​សាខន ​មាន​បញ្ហា​សុខភាព​នោះ​​បាន​សុំ​លាលែង​ពី​តំណែង​។​

សមាជិក​ប្រតិបត្តិ​សហព័ន្ធ​បាន​​ព្រម​ព្រៀង​គ្នា​ធ្វើ​មហាសន្និបាត​វិសាមញ្ញ ​ដើម្បី​រក​មេ​ដឹកនាំ​ថ្មី​មាន​សុខភាពល្អ ​និង​​សក្ដានុពល​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​ក្នុង​គោល​បំណង​លើក​​ស្ទួយ​​​កីឡា​វ៉ូវីណាម​សាង​ភាព​ខ្លាំង​​ឡើង​វិញ​។​

ក្នុង​មហាសន្និបាត​ដែល​មាន​លោក​ ប៊ូ​ ជុំ​សេរី ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ជា​គណៈអធិបតី​នោះ ​បាន​សម្រេច​លទ្ធផល​ជ្រើស​បាន​សមាជិក​ប្រតិបត្តិ​ថ្មី​មាន​ចំនួន ​១៩ រូប ​ដែល​​ក្នុង​នោះ ​១ ​រូប​ជា​ស្ដ្រី​។​

ក្នុង​ចំណោម ​១៩ ​រូប​នោះ​ដែរ ​មាន​ប្រធាន​ ១ ​​រូប​ អនុ​ប្រធាន ៦ ​រូប​ ​អគ្គលេខាធិការ ​១​ រូប ​អគ្គលេខាធិការ​រង ​៤ ​រូប ​អគ្គហេរញ្ញិក ​១ រូប ​អគ្គហេរញ្ញិក​រង​ ​២ ​រូប​ និង​សមាជិក​ប្រតិបត្តិ​​ចំនួន ៤ រូប​។

លោក ស៊ូម ​សារឿន ​ដែល​ជា​អនុ​ប្រធាន​សហព័ន្ធ​ចាស់​ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ ​២០២១ ​​ក្នុង​អាណត្តិ​ទី ​៣​​។

អនុ​ប្រធាន​សហព័ន្ធ​ចំនួន ​៦ រូប​នោះ​ គឺ​មាន​​លោក កែវ ​ហុកលី ​ដែល​ជា​អគ្គលេខាធិការ​ចាស់​ លោក ​អ៊ុង ​សារ៉ាវ៉ាន់ ​លោក ​គិន ឆេងលី​ លោក ​ជា ហុងរី ​លោក​មេធាវី ​រស់​ មុនិន្ទៈ​ និង ​លោក ​ថោង ​សុខាំភូ​។

លោកអ៊ូ​ រតនា ​​ជា​ស្ថាបនិក​ម្នាក់​​ក្នុង​កីឡា​វ៉ូវីណាម​ដែល​ជា​អនុប្រធាន​សហព័ន្ធ​ចាស់​នោះ​​​បាន​មក​កាន់​​តំណែង​អគ្គលេខាធិការ​ហើយ​​អគ្គ​លេខាធិការ​រង ​គឺ​​លោក ​កោ ​លីឃន ​លោក ​លាង ណារិទ្ធ​ លោក ​ឡុង សុផាត និង​លោក សយ​ សុវណ្ណា​។ ចំណែក លោក ​កៅ ​មករា ​​ជា​គ្រូ​បង្វឹក​ជម្រើសជាតិ​ និង​ជា​ស្ថាបនិក​កីឡា​វ៉ូវីណាម​នោះ ​បាន​ឡើង​តំណែង​ជា​អគ្គហេរញ្ញិក​ព្រម​ទាំង​អគ្គហេរញ្ញិក​រង ​២ រូប​ទៀត ​គឺ​លោក​ យ៉ាំ ​ថៃសាន​ និង​លោក ម៉េង សៅណេង​។

ចំពោះ​សមាជិក​ប្រតិបត្តិ​ធម្មតា​ចំនួន ​៤ រូប​វិញ​នោះ គឺ​មាន​ លោក ទេព ​ជីវសុខុម​ ​លោក ​ម៉ិច ​សីហា​ អ្នក​ស្រី ប៉ុក ករុណា និង ​លោក​មេធាវី​ ស៊ុំ​ ធនសុវណ្ណៈ​។

លោក ​ប៊ូ​ ជុំ​សេរី ​អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ជា​គណៈអធិបតី​បាន​មាន​ប្រសាសន៍​ថា៖ «​​​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​កន្លង​មក​ហើយ​ទទួល​បាន​ភាព​ល្បីល្បាញ​លើក​ឆាក​អន្តរជាតិ»​​។​

ជាមួយ​គ្នា​នេះ ​លោក​បាន​រំឭក​ពី​ស្នាដៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក រ័ត្ន ​សាខន ​ជា​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​ចាស់​ដែល​ជា​ស្ថាបនិក​ដឹកនាំ​កីឡា​វ៉ូវីណាម​ឲ្យ​ល្បីល្បាញ​នៅ​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​។​

លោក​ ស៊ូម​ សារឿន ​​ជា​ប្រធាន​ថ្មី​នៃ​សហព័ន្ធ​កីឡា​នេះ​បាន​​ប្តេជ្ញា​ចិត្ត​ដឹកនាំ​បន្ត​សកម្មភាព​ឲ្យ​បាន​ល្អ​បន្ត​ពី​លោក​ប្រធាន​ចាស់​។

ទោះ​ជា​យ៉ាង​ណា​ លោក ​ស៊ូម ​សារឿន ​បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​ពុំ​មាន​លទ្ធភាព​ ឬ​ធនធាន​ដូច​លោក ​រ័ត្ន ​សាខន ​ដែល ​១ ​ឆ្នាំ ​ចំណាយ​ទៅ​​លើ​កីឡា​វ៉ូវីណាម​ជាង​រាប់​សិប​ម៉ឺន​ដុល្លារ​នោះ​ទេ ​ប៉ុន្តែ​​ជា​ការ​បន្ត​ប្រឹងប្រែង​តាម​លទ្ធភាព​»​។​​

ជាមួយ​នឹង​ការ​ធ្វើ​មហាសន្និបាត​​វិសាមញ្ញ​នេះ​ កម្ពុជា​នឹង​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ប្រកួត​វ៉ូវីណាម​កម្រិត​​ពិភព​លោក​ចាប់​ពី​ថ្ងៃទី ១៦ ​ដល់​ថ្ងៃទី ២២​ ខែ ​ធ្នូ​ ឆ្នាំ ​២០១៩​ ដែល​មាន​ប្រទេស​ចូល​រួម​ចំនួន ២៣ ​នៅ​លើ​ពិភព​លោក​។

លោក ស៊ូម សារឿន ​​បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា កម្ពុជា​នឹង​ប្រជែង​បាន​​​មេដាយ​មាស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​មិនខាន​ឡើយ ​ដើម្បី​លើក​មុខ​មាត់​ព្រះរាជាណាចក្រ​កម្ពុជា​​៕