The Phnom Penh Post Search

Search form

កីឡាហាប់គីដូ ​ប្រឡង​​ឡើង​ខ្សែ​ក្រវាត់​ថ្នាក់​ទាប​ ចំនួន​ ៣៥​នាក់​

Content image - Phnom Penh Post
លោក គង់ ចាន់ធីណា បាន​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​កីឡាការិនី ដែល​ចូល​រួម​​ហ្វឹក​ហាត់​កីឡាហាប់​គីដូ។ រូប​ថត យឺន ពន្លក

កីឡាហាប់គីដូ ​ប្រឡង​​ឡើង​ខ្សែ​ក្រវាត់​ថ្នាក់​ទាប​ ចំនួន​ ៣៥​នាក់​

ភ្នំពេញៈ ក្រោយ​ពី​មាន​ទី​តាំង​ហ្វឹក​ហាត់​សមរម្យ​ តាម​ស្តង់​ដារ​រួច​មក ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​មាន​សិស្សគណ​ មក​ហ្វឹក​ហាត់​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ជា​ពិសេស​កីឡាករ​ កីឡាការិនី​វ័យក្មេងដែល​មាន​​​កម្រិត​ខ្សែ​ក្រវាត់​នៅ​ទាប​ៗ​។

ជាមួយនឹង​ការ​រីក​ចម្រើន​នេះ សហព័ន្ធ​មួយ​នេះ ​បាន​រៀប​ចំ​កម្មវិធី​ប្រឡង​ដំឡើង​ខ្សែក្រវាត់ចំនួន​ ៣ កម្រិត ​នៅ​ក្នុង​អង្គភាព​កីឡាក្រសួង​មហាផ្ទៃ​នា​ពហុកីឡដ្ឋានជាតិ​ កាល​ពី​ល្ងាចថ្ងៃទី ១០ ​ខែកក្កដា ​ឆ្នាំ ២០១៨ ដោយ​មាន​សិស្សគណ​ចំនួន ​៣៥ ​នាក់ ​មក​ពី​ក្លិប​ចំនួន ​៣​ ​​គឺ​​ក្លិបឥន្ទ្រី ​ក្លិបម៉ាស្ទ័រសេង ​និង​ក្លិបអូឡាំពិក​។​

លោក​ គង់​ ចាន់​ធីណា​ អគ្គ​លេខាធិការ​សហព័ន្ធ​​ខ្មែរ​កីឡា​ហាប់​គី​ដូ ​បាន​ប្រាប់​ថា៖​ «ការ​ប្រឡង​ដំឡើង​ខ្សែក្រវាត់​នេះ រួម​មាន​ដំឡើង​ពីខ្សែវាត់​សឆ្នូត​ ឡើង​ទៅខ្សែ​ក្រវាត់​​ពណ៌លឿង,​ខ្សែក្រវាត់​លឿងឆ្នូត ឡើងជា​ខ្សែ​ក្រវាត់​ពណ៌​ទឹកក្រូច និង​ខ្សែក្រវាត់​បៃតងឆ្នូត ​ឡើងទៅ​ខ្សែ​ក្រវាត់​ពណ៌ខៀវ​ បន្ទាប់​ពី​ពួក​គាត់​ហ្វឹក​ហាត់​រយៈ​ពេល​ ៧​ ខែ​រួច​មក​»។

​លោក​បាន​បន្ត​ថា​ កីឡាករ ​កីឡាការិនី​ មានការ​កើន​ឡើង​ច្រើន​ បើ​ធៀប​នឹង​លើក​មុនៗ ​ដែល​យើង​មិន​ទាន់​មាន​ទី​តាំង​ល្អ ​គឺ​ហាត់​តាម​ផ្ទះ​ ផ្លូវ​ថ្នល់ ​និង​ទី​សាធារណៈ​នោះ​។​ លោក​បាន​បន្ថែម​ថា ​ក្រៅ​ពី​ពិធី​ដំឡើង​ខ្សែក្រវាត់​នេះ គឺ​មាន​ការ​ប្រគល់​វិញ្ញាបនបត្រ ​ជូន​ដល់​សិស្ស​គណ​ដែល​បាន​ហ្វឹក​ហាត់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​កន្លង​មក ផង​ដែរ​។

លោក គង់ ចាន់ធីណា ​បាន​រំឭក​ និង​បញ្ជាក់​​ថា​៖ ​«ក្រោយ​ពី​យើង​ មាន​ទីតាំង​ហ្វឹក​ហាត់ ​ដែល​ឧបត្ថម្ភ​ដោយ​ឧត្តម​បណ្ឌិត ​ជា ប៊ុនហេង​ រួច​មក ​កីឡាហាប់គីដូ​ មាន​ការរីក​ចម្រើន​គួរ​ឲ្យកត់​សម្គាល់។ ជាក់​ស្ដែង​មាន​ការ​កើន​ឡើង​ដល់​ជិត​៥០​ នាក់​ ហើយ​សហព័ន្ធ ​បាន​បង្កើត​កម្ម​វិធី​កម្សាន្ត និង​កម្មវិធីផ្សេងៗ​ ឲ្យ​កាន់តែច្រើន ​ដើម្បី​ឲ្យ​ពួក​គេ​ចូល​ចិត្ត​កីឡា​ ដោយ​គោរពក្បួន​ច្បាប់អន្ដរជាតិ ជំរុញ​ឲ្យ​កីឡាហាប់គីដូ​កម្ពុជា​ កាន់​តែរីក​ចម្រើន ​ឈាន​ទៅ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​វាស់​សមត្ថភាព​ទៀត​ផង»​៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍