ភ្នំពេញៈ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារួមទាំងក្រុមហ៊ុន NetEase (Rules of Survival) បានរួមគ្នាបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯក Ros KH Cup ដ៏ធំមួយ និងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាដោយមានកីឡាករចូលរួមជាង ៨០០ ក្រុម។
ការប្រកួតកីឡាអេឡិចត្រូនិក Ros KH Cup ដែលទទួលបានការឧបត្ថម្ភធំពី Cellcard និងសហការឧបត្ថម្ភដោយ Oppo និង Wing នេះវាជាព្រឹត្តិការណ៍ថ្មីសន្លាងមួយព្រោះការប្រកួតនេះគេប្រកួតគ្នានៅលើវិញ្ញាសា Rule of Survival ដែលមិនធ្លាប់បានធ្វើពីមុនមកនៅកម្ពុជានោះឡើយ។
យ៉ាងណាក៏ដោយលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានអះអាងថា ព្រឹត្តិការណ៍ថ្មីនេះមានក្រុមចូលរួមប្រកួតជម្រុះជាច្រើនដើម្បីប្រជែងយកប្រាក់រង្វាន់សរុបដែលមានរហូតដល់ ១០០ លានរៀលព្រោះចាប់ពីក្រុមលេខ ១ ដល់លេខ ១៥ នឹងបានប្រាក់រង្វាន់ទាំងអស់។
លោក សាមឌី បាននិយាយថា៖ «ការប្រកួតនេះមានអ្នកចុះឈ្មោះចូលរួមជាង ៨០០ ក្រុម (១ ក្រុមមាន ៤ នាក់) ដែលមានកីឡាករជាង ៣០០០ នាក់ហើយការរៀបចំមានលក្ខណៈស្តងដា ដោយសារខាង Developer របស់ Rule of Survivor ជាអ្នករៀបចំដោយផ្ទាល់តែម្ដង ហើយអ្នកបច្ចេកទេសទាំងនេះបានតាមដានពីសក្ដានុពលអ្នកលេងនៅកម្ពុជា ដើម្បីចូលរួមជួយអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនថែមទៀត ខណៈប្រទេសនៅក្នុងតំបន់ក៏មានការប្រកួតវិញ្ញាសា Rule of Survivor នេះផងដែរ»។
យ៉ាងណាក៏ដោយនៅក្នុងចំណោមក្រុមចុះឈ្មោះចូលរួមជាង ៨០០ ក្រុមនោះគឺគណៈកម្មការបានរៀបចំឲ្យមានការប្រកួតជម្រុះចោលនៅសល់ត្រឹម ៧៥ ក្រុមប៉ុណ្ណោះ ដើម្បីយកមកប្រកួតក្នុងវគ្គចែកពូលនៅក្នុងកម្មពិធីតាំងពិព័រណ៍ 2019 Digital Cambodia នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃ សុក្រ សៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។
លោក លន់ សាមឌី បានប្រាប់ថាការប្រកួតវគ្គចែកពូលនេះនឹងត្រូវធ្វើទៅតាមដំណាក់កាលផ្សេងៗរហូតដល់ថ្ងៃទី ៦ ខែមេសាដើម្បីរកក្រុមខ្លាំងចំនួន ១៥ ក្រុមឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដែលនឹងត្រូវធ្វើឡើងនៅក្នុងខែមេសានោះដែរ។
ជាមួយនឹងការប្រកួត Ros KH Cup លើកទី ១ ឆ្នាំ ២០១៩ នៅកម្ពុជាដែលតម្រូវឲ្យអ្នកចូលរួមប្រកួតប្រើទូរស័ព្ទដៃផ្ទាល់ខ្លួន ដើម្បីប្រកួតប្រជែងគ្នា ទៅតាមហ្គេមដែលគណៈកម្មការបានដាក់ឲ្យនោះត្រូវបានលោក លន់ សាមឌី លើកឡើងថាជាការលើកមុខមាត់មួយដល់យុវជនកម្ពុជាក្នុងការបង្ហាញដល់ប្រទេសផ្សេងៗឲ្យដឹងថា យើងបានតាមទាន់បច្ចេកវិទ្យានឹងគេហើយ។
លោក លន់ សាមឌី បាននិយាយថា៖ «នេះជាវិញ្ញាសាថ្មីបែបទំនើប និងបែបបច្ចេកវិទ្យាអ៊ីចឹងការរៀបចំការប្រកួតវគ្គចែកពូលនៅក្នុងកម្មវិធី 2019 Digital Cambodia នេះគឺយើងចង់បង្ហាញថាយើងបានដើរទាន់សម័យបច្ចេកវិទ្យានឹងគេហើយ ហើយអាចចូលប្រឡូកនឹងគេបាន»។
លោកបានបន្ថែមថា៖ «សម្រាប់ស៊ីហ្គេមឆ្នាំ ២០១៩ នេះម្ចាស់ផ្ទះហ្វីលីពីន ក៏បានដាក់ឲ្យមានការប្រកួតកីឡាអេឡិចត្រូនិក ឬ E-Sports នេះដែរអ៊ីចឹងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ខិតខំប្រឹងប្រែបណ្តុះបណ្តាលកីឡាករ សម្រាប់ឲ្យគាត់យល់ថា E-Sports ជាកីឡាមិនមែនជាល្បែងស៊ីសងទេ។ យើងចង់ឲ្យអាណាព្យាបាលយល់ពីបញ្ហានេះ ដើម្បីឲ្យគាត់បែងចែកឲ្យបានដាច់ពីគ្នាពីម៉ោងសិក្សា និងម៉ោងលេង E-Sports ដល់កូនៗរបស់គាត់ព្រោះបើគាត់អត់យល់លើបញ្ហានេះគឺកីឡាអេឡិចត្រូនិកដើរទៅមុខអត់រួចនោះទេ»៕