The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កីឡា ១១ ប្រភេទ នឹងត្រូវ​ដាក់​ឲ្យ​ប្រកួត​គ្នា​នៅ​បុណ្យ​សមុទ្រ

កីឡា ១១ ប្រភេទ នឹងត្រូវ​ដាក់​ឲ្យ​ប្រកួត​គ្នា​នៅ​បុណ្យ​សមុទ្រ

Content image - Phnom Penh Post
​សកម្ម​ភាព​ជិះ​ម៉ូតូ​ទឹក កាល​បុណ្យ​សមុទ្រ ឆ្នាំ ​២០១៤ ហើយ​ឆ្នាំ​នេះ នឹងមាន​ការ​ប្រកួត​ម៉ូតូទឹកកាន់​តែ​ធំ។ ស្រេង ម៉េងស្រ៊ុន

កីឡា ១១ ប្រភេទ នឹងត្រូវ​ដាក់​ឲ្យ​ប្រកួត​គ្នា​នៅ​បុណ្យ​សមុទ្រ

ភ្នំពេញៈ បុណ្យ​សមុទ្រ ឆ្នាំ២០១៨ ដែល​ទទួលបាន​ការ​លើក​ទឹកចិត្ត​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​គ្រោង​ធ្វើ​ឡើង​រយៈពេល ៣ ថ្ងៃ គឺ​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ​ធ្នូ ដោយ​ផ្តោត​ទៅ​លើ​សកម្មភាព​កីឡា ទេសចរណ៍ និង​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​នានា ខណៈ​ទីតាំង​បុណ្យ​សមុទ្រ​នេះ​ធ្វើ​តាម​ការ​ប្តូរ​វេន​រវាង​ខេត្ត ៤ មាន​ខេត្ត​ព្រះសីហនុ កំពត ខេត្ត​កែប និង​ខេត្ត​កោះកុង ហើយ​លើក​ទី ៧ នេះ​ដល់​វេន​ខេត្ត​កោះកុង ជា​លើក​ទី ២។

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC បាន​ថ្លែង​ថា៖ «បុណ្យ​សមុទ្រ​លើក​ទី ៧ នៅ​ខេត្ត​កោះកុង ឆ្នាំ​នេះ យើង​បាន​ត្រៀម​កីឡា​ចំនួន ១១ ប្រភេទ ដើម្បី​ដាក់​ឲ្យ​ប្រកួត បម្រើការ​កម្សាន្ត​សប្បាយ​ជូន​ដល់​ប្រជាពលរដ្ឋ ក៏​ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​រយៈពេល ៣ ថ្ងៃ​ពេញ​តែ​ម្តង»។

ចំពោះ​ប្រភេទ​កីឡា​ទាំង១១ដែល​ត្រូវដាក់​ឲ្យ​ប្រកួត នេះ លោក វ៉ា​ត់ ចំរើន រៀបរាប់​ថា ទី១ កីឡា​ប្រណាំង​កង់​ចម្ងាយ ៣ និង ៥ គីឡូម៉ែត្រ ទី២ កីឡា​ទ្រីយ៉ាត្លុង (មាន​រត់​ប្រណាំង ហែល​ទឹក និង​ជិះ​កង់) ទី ៣ ជិះ​កង់​កម្សាន្ត​មហាជន​ចំនួន ៥០០ នាក់ ឆ្លង​មក​ពី​ប្រទេស​ថៃ ទី ៤ អុកចត្រង្គ ទី ៥ ប្រដាល់​គុន​ខ្មែរ ទី ៦ ម៉ូតូ​ទឹក ទី ៧ ទូកក្តោង ទី ៨ កីឡា​ថាស​ហោះ ទី ៩ ប្រណាំង​ម៉ូតូ​ធំ មក​ពី​ថៃ ទី ១០ កីឡា​សី​ស្លាប និង​ទី ១១ កីឡា​រាំ​អន្តរជាតិ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និយាយ​ថា៖ «យើង​មាន​រៀបចំ​ប្រដាល់​ចំនួន ២ ថ្ងៃ ប៉ុន្តែ​ជា​ការ​ប្រកួត​មិត្តភាព​កម្សាន្ត​ថ្នាក់​ជាតិ គឺ​គ្មាន​គូ​អន្តរជាតិ​ទេ ដោយ​យើង​ធ្វើ​ទៅ​តាម​ធនធាន​នៃ​ការ​រៀបចំ ពិសេស​ការ​ចំណាយ​មាន​កំណត់ ដោយ​យើង​បាន​ត្រៀម​កីឡាករ​ចំនួន ១០ គូ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី ១៤ និង​ថ្ងៃ​ទី ១៥ ខែ​ធ្នូ»។

ចំណែក​លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ប្រាប់​ថា៖ «សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង បាន​ត្រៀម​អត្តពលិក​សរុប ៨០ នាក់ និង​គណៈ​កម្មការ ៤០ នាក់ មក​ពី ១២ ក្លិប ក្នុង​នោះ​មាន​មក​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​ផង​ដែរ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ នៅ​កោះកុង​ឆ្នាំ ២០១៨»។

លោក​បន្ថែមថា៖ «យើង​យក​ការប្រកួត​នេះ ជាការ​ប្រកួត​ជម្រើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ២០១៨ តែ​ម្តង ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ការ​ចំណាយ​ថវិកា​នេះ មិន​លាក់​លៀម​ទេ គឺ​ចំណាយ​ដោយ​មាន​តម្លាភាព​ចំនួន ២៨ លាន​រៀល ដែល​ត្រូវ​ជា ៤៥ ភាគរយ​នៃ​គម្រោង​ប្រចាំ​ឆ្នាំ ២០១៨ ដែល​ក្រសួង​អនុញ្ញាត»។

ចំណែក​កីឡា​រាំ​វិញ ដែល​កំពុង​ទាញ​ការចាប់អារម្មណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស​នោះ​ត្រូវ​បាន​លោក​ស្រី​ហង្ស ស៊ីម៉ន ជា​អគ្គលេ​ខាធិការ​សហព័ន្ធ​បាន​ប្រាប់​ថា៖ «ក្រោយ​កិច្ច​ប្រជុំ សហព័ន្ធ​កីឡា​រាំ​បាន​ត្រៀម​អត្តពលិក ១៦ នាក់ ក្នុង​នោះ​មាន​បុរស​ចំនួន ៦ នាក់ ដើម្បី​អបអរ​សាទរ​ក្នុង​វេទិកា​ដ៏​ឱឡារិក នៅ​ថ្ងៃ​បើក​កម្មវិធី​បុណ្យ សមុទ្រ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​តេជោ​ហ៊ុន សែន»។

យ៉ាងណាមិញ សម្រាប់​កីឡា​លក្ខណៈ​ប្រពៃណី​អុកចត្រង្គ​វិញ ត្រូវបាន​មន្ត្រី​បច្ចេកទេស និង​លោក ឈាវ បូរ៉ា ជា​អគ្គលេ​ខាធិការ​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា ប្រាប់​ថា កំពុង​តែ​រៀបចំ​សមាស​ភាព មិន​ទាន់​ដឹង​ឈ្មោះ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

ការដាក់​ឲ្យ​មានការ​ប្រកួត​ប្រភេទ​កីឡា​ទាំង ១១ នេះ លោក វ៉ា​ត់ ចំរើន រំពឹងថា នឹង​ទាក់​ទាញ​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់​ឲ្យ​មក​លេង​បុណ្យ​សមុទ្រ។ លោក​ថ្លែង​ថា៖ «កីឡា​ទាំង ១១ ប្រភេទ​នេះ នឹង​ទាក់ទាញ​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់ ខណៈ​បទពិសោធ​រៀបចំ​ច្រើន​ឆ្នាំ​កន្លង​មក ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ រៀង​រាល់​ឆ្នាំ​គឺ​ការ​ប្រកួត​កីឡា​ជា​ផលិតផល និង​ជា​ចំណី​អារម្មណ៍​របស់​ភ្ញៀវទេសចរ»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។