ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​បុណ្យ​ទន្លេ​លើក​ទី​ ៥ ដែល​ផ្លាស់​វេន​ទៅ​ដល់​ខេត្ត​កំពង់ឆ្នាំង​នា​ពាក់កណ្តាល​ខែ​មីនា ឆ្នាំ​ ២០១៩​ ​នេះ​ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព​ប្រជាជន និង​ទេសចរណ៍​» នោះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​បុណ្យ​ទន្លេ ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​បាន​ប្រាប់ថា នឹង​មាន​ដាក់​កីឡា​ ១២ ​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួត​ជូន​មហាជន​ទស្សនា​ដោយ​សេរី ដើម្បី​បង្ក​ភាពសប្បាយរីករាយ ហើយ​ការតាំង​ពិព័រណ៍​ផលិតផល​ជា​ស្នាដៃ​របស់​ជាតិ និង​ពាណិជ្ជកម្ម​ផ្សេងៗ​ក៏​ត្រូវ​ដាក់​បង្ហាញ​ក្នុង​ឱកាស​នោះដែរ​។

លោក វ៉ាត់ ចំរើន ប្រធាន​អនុគណៈកម្មការ​កីឡា​បុណ្យ​ទន្លេ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​ NOCC ​បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ ៣ ​ថ្ងៃ​ពី​ថ្ងៃ​ទី​ ១៥ ដល់​ទី​ ១៧ ខែ​មីនា​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ហើយ​ក្នុង​ពេល​ ៣ ​ថ្ងៃ​នេះ NOCC បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ត្រៀម​រួចរាល់​ហើយ​នូវ​កីឡា​ចំនួន​ ១២ ​ប្រភេទ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ដ៏ទាក់ទាញ​មួយ​នេះ​»​។

លោក​បាន​លម្អិត​ពី​ប្រភេទ​កីឡា និង​ទីតាំង​ប្រកួត​ថា​ទី​ ១ ​កីឡា​រត់​ប្រណាំង​កម្សាន្ត​ដោយ​មាន​រត់​ ៣ ​គីឡូម៉ែត្រ និង​ ៥ ​គីឡូម៉ែត្រ​ចាប់ផ្តើម​នៅ​ម៉ោង​ ៦ ​ព្រឹក​នា​ថ្ងៃទី​ ១៥ ខែ​មីនា​ដោយ​ចាប់ផ្តើម​ពី​ចំណុច​រូបសំណាក​ពុទ្ធសែន​នាងកង្រី និង​បញ្ចប់​នៅ​ទីនោះ​វិញ ប៉ុន្តែ​នេះ​ជា​ការរត់​លក្ខណៈ​មហាជន​សប្បាយ​រីករាយ និង​សុខភាព​គឺ​គ្មាន​សំដៅ​រក​ជើងឯក ឬ​រង្វាន់​ជយលាភី​ជា​ធំ​នោះ​ឡើយ​ដែល​ភាគច្រើន​ជា​សិស្សានុសិស្ស​។

ចំណែក​ទី​ ២ កីឡា​បាល់ទាត់​មាន​ការប្រកួត​ ៣ ​ថ្ងៃ​ពេញ​នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​គឺ​ចាប់ពី​ម៉ោង​ ៨ ​ព្រឹក​ដល់​ម៉ោង​ ១ ​រសៀល និង​ចាប់ពី​ម៉ោង​ ៣ ដល់​ម៉ោង​ ៥ ​ល្ងាច​ទី​ ៣ ​កីឡា​បាល់ទះ​ប្រកួត​​ ៣ ​ថ្ងៃ​ពេញ​ដែរ នៅ​កីឡដ្ឋាន​ខេត្ត​ពី​ម៉ោង​ ១៥ ដល់​ម៉ោង​ ១៧​។ ទី​ ៤ កីឡា​ចំបាប់​បុរាណ​ប្រកួត​ ៣ ​ថ្ងៃ​ពេញ​នៅ​កីឡដ្ឋាន​ខេត្ត​ចាប់ពី​ម៉ោង​ ១៧ ដល់​ម៉ោង​ ២០ ហើយ​ទី​ ៥ កីឡា​ទាញព្រ័ត្រ ប្រកួត​នៅ​ថ្ងៃ​ទី​ ១៥ និង​ទី​ ១៦ ខែ​មីនា ពី​ម៉ោង​ ១៥ ដល់​ម៉ោង ១៧ នៅ​កីឡដ្ឋាន​ខេត្ត និង​ទី​ ៦ ​កីឡា​វាយ​សី ប្រកួត​ ៣ ​ថ្ងៃ​ពេញ​នៅ​ទីលាន​សាលាខេត្ត​កំពង់ឆ្នាំង​ចាប់ពី​ម៉ោង​ ៨ ដល់​ម៉ោង​ ១១​។

ទី​ ៧ កីឡា​ប្រណាំង​សេះ​រយៈពេល​​ ១ ​ថ្ងៃ​ចុងក្រោយ​ពី​វេលា​ម៉ោង​ ១៥ ដល់​ម៉ោង​ ១៧ នៅ​ឃុំ​ស្វាយជ្រំ​ក្អមមាស​ទី​ ៨ ​កីឡា​ជិះ​កង់​កម្សាន្ត​ប្រកួត​នៅ​ថ្ងៃទី​ ១៦ ខែ​មីនា​នៅ​រូបសំណាក​ពុទ្ធសែន​នាងកង្រី​ពី​ម៉ោង​ ៧ ដល់ ម៉ោង​ ៩ ​ព្រឹក​។ រីឯ​ទី​ ៩ ប្រដាល់​គុនខ្មែរ​ពី​ថ្ងៃ​ទី​ ១៥ ដល់​ទី​ ១៦ ខែ​មីនា​នៅ​កីឡដ្ឋាន​ខេត្ត ដោយ​មាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ១១ ទី​ ១០ ប្រណាំង​ទូក​នៅ​មាត់ទន្លេ​ចាប់ពី​រសៀល​ម៉ោង​ ២ ​តទៅ ទី​ ១១ កីឡា​បាល់បោះ​ពី​ថ្ងៃ​ ១៥ ដល់​ទី​ ១៦ ខែ​មីនា​នៅ​កីឡដ្ឋាន​ខេត្ត​ពី​ម៉ោង​ ១៥ ដល់​ម៉ោង​ ១៧ ហើយ​ទី​ ១២ កីឡា​ល្បុក្កតោ​ប្រកួត​នៅ​ថ្ងៃទី​ ១៦ និង​ទី​ ១៧ ខែ​មីនា​នៅ​ពហុកីឡដ្ឋាន​ខេត្ត​ពី​ម៉ោង​ ១៧ ដល់​ម៉ោង​ ១៨​។

ជុំវិញ​មតិមហាជន​ដែល​ចង់​រៀបចំ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ឲ្យ​បាន​ធំ​នោះ លោក វ៉ាត់ ចំរើន បាន​បកស្រាយ​ថា​នៅក្នុង​ចំណោម​កីឡា​ទាំង​ ១២ ​ប្រភេទ​នេះ​ប្រដាល់​គុន​ខ្មែរ​ចំណាយ​ធំ​ជាង​គេ អ៊ីចឹង​បើ​យើង​រៀបចំ​ឲ្យ​ធំ​តាម​ការចង់​បាន​របស់​មហាជន​នោះ វា​ចំណាយ​ច្រើន​គឺ​អាច​និយាយ​ថា​ការចំណាយ​តែ​ប្រដាល់​មួយ​អាច​ធ្វើ​កីឡា​ប្រភេទ​ផ្សេងៗ​បាន​ជិត​ ១០ ​ឯណោះ ហេតុនេះ​យើង​រៀបចំ​ក្នុង​លក្ខណៈ​ថ្នាក់​មិត្តភាព​ជាតិ​ដែល​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​មាន​សមត្ថភាព​ទាប និង​មធ្យម​បាន​ប្រកួត​ផង​។

លោក​បន្ថែម​ថា​៖ «​ការចំណាយ​ថវិកា​របស់​ជាតិ​គឺ​មាន​កំណត់​ច្បាស់លាស់ មិន​អាច​យក​ទៅ​ប្រៀបធៀប​នឹង​ការប្រកួត​របស់​វិស័យ​ឯកជន​ដែល​គេ​សម្រួច​ឆ្ពោះ​ទៅលើ​ការផ្សាយ​ពាណិជ្ជកម្ម​ជា​ធំ​នោះ​ទេ ព្រោះ​យើង​ធ្វើ​ក្នុង​លក្ខណៈ​បច្ចេកទេស​ស្រប​តាម​គោលការណ៍ និង​ច្បាប់​កីឡា ខណៈ​អត្តពលិក​ដែល​ចូលរួម​មាន​ទស្សនៈ​ជា​លក្ខណៈ​ស្ម័គ្រចិត្ត ពេញចិត្ត មិន​គិតពី​ផលប្រយោជន៍​បុគ្គល​ជាធំ​»៕