ភ្នំពេញៈ ក្នុង​ផែនការ​ឆ្ពោះទៅរក​សក្តានុពល​នៃ​ការប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដាក់ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ឱ្យមាន​ការប្រកួត​ជើងឯក​អាស៊ាន​នូវ​កីឡា​ ៤ ​ប្រភេទ​មាន​កីឡាគុនខ្មែរ គុន​ល្បុក្កតោ បាល់បោះ និង​វ៉ូវីណាម ក្នុង​ឆ្នាំ​ ២០២១ ​នេះ ប៉ុន្តែ​ជាក់ស្តែង​នៅ​សល់​តែ​ ៣ ​ប្រភេទ​ប៉ុណ្ណោះ ព្រោះ​គម្រោង​ចាស់ វ៉ូវីណាម ត្រូវ​បាន​ប្រទេស​វៀតណាម សុំ​ធ្វើជា​ម្ចាស់ផ្ទះ​មុន​សិន​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​មិន​អាច​ឆ្លើយតប​បាន​ភ្លាមៗ ដោយសារ​លោក​អះអាង​ថា នៅជាប់​រវល់ ប៉ុន្តែ​លោក ហួត សេងទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​ប្រាប់ថា​៖ «​តាមរយៈ​ប្រជុំ​បច្ចេកទេស​ចុងក្រោយ​ជាគោលការណ៍ អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​រៀបចំ ធ្វើការ​ប្រកួត​កីឡា​កម្រិត​អាស៊ីអាគ្នេយ៍​ចំនួន​ ៣ ​តែប៉ុណ្ណោះ គឺ​បាល់បោះ ប្រដាល់​គុន​ខ្មែរ និង​គុន​ល្បុក្កតោ ក្នុង​ឆ្នាំ ​២០២១ ​នេះ​»​។

ចំណែក​លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ប្រាប់ថា សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជើងឯក​អាស៊ាន​ជា​លើកដំបូង​នៅ​ខែ​តុលា ឆ្នាំ​ ២០២១ ហើយ​ការទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​កម្រិត​អាស៊ាន​នេះ គឺជា​ការងារ​ធំ​មួយ​របស់​សហព័ន្ធ ដែល​ត្រូវបំពេញ​កិច្ចការ​ចាប់ពី​ដើមឆ្នាំ​ ២០២១ ​តែម្តង​ក្នុង​នោះ​មានដូចជា​ការបណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​អន្តរជាតិ និង​ការបញ្ជូន​អ្នកជំនាញ​ទៅ​បង្វឹក​កីឡាករ កីឡាការិនី​នៃ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​ក្នុង​អាស៊ាន​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធ​គុន​ល្បុក្កតោ​កម្ពុជា​បាន​ប្រាប់​បន្ថែមថា​៖ «​ប្រទេស​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ម្ចាស់ផ្ទះ​កម្ពុជា ហ្វីលីពីន ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា​ដែល​គ្រោង​នឹង​ប្រកួត​លើ​ ២០ ​វិញ្ញាសា រួមមាន​វិញ្ញាសា​សម្តែង​ទម្រង់​មេគុន និង​វិញ្ញាសា​ប្រយុទ្ធ​។ ហេតុនេះ​យើង​ត្រូវបំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយចំនួន ដូចជា​ក្រុមបច្ចេកទេស ជាង​ធ្វើ​ទីលាន​ប្រកួត ដើម្បី​សម្រួល​ឱ្យ​កាន់​តែមាន​សុវត្ថិភាព​ដល់​ការប្រកួត និង​ផ្តល់​ភាពងាយស្រួល​ដល់​ក្រុមការងារ​បច្ចេកទេស​ផង​»​។

ចំណែកឯ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់ថា តាម​គម្រោង​គុន​ខ្មែរ​អាស៊ីអាគ្នេយ៍​នេះ​គ្រោង​ធ្វើ​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២១ តាម​ការណែនាំ​របស់​ក្រសួង​អប់រំ ហើយ​យើង​កំពុង​គិតថា នឹង​លើក​គម្រោង​ប្រកួត​ប៉ុន្មាន​ប្រភេទ​ទម្ងន់ ដោយ​យក​គំរូ​តាម​ប្រភេទ​ទម្ងន់​នៅក្នុង​ស៊ីហ្គេម​មុនៗ​។ ទោះជា​យ៉ាងណា យើង​សហការ​ជាមួយ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ដើម្បី​ទំនាក់ទំនង​សមាជិក​ក្រៅប្រទេស​ក្នុង​អាស៊ាន ដែល​ពេលនេះ កំពុង​ដំណើរការ​នៅឡើយ គឺ​មិនដឹងថា មាន​ប្រទេស​ណា​ចូលរួម​ខ្លះ​នៅ​ឡើយ ប៉ុន្តែ​ចាប់ពី​ ៤ ​ប្រទេស​ឡើងទៅ​។

ទាក់ទង​ទៅនឹង​កម្រិត​បច្ចេកទេស និង​សមត្ថភាព​របស់​អត្តពលិក​កម្ពុជា​លោក តែម ម៉ឺន បញ្ជាក់ថា​៖ «​ធនធាន​កីឡាករ​កីឡាការិនី​ខ្មែរ​យើង​មាន​លំដាប់​ល្អ អាច​ថា​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ជាមួយ​អត្តពលិក​ប្រទេស​ថៃ ឬ​ឡាវ និង​មាន​សមត្ថភាព​លើ​ប្រទេសមួយ​ចំនួន​ផងដែរ​ទៅ​តាម​ប្រភេទ​ទម្ងន់​»៕