ភ្នំពេញ៖ ​ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ពី​​ភាគី​ពាក់ព័ន្ធ​​មាន​​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​ជា​ពិសេស​ក្រុម​អ្នក​​ជំនាញ​របស់​សហព័ន្ធ​​កីឡា​ជាតិ​បាន​ធ្វើ​ឱ្យ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី​៣២ ​ឆ្នាំ​ ២០២៣ ​(CAMSOC) ​បាន​កំណត់​ជា​ផ្លូវ​ការ ដោយ​សម្រេច​យក​​ខេត្ត​ព្រះសីហនុ ជា​កន្លែង​សម្រាប់​រៀបចំ​ការ​ប្រកួត​នៅ​លើ​កីឡា ​៣ ​ប្រភេទ មាន​​កីឡា​បាញ់​កាំភ្លើង ​កីឡា​ម៉ូតូ​ទឹក ​និង​កីឡា​ទូកក្តោង​។​

ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​ CAMSOC បាន​​ឱ្យ​ដឹង​ថា លោក​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទៀ បាញ់ ដែល​ជា​ប្រធាន ​​CAMSOC​ បាន​ឯកភាព​​ដាក់​​កីឡា ​៣ ​ប្រភេទ​ខាង​លើ​ ​ឱ្យ​​ប្រកួត​ប្រជែង​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ហើយ​ពេល​នេះ​​កំពុង​តែ​ចាប់​ផ្តើម​សម្របសម្រួល​ជា​បណ្តើៗ​ ដើម្បី​ទទួល​បម្រើ​ការ​ប្រកួត​ស៊ីហ្គេម ​លើក​ទី​៣២ ​ឆ្នាំ ​២០២៣​ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

លោក ​ខៃ ​វណ្ណៈ​ គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​​បាញ់​​កាំ​ភ្លើង​កម្ពុជា ​​បាន​ប្រាប់​​ថា​ សហព័ន្ធ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ឱ្យ​​​រៀបចំ​ទីលាន​។​ «​កម្ពុជា​យើង​ កំពុង​សិក្សា​ និង​ស្វែងរក​ទីកន្លែង​ណា​ ដែល​មាន​ប្រយោជន៍​​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា ហើយ​​ជាក់ស្តែង​សហព័ន្ធ​បាន​កំណត់​យក​ខេត្ត​ព្រះសីហនុ​នេះ​ ជា​​កន្លែង​សាងសង់​ទីលាន​បាញ់​កំាភ្លើង​សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ស៊ីហ្គេម ឆ្នាំ ២០២៣»។​

លោក ​ខៃ ​វណ្ណៈ បាន​​បន្ថែម​ថា​ ​សហព័ន្ធ​បាន​ទំនាក់ទំនង​ជាមួយ​​ក្រុមហ៊ុន​យិះចៀ (Yeejia) ហើយ​​ដើម្បី​ការ​អភិវឌ្ឍ​នេះ ក្រុមហ៊ុន​បាន​សន្យា​ជួយ​ផ្គត់ផ្គង់​ទីកន្លែង​ សម្ភារ​បច្ចេកទេស ​និង​ធនធាន​ជាដើម ​ដែល​មាន​ចំណុច​ទីតាំង​ស្ថិតនៅ​តំបន់​វិស្សមកាល​ទេសចរណ៍​អន្តរជាតិ ឆ្នេរ​មាស ​ឆ្នេរ​ប្រាក់​ ឃុំរាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ក្រុមហ៊ុន​​នឹង​ធ្វើ​កិច្ចការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​គ្នា​ជាបន្ត​ទៀត​។​

តាម​ខ្លឹមសារ ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​​ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា និង​ក្រុម​ហ៊ុនយិះចៀ កាល​ពី​ថ្ងៃ​ទី ​២៤​ ខែ​ឧសភា គឺ​ភាគី​ទាំង​​ ​២ បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​សាងសង់​ទីលាន​ឱ្យ​​រួចរាល់​នៅ​មុន​ស៊ីហ្គេម ឆ្នាំ ​២០២៣ ហើយ​តាម​គម្រោង​នឹង​ត្រូវ​សាងសង់​​ឱ្យ​​រួច​រាល់​ក្នុង​រង្វង់ ១ ឆ្នាំ​ ដោយ​ត្រូវ​ចំណាយ​​​ទឹក​ប្រាក់​​ចន្លោះ​ពី ​២ ​ទៅ​ ៣ លាន​ដុល្លារ​ ឬ​​ច្រើន​ជាង​នេះ​។

លោក​នាយ​ឧត្តម​សេនីយ៍ មៀច​ សុផាន់ណា​ ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​បាន​បញ្ជាក់​ថា៖​ «​កន្លង​មក​ទីលាន​បាញ់​កាំភ្លើង​នៅ​កម្ពុជា ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​កម្រិត​មាត្រដ្ឋាន​ស្តង់ដា​អន្តរជាតិ​អូឡាំពិក​ ឬ​ស៊ីហ្គេម​នៅ​ឡើយ ​ហេតុនេះ​ការ​សាងសង់​ទីលាន​​ថ្មី​នេះ ​អាច​ត្រូវ​បាន​កំណត់​ជា​ទីលាន​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​​ ហើយ​ទីលាន​ថ្មី​នេះ​ នឹង​អាច​ជួយ​ជំរុញ​ដល់​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ ព្រម​ទាំង​​​​ចូលរួម​​ជួយ​ដល់​​ការ​ការពារ​គ្រប់គ្រង​អាវុធ ​ដើម្បី​សុខ​សុវត្ថិភាព​សង្គម​ផង​ដែរ»​។

ជាមួយ​គ្នា​នេះ ​លោក ​វ៉ាត់​ ចំរើន ​អគ្គ​លេខាធិការ​ CAMSOC បាន​ប្រាប់​​ថា​៖ «ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​កំណត់​​ថា ជា​កន្លែង​សម្រាប់​រៀបចំ​ការ​ប្រកួត​នៅ​លើកីឡា​ចំនួន ​៣ ​ប្រភេទ​ ដោយ​យើង​​បាន​ឆ្លង​គណៈ​អចិន្ត្រៃយ៍​រួច​ហើយ ​ក្នុង​នោះ​មាន​កីឡា​បាញ់​កាំភ្លើង​ កីឡា​ម៉ូតូ​ទឹក ​និង​កីឡា​ទូកក្តោង ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​ឆ្នាំ ​២០២៣​ ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ​»៕​