ភ្នំពេញ: គណៈកម្មាធិការ​កណ្តាល​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី ២ ឆ្នាំ​២០១៨ កាល​ពី​ព្រឹក​ថ្ងៃ ទី ១៣ ខែ​ឧសភា​ឆ្នាំ ២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា បាន​ធ្វើ​ការ​ចាប់​ពូល​សម្រាប់​កីឡា​ចំនួន ៤ ប្រភេទ​ដែល​ប្រភេទ​កីឡា​ជា​ក្រុម រួម​មាន​កីឡា​បាល់ទាត់ កីឡា​បាល់ទះ កីឡា​បាល់​បោះ និង​កីឡា​សីដក់។

ក្នុង​កម្មវិធី​នេះ គណៈអធិបតី​អញ្ជើញ​ចូលរួម​ជា​សាក្សី​មាន លោក​ព្រហ្ម ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង អប់រំ យុវជន និង​កីឡា លោក​ហ៊ុន សាមុត ប្រធាន នាយកដ្ឋាន​កីឡា រួម​ជាមួយ​នឹង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ទាំង ៤ ព្រមទាំង​ប្រតិភូ​មក​ពី​ក្លិប​សមាគម​ទាំង​អស់ ទូទាំង​ប្រទេស។

លោក​ហ៊ុន សាមុត មានប្រសាសន៍​កាលពី​ព្រឹក​ម្សិលមិញ​ថា៖ «សម្រាប់​ការចាប់​ពូ​ល​ក្នុង​កីឡា​ចំនួន ៤ ប្រភេទ​នេះ​មុន​គេ ដោយសារ​តែ​ជា​ប្រភេទ​ពិបាក​ជាង​គេ ប្រសិន​បើ​ប្រៀប​ធៀប​ទៅ​នឹង​កីឡា​ដទៃ​ក្នុង​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត ព្រោះ​យើង​ត្រូវ​បែង​ចែក​ចេញ​ជា​ពូល​ដែល​មាន​ច្រើន​ពូល​ផង​ដែរ»។

នៅក្នុង​ពិធី​ចាប់ឆ្នោត​នោះ លោក​បាន​ឲ្យ​ដឹងថា៖ «ប្រភេទ​បាល់ទាត់​មាន​ក្រុម​បាល់ទាត់​បុរស​មាន ២៤ ក្រុម ចែក​ចេញ​ជា ៨ ពូល និង​ក្រុម​បាល់ទាត់​នារី ៩ ក្រុម ហើយ​កីឡា​បាល់ទះ​មាន​ក្រុម​បាល់ទះ​បុរស​មាន ១៤ ក្រុម ចែក​ចេញ​ជា ៤ ពូល និង​ក្រុម​បាល់ទះ​នារី ១៣ ក្រុម ចែក​ចេញ​ជា ៨ ពូល រីឯ កីឡា​បាល់ទះ​ឆ្នេរ​ខ្សាច់ មាន ៨ ក្រុម​បុរស​ចែក​ចេញ​ជា ២ ពូល»។

ដោយឡែក​កីឡាបាល់បោះ​វិញ ក្រុម​បាល់បោះ​បុរស​មាន ១៣ ក្រុម ចែក​ចេញ​ជា ៤ ពូ​ល ខណៈដែល​ក្រុម​បាល់​បោះ​នារី​មាន ៨ ក្រុម ចែក​ចេញ​ជា ២ ពូល​ដែរ។

ចំពោះ​ប្រភេទ​កីឡា​សីដក់ មាន​ក្រុម​សីដក់​បុរស​មាន ១០ ក្រុម និង​ក្រុម​បាល់​សីដក់​នារី ៥ ក្រុម ក្នុង​នោះ​ក្រុម​សីដក់​បុរស ចែក​ចេញ​ជា ២ វិញ្ញាសា​ទៀត ដោយ​មាន ៣ នាក់​ទល់ ៣ នាក់ និង ២ នាក់​ទល់ ២ នាក់ ខណៈ​ដែល​ក្រុម​បាល់​សីដក់​នារី ក៏​ចែក​ចេញ​ដូច​ក្រុម​បុរស​ដែរ។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី ២ ឬ National Games ឆ្នាំ ២០១៨ នឹង​ត្រូវ​ចាប់​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ ២០១៨ ហើយ​នឹង​បិទ​នៅ​ថ្ងៃ ៤ ខែ​មិថុនា ឆ្នាំ ២០១៨ ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​មាន​ស្ថាប័ន​ចំនួន ២៨ ចូលរួម​មក​ពី​ខេត្ត​ចំនួន ២៥ និង​ក្រសួង​ចំនួន ៣ មាន​អត្តពលិក​ចំនួន​ជាង ៤០០០ នាក់៕