ភ្នំពេញ៖ ​មន្ត្រី​ជំនាញ​បច្ចេកទេស ​ដែល​ជា​នាយ​បេសកកម្ម​ និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​ខុស​ត្រូវ​រួម ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ប្រកួត​​ស៊ី​ហ្គេម​ លើក​ទី ​៣០ នៅ​ប្រទេស ​ហ្វីលីពីន នា​ចុង​ឆ្នាំ ​២០១៩ ​នេះ​ កម្ពុជា​បាន​​ត្រៀម​រួច​រាល់​នូវ​កីឡា​ចំនួន ​៣០ ​ប្រភេទ​ សម្រាប់​​​ចូល​រួម​ប្រកួត​​វិញ្ញាសា​ចំនួន ​១៧៩​ ហើយ​នៅ​ក្នុង​នោះ កីឡា​ចំនួន ​៩ ​ប្រទេស គឺ​​មាន​សក្តានុពល​ខ្ពស់ ក្នុង​ការ​ដណ្តើម​បាន​មេដាយ ជូន​ប្រទេស​ជាតិ។

លោក ​វ៉ាត់ ​ចំរើន ​ជា​នាយ​បេសកកម្ម ​ក្នុង​ការ​ដឹកនាំ​ការ​ប្រកួត​ស៊ីហ្គេម ​ដែល​មាន​បទពិសោធ​រយៈពេល ​១០ ​ឆ្នាំ​នោះ ​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ ថា​៖ «នៅ​ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង ​៣០ ​ប្រទេស ដែល​យើង​នឹង​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស ​ហ្វីលីពីន ចុង​ឆ្នាំ ​២០១៩ ខាង​មុខ​នេះ គឺ​​កីឡា​ចំនួន ​៩ ប្រភេទ ​មាន​សក្តានុពល​ខ្ពស់ និង​លទ្ធភាព​ ក្នុង​ការ​ដណ្តើម​បាន​មេដាយ​ជូន​ប្រទេស​ជាតិ»។

ចំពោះ​​ប្រភេទ​កីឡា​ទាំង ​៩ ដែល​​លោក វ៉ាត់ ចំរើន ​វាយ​តម្លៃ​ថា អាច​មាន​លទ្ធភាព​ដណ្តើម​បាន​មេដាយ​​ពី​ការ​ប្រកួត​ស៊ីហ្គេម លើក​នេះ គឺ​ទី១ ​កីឡា​តេក្វាន់ដូ ​ដែល​នឹង​​បញ្ជូន​កីឡាករ​ ​៧ ​នាក់ ​កីឡាការិនី​​ ៧ នាក់ ទៅ​ប្រកួត ​​ទី​២ ​កីឡា​ប៉េតង់ មាន​​កីឡាករ ​៦ ​នាក់ ​កីឡាការិនី ​៦ ​នាក់​ ទី​៣ ​កីឡា​ជឺជិត​ស៊ូ ​មាន​​កីឡាករ​ ​២ ​នាក់​ កីឡាការិនី​​ ២ ​នាក់ និង​​ទី​៤ ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ដែល​នឹង​បញ្ជូន​កីឡាករ​ ​៤ នាក់ ​កីឡាការិនី ​១ នាក់ ទៅ​ប្រកួត​។​

ចំណែក​ទី ៥​ កីឡា​សីដក់ នឹង​​បញ្ជូន​កីឡាករ ​៩ ​នាក់​ ទៅ​ប្រកួត ទី​៦ ​កីឡា​ប្រដាល់​សកល​ មាន​​កីឡាករ ​៥ ​នាក់​ កីឡាការិនី ​៣ ​នាក់​ ​ទី​៧​ កីឡា​វាយ​កូន​បាល់ មាន​​កីឡាករ ​៤ ​នាក់​ កីឡាការិនី ​៣ ​នាក់​ ទី​៨ ​កីឡា​គុន​ល្បុក្កតោ​ ដែល​ត្រូវ​ប្រកួត​កីឡា Arnis នោះ មាន​​កីឡាករ ​៥ ​នាក់ ​កីឡាការិនី​ ​៥ ​នាក់​ និង​​កីឡា​ចំបាប់​ ដែល​នឹង​បញ្ជូន​កីឡាករ​ ​៩ ​នាក់ និង​​កីឡាការិនី​​ចំនួន ​៣ ​នាក់ ទៅ​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ បន្ទាប់​​ប្រភេទ​កីឡា​មួយ​​នេះ ត្រូវ​បាន​ដក​ចេញ​ពី​ស៊ីហ្គេម កាល​ពី​​ឆ្នាំ ​២០១៥ និង​ឆ្នាំ ​២០១៧ កន្លង​មក​។​

លោក ​វ៉ាត់ ​ចំរើន​ បាន​បន្ថែម​ថា​៖ «​ចំណែក​កីឡា ​ដែល​មាន​ប្រជាប្រិយ​​មាន​បាល់​ទះ​លើ​ក្តារ​ បាល់​ទះ​ឆ្នេរ​ខ្សាច់​ បាល់​ទាត់​ U22​ និង​បាល់​បោះ​។ ​ចំណែក​ប្រភេទ​កីឡា​ ដែល​ចាំ​បាច់ ​មិន​អាច​​ខ្វះ​បាន​ មាន​ហែល​ទឹក ​និង​កីឡា​អត្តពលកម្ម​ ប៉ុន្តែ​​ប្រភេទ​​កីឡា​ទាំង ​២ ​នេះ ​លំបាក​ប្រជែង​យក​មេដាយ​ណាស់ ហើយ​កីឡា​ចំនួន ​៤ ​​ទៀត ដែល​មិន​ស្ថិត​​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ ​​រួមមាន​កីឡាហុក​គី​ កីឡា​អេឡិចត្រូនិក (E-Sports)​, ​ឃីក​ បុកស៊ីង ​និង​បេស្បល ក៏​នឹង​ត្រូវ​បង្ហាញ​វត្តមាន នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣០ ​នេះ​ផង​ដែរ»។

សម្រាប់​បញ្ជី​ឈ្មោះ​ប្រភេទ​កីឡា​ទាំង​​ ៣០ ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រកួត​ស៊ីហ្គេម លើក​ទី​ ៣០ ឆ្នាំ​ ២០១៩ ដោយ​មាន​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នោះ គឺ​រួម​មាន​កីឡា​បាល់ទះ​ឆ្នេរ​ខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែល​ទឹក, កាយ​សម្ព័ន្ធ, វាយ​កូន​ឃ្លី​លើ​តុ, វាយ​សី, ទោចក្រយាន, គុនដាវ, វាយ​កូន​ហ្គោល, ទូក​ក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតិន្នីស, ទូក​ប្រពៃណីកានូ, ឃីក​បុកស៊ីង (Kick Boxing), កីឡា E-Sports, កីឡា​ហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ.កីឡា​ប្រដាល់​គុនខ្មែរ, កីឡា​សីដក់, ប្រដាល់​សកល, វាយ​កូន​បាល់, កីឡា​គុន​ល្បុក្កតោ និង​កីឡា​ចំបាប់ ហើយ​យើងតាម​រយៈ​ឯកសារ ​ផ្លូវការ​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ គឺ​​នៅ​ក្នុង​ប្រតិភូ​កីឡា​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ ​ចំនួន​ ៣៩៩ ​នាក់​នោះ​ មាន​អត្តពលិក​ ២៧៦​ នាក់​ (ស្រី​ ៦៩​ នាក់)​ ថ្នាក់​ដឹកនាំ ​និង​មន្ត្រី​​កីឡា​ចំនួន ​៤១​ នាក់​,អ្នក​ដឹកនាំ​ក្រុម​ ៩ ​នាក់​ (​ប្រធាន​ ឬ​អគ្គលេខាធិការ​)​ គ្រូ​បង្វឹក​ និង ​គ្រូ​ជំនួយ​ចំនួន​ ៦៧ ​នាក់​ ព្រម​ទាំង​អ្នក​ដែល​ជាប់​ឈ្មោះ​ទៅ​ធ្វើ​ជា​អាជ្ញាកណ្តាល​អន្តរជាតិ​ចំនួន​ ៦ ​នាក់​៕