ភ្នំពេញៈ ស្រប​តាម​គោល​នយោបាយ​កីឡា​បើក​ទូ​លាយ ​របស់​​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) ​និង​​ក្រ​សួង​អប់​រំ ​យុវជន ​និង​កីឡា​ ​ក្នុង​ការ​ស្វែក​រក​អត្ត​ពលិក​ឆ្នើម​ ដែល​ជា​កូន​ខ្មែរ​នៅ​ក្រៅ​ប្រ​ទេស ​​មាន​សមត្ថភាព ​និង​កម្រិត​បច្ចេកទេស​ល្អឲ្យ​ចូល​រួម​ចំណែក​ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ស៊ីហ្គេម ​ឬ​អន្តរជាតិ​នានា ​ទទួល​បាន​លទ្ធផល​ល្អ​នោះ ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក ​វ៉ាត់ ​ចំរើន ​បាន​​ជួប​កីឡាការិនី​រត់​ប្រណាំង​ Roth Sokunthea Sam ​ដែល​ជា​កូន​ខ្មែរ​នៅ​អាមេរិក ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មក​ចូល​រួម​លេង​តំណាង​ឲ្យ​កម្ពុជា ​នៅ​លើ​ឆាក​អន្តរជាតិ នា​ពេល​អនាគត​​។​

ដោយ​មាន​អាយុ​​ ២០ ​ឆ្នាំ កីឡាការិនី Roth Sokunthea ​មាន​ឱពុក​ម្តាយ​ ​មាន​ដើម​កំណើត​នៅ​​ខ្មែរ​ ហើយ​បច្ចុប្បន្ន នាង​​កំពុង​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​ឆ្នាំ​ទី​ ៣​ នៅ​​សាកល​វិទ្យាល័យ​Califonia ​State University, Northridge​។ ជាមួយ​គ្នា​ Roth Sokunthea ​​បាន​នឹង​កំពុង​តែ​ហ្វឹក​ហាត់​ និង​លេង​កីឡា​វិញ្ញាសា​រត់​ល្បឿន​​ ១០០ ​ម៉ែត្រ ដោយ​​ទទួល​បាន​លទ្ធផល​ល្អ​គួរ​កត់​សម្គាល់​ទៀត​ផង​។​

នៅ​ក្នុង​ជំនួប​សម្ភាស​ជា​មួយ​លោក​ វ៉ាត់​ ចំរើន ​អគ្គ​លេខាធិការ​ NOCC កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ Roth Sokunthea ​បាន​​ប្រាប់​ថា​ នាង​ចូល​លេង​កីឡា​រត់​ប្រណាំង​​នេះ ​តាំង​ពី​កុមារភាព​ និង​បាន​ចូល​ប្រ​កួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​សកល​វិទ្យាល័យ​ នៅ​សហរដ្ឋ​អាមេរិក​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​។

កញ្ញា​ Roth Sokunthea ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ពុធ​នោះ​​បាន​បន្ថែម​ថា​៖«​កម្រិត​បច្ចេក​ទេស​របស់​ខ្ញុំ ​ដែល​ល្អជាង​គេ ​ក្នុង​ការ​រត់​ល្បឿន​ ​១០០ ​ម៉ែត្រ​ ចុង​ក្រោយ គឺ​ប្រើ​ថិរ​វេលា​ ​១២.០៥​ វិនាទី​ប៉ុណ្ណោះ​ និង​ទទួល​បាន​ជ័យ​លាភី​ ពី​សាកល​វិទ្យាល័យ Califonia ​State​University, Northridge»។​

លោក ​វ៉ាត់​ ចំរើន​ បាន​ថ្លែង​ថា​៖«​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ខ្លាំង ​ចំពោះ​វត្តមាន​របស់​អត្តពលិក​ពូ​កែ​ ល្អៗ​មួយ​ចំនួន​នៅ​ក្រៅ​ប្រ​ទេស​ ​មាន​ដើម​កំណើត​ខ្មែរ ​ដែល​​​ស្ម័គ្រ​ចិត្ត​ចូល​ហ្វឹក​ហាត់​ និង​ប្រ​កួតតំណាង​ឲ្យ​ខ្មែរ​ ​ព្រោះ​នេះ​ជា​គោល​នយោបាយ​កីឡា​ បើក​ទូ​លាយ​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក្នុង​គោល​បំណង​ ​ធ្វើ​ឲ្យ​វិស័យ​កីឡា​យើង​ ទទួល​បាន​ការ​​រីក​ចម្រើនទាន់​ប្រទេស​ជឿន​លឿន​»​។​

លោក លឹម សុខន ដែល​ជា​ឪពុក​របស់​កីឡាការិនី Roth Sokunthea Sam ពេល​លោក​នាំ​កូនស្រី មក​ជួប​លោក វ៉ាត់ ចំរើន។ រូប​ថត យឺន ពន្លក

លោក​បានបន្ថែម​ថា៖​«សម្រាប់​អត្តពលិក ​ដែល​នៅ​ក្រៅ​ប្រ​ទេស​ មិន​ចាំ​បាច់​មក​ប្រ​មូល​ផ្តុំ​នៅ​ក្រុម​ជម្រើស​ជាតិ​​ក្នុង​ប្រទេស​នោះ​ទេ​ គឺ​អាច​ហ្វឹក​ហាត់​នៅ​ប្រទេស​ ដែល​ខ្លួន​រស់​នៅ​ជា​មួយ​គ្រូ​បង្វឹក​របស់​ខ្លួន ​ដោយ​គ្រាន់​តែផ្ញើ​នូវ​សមត្ថភាព ​ឬ​កម្រិត​បច្ចេកទេស​មក ​គឺ​យើង​ទទួល​បាន​សម្រាប់​ជ្រើសរើស​​ទៅ​ចូល​រួម​ប្រ​កួត​ថ្នាក់​អន្តរជាតិ​នានា​បាន​»។

ជាមួយ​គ្នា​នេះ លោក​ វ៉ាត់​ ចំរើន​ ​បាន​គាំ​ទ្រ​ និង​លើក​ទឹក​ចិត្ត​ចំពោះ​វត្តមាន​របស់​​កីឡាករិនី​​​​ Roth Sokunthea Sam ​ដែល​មាន​សមត្ថភាព​ល្អ​ អាច​នឹង​បណ្តុះ​បណ្តាល​ឲ្យ​ល្អ​និង​ឆ្នើម​បាន​ ដើម្បី​បាន​ផ្តល់​ជូន​នូវ​សម្លៀក​បំពាក់​កីឡា ​សម្រាប់​កីឡាករិនី Roth Sokunthea ផង​ដែរ​។​

លោក​ ផៃ​ សុខ​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​​កីឡា​អត្តពលកម្ម បាន​​ប្រាប់​ថា​៖«​ក្មេង​ស្រី​( Roth Sokunthea) អាយុ​ប៉ុណ្ណឹង​ ​ហើយ​ធ្វើ​បាន​ក្នុង​ថិរវេលា ១២​.០៥ វិនាទី ​ក្នុង​ចម្ងាយ​១០០​ ម៉ែត្រ​ គឺ​ល្អ​ណាស់​ អាច​នឹង​បង្វឹក​ទៅ ​គឺ​ធានា​យក​មេដាយ ​ក្នុង​ចំណាត់​ថ្នាក់​អាស៊ាន​ចំនួន​​១១​ប្រទេស​បាន​»។

លោក​បន្ថែម​ថា​ នៅ​ក្នុង​កម្រិត​អាស៊ាន​ចុង​ក្រោយ ​នៅ​ម៉ាឡេស៊ី​កន្លង​មក គឺ​​ចំណាត់​ថ្នាក់​មេដាយ​មាស​ លើ​ការ​រត់​ល្បឿន​ ១០០ ​ម៉ែត្រ​ មាន​ថិរវេលា​ ១១.៣៥​ វិនាទី ហើយ​មេដាយ​ប្រាក់​ ប្រើ​​ពេល ​១១​.​៤០ វិនាទី​។

​លោក​ ផៃ សុខ បាន​ប​ញ្ជាក់​​ថា​៖ «​ធន​ធាន​កីឡាការិនី​ Roth Sokunthea Sam ​នេះ​ អាច​ចាត់​ទុក​ថា​ ល្អ​ និង​ធានា​បាន​មេដាយ ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ នៅ​ខែ​តុ​លា​ ឆ្នាំ​២០១៩​​នៅ​ប្រ​ទេស​ហ្វី​លីពីន ​បើ​សិន​​ខំ​ហ្វឹក​ហាត់​ពី​ឥឡូវនេះ​​ទៅ»​។​

ចំណែក​លោក​ ម៉ក់​ សំអុល​ ទី​ប្រឹក្សា​ជាន់​ខ្ពស់​​របស់ NOCC ​ដែល​បាន​ទំនាក់​ទំនង​កីឡាករិនី Roth Sokunthea Sam មក​ពី​ប្រទេស​អាមេរិក ​​បាន​ថ្លែង​ថា​៖​«Roth Sokunthea ​មាន​ឪពុក​ម្តាយ ​មាន​ដើម​កំណើត​ខ្មែរ ​និង​ជា​មិត្ត​ភ័ត្ត្រ​របស់​​ខ្ញុំ ​ប៉ុន្តែ​​កីឡាការិនី​រូប​នេះ​ មាន​កំណើត​ និង​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​។​ Roth Sokunthea ​ជា​ធន​ធាន​មាន​​សមត្ថភាព​​ល្អ ​ទើប​​ខ្ញុំ​ទាក់​ទង​ឲ្យ​នាង ​បាន​មក​ស្រុក​ខ្មែរ​ ​ជួន​គ្រូ​ជំនាញ​កីឡា ធ្វើ​ការ​​ពិនិត្យ»​។​

លោក​ លឹម ​សុខន​ ជា​អ្នក​និពន្ធ​ដឹកនាំ​សម្តែង​ភាព​យន្ត​ ត្រូវ​ជា​ឪពុក​បង្កើត​​របស់​កីឡាកា​រិនី Roth Sokunthea ​បាន​ប្រាប់​ថា​៖​«និស្ស័យ​របស់​កូន​ខ្ញុំ​ គឺ​ស្រឡាញ់​កីឡារត់​ប្រណាំង​នេះ​ខ្លាំង​ណាស់​ គឺ​តាំង​ពី​ក្មេង​មក​ម្ល៉េះ»។​

លោក​បាន​បន្ថែម​ថា៖​«ពី​ដំបូង​ខ្ញុំ​មិន​សូវ​បាន​ចាប់​អារម្មណ៍​ទេ​ ប៉ុន្តែ​ក្រោយ​មក​គាត់​រត់​បាន​ចំណាត់​ថ្នាក់​ល្អ​ ត្រូវ​បាន​សកល​វិទ្យាល័យ​ Califonia ​State​ University, Northridge បាន​ហៅ​ខ្ញុំ​ ជា​អា​ណា​ព្យាបាល​ទៅ​ចូល​រួម​ ព្រម​ទាំង​មាន​ការ​កោត​សរ​សើរ ​ចំពោះ​សមត្ថភាព​ ដែល​គាត់​ធ្វើ​បាន​ល្អ​​។ ​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ណាស់​ និង​ចង់​ឲ្យ​កូន​ស្រី​របស់​ខ្ញុំ​ ចូល​លេង​កីឡា​រត់​នេះ​តំណាង​ឲ្យ​ប្រ​ទេស​កម្ពុជា​»៕