ភ្នំពេញ: សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​អញ្ជើញ​ក្រុម​ចំបាប់​មកពី​សាកលវិទ្យាល័យ​អាណាំ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឲ្យ​មក​ជួយ​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ដល់​ក្រុម​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា​ដោយ​រំពឹង​ថា នឹង​ជួយ​ឲ្យ​ក្រុម​ចំបាប់​កម្ពុជា​ដណ្តើម​បាន​មេដាយ​សម្រាប់​ការវិល​មក​កាន់​ការប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំ​ ២០១៩ ​នេះ​។

លោក Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ថ្លែង​ប្រាប់ នៅ​ក្រោយ​ពិធី​សំណេះសំណាល និង​បាយ​ជុំគ្នា​ជាមួយ​ក្រុម​ចំបាប់​កូរ៉េ​កាលពី​ថ្ងៃ​ពុធ​ថា យើង​បាន​អញ្ជើញ​ក្រុម​ចំបាប់​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៃ​សាកលវិទ្យាល័យ​ហាណាំ​ហើយ​ក្រុម​នេះ​នឹង​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា​រយៈពេល​ ១ ​សប្តាហ៍​។

ជនជាតិ​អាមេរិក​លោក Casey បាន​បន្ថែម​ថា​៖ «​គោលបំណង​នៃ​ការអញ្ជើញ​ក្រុម​ចំបាប់​កូរ៉េ​ឲ្យ​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ចំបាប់​កម្ពុជា​នេះ​គឺ​យើង​ចង់​ឲ្យ​អត្តពលិក​ចំបាប់​របស់​យើង​ទទួល​បាន​បទពិសោធ និង​បច្ចេកទេស​បន្ថែម​ពី​ក្រុម​ចំបាប់​កូរ៉េ​សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០១៩ នៅ​ហ្វីលីពីន ហើយ​មួយ​ទៀត​យើង​ចង់​ផ្តល់​បទពិសោធ និង​បច្ចេកទេស​ដល់​ក្រុម​ចំបាប់​ថ្នាល់​របស់​យើង​ដែល​យើង​កំពុង​បណ្តុះបណ្តាល​ដល់​ពួកគេ ដើម្បី​អាច​ទទួល​បាន​ជ័យជម្នះ​នៅក្នុង​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣»​។

នាយក​វិទ្យាស្ថាន​ខេមអេដ​លោក Casey បាន​បញ្ជាក់​ថា​៖ «​នៅក្នុង​ការហ្វឹកហាត់​រួម​គ្នា​នេះ​អត្តពលិក​របស់​យើង​នឹង​ធ្វើការ​ប្រកួត​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​ចំបាប់​កូរ៉េ អ៊ីចឹង​វា​នឹង​ជួយ​ឲ្យ​ពួកគាត់​អាច​វាស់​ស្ទង់​សមត្ថភាព​ខ្លួនឯង​ថា យើង​ស្ថិត​នៅ​ចំណុច​ណា​ឲ្យ​ប្រាកដ ហើយ​នេះ​ជា​ចំណុច​ដ៏សំខាន់ ព្រោះ​មុន​យើង​ចូលរួម​ប្រកួត​នៅ​ស៊ីហ្គេម​ឆ្នាំ​ ២០១៩ យើង​គួរ​ដឹង​ពី​សមត្ថភាព​ខ្លួនឯង​ជា​មុន​សិន​ដើម្បី​យើង​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការបង្កើន​សមត្ថភាព និង​បច្ចេកទេស​ឲ្យ​បាន​រឹងមាំ​»​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​ក្នុង​រយៈពេល​ប្រហែល​ ១០ ​ខែ​មុន​ការប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ឈាន​ចូល​មកដល់​គឺ​យើង​នឹង​ជំរុញ​ឲ្យ​អត្តពលិក​របស់​យើង​បង្កើន​ការហ្វឹកហាត់​ឲ្យ​ដល់​កម្រិត​មួយ ហើយ​ខ្ញុំ​មាន​ការជឿជាក់​ថា​ក្រុម​ចំបាប់​របស់​យើង​នឹង​ដណ្តើម​បាន​មេដាយ​ដើម្បី​ជា​កិត្តិយស និង​មុខមាត់​ប្រទេសជាតិ​»​។

ចំណែក​លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ប្រតិភូ​ចំបាប់​មកពី​កូរ៉េ​នេះ​មាន​កីឡាករ​ ៩ ​នាក់ និង​គ្រូបង្វឹក​ ១ ​នាក់​ហើយ​ពួកគេ​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ចំបាប់​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​គឺ​ ១ ​ថ្ងៃ​ហាត់​តែ​​ ១ ​ពេល​ទេ​ដោយ​មាន​រយៈពេល​ ២ ​ម៉ោង​។

លោក ធិន វិចិត្រ បាន​បញ្ជាក់​ថា​៖ «​ក្រុម​ចំបាប់​កូរ៉េ​ដែល​មក​នេះ​មាន​កម្រិត​សមត្ថភាព​ខ្ពស់​ជាង​ក្រុម​ជម្រើសជាតិ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន អ៊ីចឹង​ការហ្វឹកហាត់​ជាមួយ​អ្នកមាន​កម្រិត​ខ្ពស់​បែប​នេះ​នឹង​ជួយ​ឲ្យ​ក្រុម​ចំបាប់​របស់​យើង​ទទួល​បាន​បទពិសោធ និង​បច្ចេកទេស​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ជួយ​ឲ្យ​យើង​មាន​បច្ចេកទេស​កាន់តែ​ល្អប្រសើរ​សម្រាប់​ត្រៀម​ការប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០១៩ នៅ​ហ្វីលីពីន​ដែល​យើង​រំពឹង​ថា​យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​»៕