The Phnom Penh Post Search

Search form

កែវ​ដា បារម្ភ​ពេល​ប៉ះ Aramboy ខណៈ​សំណាង ចង់​ឈ្នះ​ថៃ

Content image - Phnom Penh Post
កីឡាករ​ឌុម កែវដា (ឆ្វេង) នឹង​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ Aramboy។ សហការី

កែវ​ដា បារម្ភ​ពេល​ប៉ះ Aramboy ខណៈ​សំណាង ចង់​ឈ្នះ​ថៃ

ភ្នំពេញ: កីឡាករ​ប្រដាល់​ឌុ​ម កែវដា មកពី​ក្លិប​ប្រដាល់​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Aramboy ក្នុង​នាម​ជា​អ្នក​ឈ្នះ​បាន ៣ ពិន្ទុ​ជា​ស្រេច ដោយសារ​តែ​ដៃគូ​ប្រកួត​ក្នុង​គម្រោង​ខ្សែក្រវាត់​ទម្ងន់ ៦៣,៥ គីឡូក្រាម​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ គឺ​កីឡាករ​ថៃ Loom Leng ត្រូវ​អវត្តមាន។

ទោះបី​យ៉ាង​នេះ​ក្តី ឌុម កែវដា នៅ​តែ​បារម្ភ​ខ្លាំង​ក្នុង​ការ​ប្រកួត​បង្គ្រប់​កិច្ច​នេះ ខណៈ​ដែល​ជើង​ចាស់ Aramboy ជា​កីឡាករ​លំដាប់​ខ្លាំង​របស់​ថៃ ១ រូប។

ជាមួយគ្នានេះដែរ គូ​ខ្សែក្រវាត់​មួយគូ​ទៀត កីឡាករ​ឡុង សំណាង មកពី​ក្លិប​ឡុង​សាល​វ័​ន្ត​កីឡា នឹង​ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង ១ រូប​ទៀត​គឺ Phayak Lek ដើម្បី​ប្រជែង​យក ៣ ពិន្ទុ​ឈរ​លើ​កំពូល​តារាង ខណៈ​ដែល​កីឡាករ​កម្ពុជា​រូប​នេះ ហ៊ាន​អះអាង​ថា រូប​គេ​នឹង​យក​ឈ្នះ​កីឡាករ​ថៃ​បាន ១០០ ភាគរយ។

កីឡាករ​ប្រដាល់​ថៃ​ទាំង ២ រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់ ទាំង​កម្មវិធី​ដណ្តើម​ខ្សែក្រវាត់ និង​ប្រកួត​មិត្តភាព​អន្តរជាតិ ហើយ​សមត្ថភាព​របស់​ពួគគេ​ទាំង ២ ល្អ​កម្រិត​ខ្ពស់ ដោយ​កីឡាករ​កម្ពុជា​ដែល​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​នោះ ត្រូវ​តែ​សម្រិត​សម្រាំង និង​ខ្លាំង​ជួរ​មុខ​ទើប​ទប់​ទល់​បាន។

Aramboy ជា​កីឡាករ​លំដាប់​ខ្លាំង​របស់​ថៃ​ជំនាញ​កែង និង​ជង្គង់​ល្អ ព្រមទាំង​មាន​ភាព​អំណត់​ល្អ​ផង។ Aramboy មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ៨៥ លើក ឈ្នះ ៦២ លើក ចាញ់ ២១ លើក ស្មើ ២ លើក និង​ធ្លាប់​ឈ្នះ​កីឡាករ​ខ្មែរ​ជាច្រើន ប៉ុន្តែ​កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​ជាមួយ​គ្នា​ចាញ់​ពិន្ទុ​កែវដា ទាំង ២ លើក​ក្នុង​លក្ខណៈ​តឹង​តែង។

លោក​ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ បាន​និយាយថា៖ «បញ្ហា​ចាញ់ ឬ​ឈ្នះ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ ប៉ុន្តែ​ធានា​ថា Aramboy វាយ​អស់​ពី​សមត្ថភាព ហើយ​ការ​ចាញ់​ឌុម កែវ​ដា ចំនួន ២ លើក​កន្លង​មក​គឺជា​ការ​ប្រកួត​តស៊ូ​ជាមួយ​គ្នា​យ៉ាង​តឹង​តែង​ណាស់។ តាម​សមត្ថភាព​របស់ Aramboy រូប​គេ​មាន​ប្រៀប​លើ​កីឡាករ​ឌុម កែវដា ផ្នែក​កែង និង​ជង្គង់ ព្រម​ទាំង​កម្លាំង​ផង​ដែរ ប៉ុន្តែ​បញ្ហា​ចាញ់​ឈ្នះ​យ៉ាង​ណា​​នោះ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ»។

ចំណែក ឌុ​ម កែវ​ដា បាន​និយាយថា៖ «ការប្រកួត​នេះ ខ្ញុំ​មានការ​ព្រួយបារម្ភ​ពីព្រោះ​ទោះជា​ខ្ញុំ​ធ្លាប់​ឈ្នះ​ចំនួន ២ លើក ប៉ុន្តែ Aramboy មិន​ធម្មតា​ទេ ដោយ​គេ​ចូល​វាយ​សម្រុក​មិន​ចេះ​ដក​ថយ​ឡើយ ពិសេស​ក្បាច់​កែង និង​ឱប​ឡើង​ជង្គង់ គឺ​វាយ​បាន​គ្រប់​ស្ថានភាព»។

កីឡាករ​ឌុ​ម កែវ​ដា ធ្លាប់​ប្រកួត​បាន​ចំនួន ៩០ លើក ឈ្នះ ៦៩ លើក ចាញ់ ១៨ លើក ស្មើ ៣ លើក និង​ជា​កីឡាករ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​ចំនួន ២ ស្ថាប័ន និង​ជើង​ឯក​រង​ផង​ដែរ។

លោក​ឈិន ក្វាន់​ចៃ គ្រូបង្វឹក បាន​និយាយថា៖ «ការហ្វឹកហាត់​របស់​ឌុ​ម កែវ​ដា បានល្អ​ធានា​ប្រកួត​អស់​ពី​សមត្ថភាព ប៉ុន្តែ​ដៃគូ​ប្រកួត​របស់​គេ Aramboy នេះ​មិន​មែន​ងាយ​ស្រួល​បង្ក្រាប​នោះ​ទេ»។

កីឡាករ​ឡុង សំណាង របស់​កម្ពុជា និង Phayak Lek ជា​គូ​ដណ្តើម​ខ្សែក្រវាត់ ដែល​សុទ្ធតែ​ត្រូវការ​ឈ្នះ​ទទួល​បាន ៣ ពិន្ទុ​បន្ថែម​ដូចគ្នា ប៉ុន្តែ​តាមរយៈ​សមត្ថភាព​ក្បាច់​គុន និង​ទឹក​ចិត្ត​ប្រកួត​វិញ មនុស្ស​ភាគ​ច្រើន​មាន​ទំនុក​ចិត្ត​ទៅ​លើ​ឡុង សំណាង ក្នុង​ការ​មាន​ប្រៀប​ជាង​កីឡាករ​ថៃ។

កីឡាករ​ឡុង សំណាង ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​ឈរ​នៅលើ​កំពូល​តារាង ក្នុង​ពូ​ល​កីឡាករ​កម្ពុជា ដោយ​ក្នុង​ចំណោម​កីឡាករ​ចំនួន ៤ នាក់ នៅ​សល់​តែ ឌុម កែវដា នេះ​ឯង​ដែល​តាម​ពី​ក្រោយ​យ៉ាង​ប្រកៀក៕

អត្ថបទគួរចាប់អារម្មណ៍